តើការសាងផ្នួសក្នុងសាសនាអ៊ីស្លាម មានន័យដូចម្តេចខ្លះ ហើយគេបដិបត្តិរបៀបណា?
សាសនិកអ៊ីស្លាម ឬហៅថា មូស្លីម បួសពេញមួយខែ ៣០ ថ្ងៃ ព្រោះប្រតិបត្តិតាមបទបញ្ជារបស់ព្រះអាទិទេព ជាម្ចាស់ជីវិតសត្វលោកគ្រប់ភពគ្រប់ឋាន ហៅថា អល់ឡោះ ដែលប្រែថា អាទិទេពកំពូលលើទេវទាំងឡាយ។
អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ចាត់ទុកធម៌អាថ៌ ចែងក្នុងព្រះគម្ពីរ អាល់កួរ៍អាន (Al-Qur'an) ជាជំពូក ជាវគ្គ ជាខណ្ឌ និងជាកថាភាគ គឺជាបទបញ្ជាផ្ទាល់ពីព្រះអាទិទេព ដែលបញ្ជូនចុះមកបង្ហាញដល់បរមគ្រូ មូហាំម៉ាត់ ក្នុងខែរ៉ម៉ាឌននេះ។
ពុទ្ធសាសនបណ្ឌិត ចាត់ទុក សិក្ខាបទ ជាបទបញ្ញត្តិ ឬក្រឹត្យក្រមវិន័យ ចេញពីពុទ្ធោវាទ នៃព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ។
តំណមចំណីអាហារ ឬចូលសាងផ្នួសក្នុងខែរ៉ម៉ាឌន គឺជាគោលគ្រឹះទី៤ នៃជំនឿអ៊ីស្លាម ក្នុងគោលគ្រឹះទាំង ៥ ដែលមូស្លីមមានកាតព្វកិច្ច ភ្ជាប់លក្ខខណ្ឌនេះនឹងខ្លួនជាដាច់ខាត ដើម្បីប្រកាន់ជាប់នឹងខ្លួនឲ្យបានខ្ជាប់ខ្ជួន ឥតធ្វេសប្រហែសព្រងើយកន្តើយបានឡើយ។
សាសនិកអ៊ីស្លាមសឹងតែទូទៅទន្ទិញចាំមាត់នូវកថាបទ ១៨៤ ជំពូកទី២ ឈ្មោះថា អាល់ បាការ៉ោះ (Al-Baqarah) ដែលមានន័យខ្លឹមសារថា ៖ (សំឡេងធម៌) «ឱ! ពពួកអ្នកជឿព្រះតំណមត្រូវកំណត់ឲ្យអ្នកទាំងអស់គ្នាក្នុងពេលនេះ ដូចដែលបានកំណត់ដល់ជនទាំងឡាយក្នុងសម័យកាលមុនៗ ដែរ ដើម្បីឲ្យអ្នកទាំងអស់គ្នា ក្លាយជាមនុស្សល្អបរិសុទ្ធត្រឹមត្រូវ»។
ក្រៅពីប្រតិបត្តិតាមបញ្ជារបស់ព្រះអាទិទេពជាម្ចាស់ ឬព្រះអល់ឡោះ មិនទទួលទានចំណីអាហារ ទឹក មិនប៉ះពាល់ផ្លូវភេទជាមួយភរិយា ឬស្វាមីរបស់ខ្លួន ចាប់ពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិចនោះ អ៊ីស្លាមិកជន តាំងខ្លួនក្នុងបួសជាមនុស្សមានអំណត់អត់ធន់ខន្តីអនុគ្រោះ អធ្យាស្រ័យមិនប្រកាន់គ្នា មិនឆេវឆាវក្រេវក្រោធ មិននិយាយលែបខាយពាក្យសម្ដី មិនប្រើខ្សែភ្នែកមើលស្រីៗ ឬប្រុសៗ មិននិយាយដើមគេជាដើម។ល។
ក្នុងពេលយប់ គេអាចទទួលទានបានពេញមួយយប់ ប៉ុន្តែ អ្នកកាន់ជំនឿនេះភាគច្រើនស្វែងព្យាយាមថ្វាយបង្គំទៅព្រះជាម្ចាស់នៅតាមព្រះវិហារ ហើយនិងដើរសួរសុខទុក្ខបងប្អូនសាច់ញាតិតាមភូមិស្រុកទៅវិញទៅមក ដែលតាមប្រពៃណី អ្នកកាន់សាសនាអ៊ីស្លាម ធ្វើម្ហូបនំចំណី ចែកចាយគ្នាទៅវិញទៅមក។
គេប្រឹងថ្វាយបង្គំឲ្យបានច្រើន នៅពេលយប់ហៅថា តារ៉ាវេះ (taraveeh) ដើម្បីបួងសួងសុំទៅព្រះអាទិទេពជាម្ចាស់ ឲ្យប្រោសប្រទានទោសកំហុសទាំងឡាយ ដែលមនុស្សលោកបានប្រព្រឹត្តពេលកន្លងមក ពេលបច្ចុប្បន្ន និងពេលអនាគត ដោយចេតនាដឹងខ្លួនក្ដី ដោយអចេតនាមិនដឹងខ្លួនក្ដី ព្រោះថា តាមជំនឿព្រះអាទិទេព បានចំហឋានសួគ៌ទាំង ៧ ជាន់ ទទួលយកសេចក្ដីប្រណមបួងសួងសុំពីមនុស្សសត្វលោកទាំងអស់ទៅព្រះអង្គ ហើយភ្លើងឋាននរកទាំងប៉ុន្មានជាន់ ក៏រលត់ដែរ ក្នុងខែបួសនេះ។
ក្នុងខែបួស មូស្លីម រំពឹងរង់ចាំថ្វាយបង្គំក្នុងយប់មួយ ដែលជាយប់ដ៏វិសេសវិសាលបំផុត ស្មើនឹងថ្វាយបង្គំជាង ៨០ ឆ្នាំ ហៅថា ឡៃឡាទឹលក៏ទៀរ៍ (Lailat-ul-Qadr) ដែលមានន័យថា យប់មហិទ្ធិឫទ្ធិ ព្រោះថា ក្នុងកថាបទ ១៨៧ ជំពូកទី២ នៃព្រះគម្ពីរ អាល់កួរ៍អាន (Al-Qur'an) ព្រះអាទិទេពរំឭកថា ៖ (សំឡេងធម៌) «យើងឆ្លើយតបចំពោះការថ្វាយបង្គំសុំពីអ្នក ដែលក្រាបថ្វាយបង្គំមកកាន់យើង។ ដូច្នេះ គេគប្បីស្ដាប់យើងដោយយកចិត្តទុកដាក់ ហើយជឿជាក់លើយើង ដើម្បីឲ្យគេដើរតាមផ្លូវត្រូវ»។
ក្នុងខែ រ៉ម៉ាឌន នេះ សាសនិកអ៊ីស្លាម ព្យាយាមធ្វើតម្រាប់តាមព្រះបរមគ្រូ ព្យាការី មូហាំម៉ាត់ ដោយបរិច្ចាគទានឲ្យបានច្រើនបំផុត ហៅថា សាដាកោះ (sadaqah) បើមានលទ្ធភាពអាចធ្វើទៅបាន ព្រោះតាមជំនឿទានតូចមួយថា ទោះជាក្នុងទ្រង់ទ្រាយជាលុយកាក់ក្ដី ជាស្បៀងអាហារក្ដី ដែលបរិច្ចាគដល់ជនទីទាល់ក្រ ក្មេងកំព្រា ឬអ្នកដំណើរឆ្ងាយ នឹងបានបុណ្យបានរង្វាន់គុណនឹង ៧០ ដង ឬ ៧០០ ដង ទៅជាតិក្រោយ។
បន្ទាប់មក មនុស្សលោកដែលរកបានចំណូល ត្រូវបង់ពន្ធសាសនា ហៅថា ហ្សាកាត់ (zakat) តាមការកំណត់ បើមិនដូច្នេះទេ ព្រះអាទិទេព ចាត់ទុកទ្រព្យសម្បត្តិទាំងអស់នោះ ជាទ្រព្យចង្រៃ ពោរពេញដោយបាបកម្ម៕
