សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ក្នុងអាណត្តិទី១ ព្រះអង្គ បានសម្រេចព្រះទ័យវិលមកកាន់ឆាកនយោបាយជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី១១ ខែធ្នូ បន្ទាប់ពីបានឈប់សម្រាករយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ មកនោះ។
ក្រោយពីអង្គសមាជគណបក្សបានបោះឆ្នោតថ្វាយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្ស ព្រះអង្គបានមានបន្ទូលនៅចំពោះមុខសមាជិកសមាជិកាគាំទ្ររាប់ពាន់នាក់មកពី ២៤ ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ដោយបានប្ដេជ្ញាប្រមូលផ្ដុំសមាជិកអ្នករាជានិយម ដែលបានបែកបាក់ឲ្យមករួមជាបក្សតែមួយវិញ ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតសកលនៅឆ្នាំ២០១២-២០១៣ ខាងមុខ។
សម្ដេចក្រុមព្រះមានបន្ទូលបន្តថា គណបក្ស នរោត្តម រណឫទ្ធិ ថ្មីៗនេះ មិនមែនជាបក្សប្រឆាំងនោះទេ ពោលគឺប្រកាន់ជំហរកណ្ដាល ហើយមិនប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចនោះទេ។
ព្រះអង្គមានបន្ទូលបន្ថែមដូច្នេះ ៖ «ដូច្នេះយើងធ្វើយ៉ាងម៉េចឲ្យសម្ដេចនាយករដ្ឋមន្ត្រីលោកយល់ថា មិនមែនប្រឆាំងទេ ក៏ប៉ុន្តែក្នុងឋានៈយើងជាខ្មែរ យើងត្រូវមានលទ្ធភាពចូលរួមចំណែកក្នុងការដោះស្រាយពិតប្រាកដ ដែលជាបញ្ហាជាតិ»។
សេចក្ដីប្រកាសពីទីក្រុងប៉េកាំង ប្រទេសចិន ចុះថ្ងៃទី១០ ខែធ្នូ សម្ដេចឪ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះអង្គបានសរសេរព្រះរាជសារផ្ទាល់ព្រះហស្តព្រះអង្គជាភាសាបារាំង ដោយបញ្ជាក់ថា ព្រះអង្គនៅតែគាំទ្រសម្ដេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ១០០% មិនផ្លាស់ប្ដូរ ហើយការគាំទ្រនឹងបន្តរហូតដល់ព្រះជន្មចុងក្រោយរបស់ព្រះអង្គ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានសាទរចំពោះព្រះរាជវត្តមានរបស់សម្ដេចក្រុមព្រះ ដែលបានយាងមកកាន់ឆាកនយោបាយជាថ្មី ព្រោះលោកយល់ថា ជីវិតអ្នកនយោបាយមិនងាយចាកឆ្ងាយពីបញ្ហាជាតិ និងប្រជាជននោះទេ បើទោះគណបក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការបង្ខំឲ្យអ្នកនយោបាយចាកឆ្ងាយពីឆាកនយោបាយបែបណាក្ដី។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ពីខេត្តកំពង់ចាម ជាទីដែលលោកចុះជួបសកម្មជនតាមមូលដ្ឋាន បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី១១ ខែធ្នូ ដោយបានសាទរសម្ដេចក្រុមព្រះ ដែលបានយាងមកកាន់ឆាកនយោបាយជាថ្មីនៅពេលនេះ។ ប៉ុន្តែលោកមិនមានជំនឿថា សម្ដេចក្រុមព្រះមានជោគជ័យក្នុងឆាកនយោបាយនោះទេ ព្រោះពលរដ្ឋនៅតាមមូលដ្ឋានបានស្គាល់ពីការដឹកនាំរបស់ព្រះអង្គរួចមកហើយ។
លោក កឹម សុខា មានប្រសាសន៍បន្ថែម ៖ «ប្រសិនបើសម្ដេចក្រុមព្រះនៅឈរជំហរដដែល ឱបដៃឱបជើងគណបក្សប្រជាជនដដែល គឺគ្មានប្រយោជន៍អី»។
ទោះបីយ៉ាងណាក្តី ព្រះប្រធានបក្ស នរោត្តម រណឫទ្ធិ សម្ដេចក្រុមព្រះក៏បានស្នើឲ្យសមាជិក និងថ្នាក់ដឹកនាំគណបក្សលើកដៃគាំទ្រព្រះអង្គក្នុងការបង្កើតគណបក្សថ្មីមួយផ្សេងទៀត ដែលគេគ្រោងដាក់ឈ្មោះថា គណបក្សហ៊្វុនស៊ិនប៉ិច៨១។ គណបក្សថ្មីនេះ ព្រះអង្គមានសង្ឃឹមថា នឹងមានការចូលរួមពីគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ន និងគណបក្ស នរោត្តម រណឫទ្ធិ ក្នុងពេលដ៏ឆាប់ខាងមុខ។
លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ថា ហ៊្វុនស៊ិនប៉ិចបើកផ្លូវជានិច្ចក្នុងការចរចា ដើម្បីច្របាច់បញ្ចូលគ្នាទៅជាបក្សតែ១ ដែលមានឈ្មោះថា គណបក្សហ៊្វុនស៊ិនប៉ិច៨១ ប្រសិនបើមានសំណើផ្លូវការ។ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ នៅពុំទាន់ឃើញមានសំណើពីសម្ដេចក្រុមព្រះ បានដាក់សំណើជាផ្លូវការនៅឡើយទេ។
លោក កែវ ពុទ្ធរស្មី ឲ្យដឹងទៀតថា ៖ «អ៊ីចឹងយើងនៅរង់ចាំថ្នាក់ដឹកនាំទាំងពីរមើលឡើងវិញ ហើយគណបក្ស នរោត្តម រណឫទ្ធិ មានបំណងបន្តសម្ព័នភាពឡើងវិញដែរ»។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យ បានអះអាងថា ការវិលចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងមិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋនៅតាមមូលដ្ឋាននោះទេ ព្រោះប្រជាពលរដ្ឋអស់ជំនឿទៅលើការដឹកនាំរបស់សម្ដេចក្រុមព្រះ កាលពីប៉ុន្មានអាណត្តិមកនេះ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានការខកបំណង៕