កសិករ​ជាង​១៥០០​គ្រួសារ​នៅ​ព្រៃវែង​រងគ្រោះ​ខូតខាត​ស្រូវ​ប្រាំង

កសិករ​ចំនួន​ជាង​១៥០០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ព្រែកសំបួរ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កំពុងតែ​រងគ្រោះ​ខូចខាត​ស្រូវ​ប្រាំង​ពង្រោះ​ស្ទើរតែ​ទាំង​ស្រុង​ចំនួន​ប្រមាណ​២០០០​ហិកតារ​ដោយសារ​មាន​ភ្លៀង​កក់​ខែ​ជា​ខ្លាំង​ជា​ច្រើន​ថៃ្ង​ជាប់ៗ​គ្នា​កាលពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​ថ្មីៗ​នេះ។

ប្រភព​ពី​ក្រុម​កសិករ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដើម្បី​បូម​រំដោះ​ទឹក​ភ្លៀង​ជំនន់​នោះ​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​សង្រ្គោះ​ស្រូវ​ពង្រោះ​ជាង​២០០០​ហិកតារ​នោះ។

កសិករ​ឈ្មោះ ឈិន តុលា រស់នៅ​ក្នុង​ភូមិ​ព្រែកជ្រៅ ឃុំ​ព្រែកសំបួរ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ទី​កន្លែង​ស្រែ​លិច​ទឹក​នោះ​ថា លោក​ទើបតែ​បាន​ធ្វើ​ស្រូវ​ប្រាំង​ពង្រោះ​ចំនួន​៥​ហិកតារ ប៉ុនែ្ត​រង​ការលិច​ទឹក​ជំនន់​ទឹក​ភ្លៀង​ដោយសារ​ភ្លៀង​កក់​ខែ​កាលពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​មាន​សត្វ​ខ្យង​ក្រហម​ទ្បើង​មក​ស៊ី​ស្រូវ​ពង្រោះ​រលួយ​នោះ​ទៀត។

លោក ឈិន តុលា បាន​បញ្ជាក់​ថា ៖ «រលួយ​តែម្ដង ហើយ​ខ្យង​ស៊ី​ថែម​ទៀត​មិន​ត្រឹម​តែ​លិច​ទឹក​ទេ។ ដើម​ឆ្នាំ​ហ្នឹង​លិច​អស់​រលីង​ហើយ គ្មាន​ពូជ​គ្មាន​អី​ឯណា​ថែម​ទៀត​ផង ហើយ​ពូជ​ក៏​ឡើង​ថ្លៃ​ហើយ​ស្រូវ​លក់​ចេញ​ក៏​ថោក អ៊ីចឹង​ខ្ញុំ​គិត​ថា ក្នុង​គ្រួសារ​នីមួយៗ​នឹង​អាច​នឹង​ជួប​ការអត់​ស្បៀង​នៅ​ក្នុង​ឆ្នាំ​២០០៩​ហ្នឹង»

លោកស្រី​ឈ្មោះ ស៊ី នាង ជា​កសិករ​រងគ្រោះ​ម្នាក់​ទៀត​បាន​សម្ដែង​ការត្អូញត្អែរ​ថា ៖ «ព្រួយ​មែនទែន​ទី​១ គឺ​អត់​ពូជ ដល់​ពេល​ព្រោះ​អស់​អ៊ីចឹង លិច​អស់​ទៅ វា​អត់​មាន​ពូជ​ធ្វើ​ទៀត ហើយ​ទី​២ ស្រូវ​ដែល​លិច​ទឹក​ហ្នឹង​ខ្យង​វា​ស៊ី​ទៀត ខ្យង​ពណ៌​ក្រហម​ហ្នឹង​វា​ស៊ី​អស់»

នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​សាកសួរ លោក អ៊ុង សាមី ជា​អភិបាល​ខេត្ត​ព្រៃវែង​ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ លោក​បាន​មាន​ប្រសាសន៍​ថា​ពុំ​មាន​បញ្ហា​ដូច្នោះ​កើត​ឡើង​ទេ។

លោក ទឹម សាវិន ជា​ជំទប់​ទី​១ ឃុំ​ព្រែកសំបួរ បាន​មាន​ប្រសាសន៍​ថា ស្រូវ​ប្រាំង​ពង្រោះ​របស់​លោក​ចំនួន​៥​ហិកតារ​ក៏​រង​ការខូចខាត​ទាំងស្រុង​ដែរ​ដោយសារ​ចំនួន​ទឹក​ភ្លៀង​កក់​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក ទឹម សាវិន បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រែកសំបួរ​ហ្នឹង។ ជួយ​មាន​វិធានការ​ជីក​ផ្លូវ​ទឹក​រំដោះ​ចេញ​ពី​ស្រែ​ហ្នឹង។ ប្រជាជន​ហ្នឹង​មួយ​ឃុំ​ប្រហែល​ចូល​២​ពាន់​ហិកតារ»

លោក ពៅ សាមី ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​មូលដ្ឋាន​នៅ​ឡើយ​ទេ​អំពី​បញ្ហា​ខាង​លើ​នេះ ៖ «អ្នក​ប្រចាំការ​ហ្នឹង​អត់​ទាន់​ឮ​មាន​ព័ត៌មាន​អី​ចូល​ផង»

សូម​រំឮក​ថា មន្រ្តី​ជំនាញ​ខាង​កសិកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ព្យាករណ៍​ថា ទិន្នផល​ស្រូវ​រដូវ​វស្សា​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៨ នឹង​មាន​ការកើនទ្បើង​ជាង​ឆ្នាំ​២០០៧​ចំនួន​ជាង​៥​សែន​តោន​ឯណោះ​ដោយ​មិន​ទាន់​បាន​បូក​សរុប​ជាមួយ​នឹង​ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​២០០៩​នេះ​ចំនួន​ប្រមាណ​៣៥០.០០០​ហិកតារ៕