កម្ពុជា​ប្រមូល​ផល​ស្រូវ​បាន​ជិត​៨​លាន​តោន​ក្នុង​ឆ្នាំ​២០១០

មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទិន្នផល​ស្រូវ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០​នេះ គឺ​ប្រមូល​បាន​ចំនួន​ជិត ៨​លាន​តោន រាប់​ទាំង​ស្រូវ​រដូវ​ប្រាំង និង​ស្រូវ​រដូវ​វស្សា។

0:00 / 0:00

ទិន្នផល​ស្រូវ​រដូវ​ប្រាំង​គឺ​ប្រមូល​បាន ៦,៤៣​លាន​តោន និង​ស្រូវ​រដូវ​វស្សា គឺ​ប្រមូល​បាន​ចំនួន ១,៥៣​លាន​តោន នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង ២,៧​លាន​ហិកតា។ ចំនួន​ស្រូវ​ប្រមូល​បាន​នៅ​ឆ្នាំ​២០១០​នេះ គឺ​មាន​ចំនួន​លើស​ឆ្នាំ​២០០៩ កន្លង​ទៅ​បន្តិចបន្តួច។

ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ង៉ិន ឆាយ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មាន​ការ​ពេញ​ចិត្ត​នឹង​ផល​ស្រូវ​ប្រមូល​បាន​នៅ​ឆ្នាំ​២០១០​នេះ ប៉ុន្តែ​កម្ពុជា​នៅ​ខ្វះ​ខាត​សម្ភារៈ​សម្រាប់​កែច្នៃ​នៅ​ឡើយ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ៖ «កាល​ពី​ឆ្នាំ​កន្លង​ទៅ​យើង​បាន ២,៨​តោន​ទេ ឥឡូវ​យើង​ឡើង​ដល់ ២,៩​តោន​ក្នុង​មួយ​ហិកតា ហើយ​បរិមាណ​ផល​ស្រូវ​អង្ករ​ដែល​យើង​នៅ​សល់​ក៏​កើន​ឡើង​ដែរ»

លោក​បាន​រំពឹង​ទុក​ថា បរិមាណ​ស្រូវ​នៅ​សល់​ឆ្នាំ​២០១០​នេះ មាន​ចំនួន ៣,៧៨​លាន​តោន និង​អង្ករ​នៅ​សល់ ២,៤២​លាន​តោន ៖ «បើ​តាម​បរិមាណ​ស្រូវ​ដែល​យើង​ផលិត​បាន​វា​គ្រប់គ្រាន់​ហើយ ក៏​ប៉ុន្តែ​បញ្ហា​វា​នៅ​ត្រង់​ថា សមត្ថិភាព និង​លទ្ធភាព​ក្នុង​ការ​កែច្នៃ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ឧទាហរណ៍​កែច្នៃ​ហ្នឹង​ឲ្យ​អង្ករ​ហ្នឹង​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ។ យើង​ទើប​មាន​ម៉ាស៊ីន​ស្រូវ​ធំៗ​មួយ ឬ​ពីរ​ប៉ុណ្ណឹង​ទេ ហើយ​ដើម្បី​កិន​អង្ករ​លក់​ក្នុង​១​ឆ្នាំ ១​លាន​តោន យើង​ត្រូវការ​សម្ភារៈ​បន្ថែម​ច្រើន​ណាស់»

កន្លង​មក​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​ដើម្បី​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​លើកលែង​ពន្ធដារ​សម្រាប់​ប្រទេស​ក្រីក្រ​ដូច​ប្រទេស​កម្ពុជា​ជាដើម។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ កន្លង​ទៅ​នេះ កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន ១២ នៅ​ក្នុង​នោះ​មាន​ការ​នាំ​ចេញ​អង្ករ ពោត ដំទ្បូងមី សណ្តែកបាយ និង​សណ្ដែកសៀង ទៅ​លក់​ក្នុង​ទីផ្សារ​ចិន ដោយ​មិន​យក​ពន្ធ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) លោក យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត និង​បទពិសោធន៍​នានា ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោក​បន្ត​ថា ៖ «មាន​រឿង​២ រឿង​ទី​១ គឺ​គេ​មាន​ម៉ូយ​ច្រើន គេ​បាន​បទពិសោធន៍​ច្រើន មាន​ន័យ​ថា គេ​បាន​ដើរ​មុន យើង​យូរ​ឆ្នាំ​ហើយ។ រឿង​ទី​២ យើង​មាន​ការ​ចំណាយ​ខ្ពស់ ការ​ផលិត​របស់​យើង​មាន​ការ​ចំណាយ​ខ្ពស់។ យើង​នៅ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ជា​ពិសេស​ឃ្លាំង និង​ម៉ាស៊ីន​សម្ងួត»

លោក​បាន​បន្ត​ថា កសិករ​ខ្មែរ​ត្រូវការ​បណ្ដុះបណ្ដាល​ចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​ដាំ​ស្រូវ​ឲ្យ​មាន​គុណភាព​ល្អ និង​មាន​បរិមាណ​ច្រើន។ កសិករ​ខ្មែរ​ត្រូវការ​ស្រូវ​ពូជ​ល្អៗ និង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្ដល់​ទឹក​គ្រប់គ្រាន់ ព្រមទាំង​មាន​ផ្លូវ​ថ្នល់​ដឹក​ជញ្ជូន​កសិផល​បាន​ស្រួល៕