កង្វះ​គ្រូ និង​សម្ភារៈ​សិក្សា​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​តាម​តំបន់​ជនបទ មានកម្រិត​ទាប

ការ​ខ្វះ​គ្រួ​បង្រៀន និង​សម្ភារៈ​សិក្សា​នៅ​ថ្នាក់​មូលដ្ឋាន​​តាម​តំបន់​ជនបទ ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​មិន​ទាន់​មាន​លក្ខណៈ​ល្អ​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ឲ្យ​បាន​គ្រប់​គ្នា។

0:00 / 0:00

អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ (Save The children) បាន​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០១២ ខាង​មុខ ដើម្បី​ឲ្យ​កុមារ​ចូល​រៀន​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​ច្រើន និង​មាន​ប្រសិទ្ធភាព។

ការ​បង្ហាញ​ផែនការ​យុទ្ធសាស្ត្រ​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ឯកសារ​ស្ដីពី​ការ​រួម​គ្នា នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​លទ្ធផល​សម្រេច​បាន​ពី​ឆ្នាំ​២០០០ ឆ្នាំ​២០១០ លើ​វិស័យ​អប់រំ​មូលដ្ឋាន​នៅ​កម្ពុជា ដែល​គេ​ធ្វើ​ឡើង នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១១។

ប្រធាន​កម្មវិធី​អប់រំ​នៃ​អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ លោក កែវ សារ៉ាត់ បាន​បញ្ជាក់​ថា ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១២ នោះ រួម​មាន ការ​រៀបចំ​ជន​បង្គោល​ខាង​សិទ្ធិ​កុមារ​នៅ​តាម​ភូមិ ដើម្បី​ឲ្យ​ពួក​គាត់​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ ឲ្យ​ជញ្ជួន​កូន​ទៅ​រៀន រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ឥណទាន ការ​ស្រង់​ស្ថិតិ​ខ្នង​ផ្ទះ ដែល​មិន​បាន​ជញ្ជួន​កូន​ទៅ​រៀន និង​ផែនការ​ពង្រឹង​គុណភាព​បង្រៀន​នៅ​តាម​ថ្នាក់​រៀន​ជា​ដើម។

លោក កែវ សារ៉ាត់ បាន​បញ្ជាក់​ថា កន្លង​មក​នៅ​មាន​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ខ្វះ​គ្រូ​បង្រៀន ខ្វះ​សម្ភារៈ​សិក្សា ពិសេស​នៅ​ខែត្រ​ដាច់​ស្រយាល ដូចជា​ខែត្រ​កោះកុង និង​ខែត្រ​ព្រះវិហារ ៖ «ជ្រើសរើស​គ្រូ ពីព្រោះ​នៅ​តំបន់​អស់​នោះ យើង​មិន​អាច​រក​ធនធាន​មនុស្ស ដែល​អាច​ធ្វើ​ជា​គ្រូ​បាន​ទេ ដោយសារ​អត់​សាលា​រៀន​កន្លង​មក។ ដប់​ម្ភៃ​សាមសិប​ឆ្នាំ​ហើយ អត់​ដែល​មាន​សាលា​រៀន​ផង ហើយ​ទៅ​រក​គ្រូ​យ៉ាង​ម៉េច​បាន។ អត់​មាន​ទេ។ អ៊ីចឹង​ត្រូវ​រើស​គ្រូ​ពី​ក្រៅ ទៅ​ធ្វើ​ការ​នៅ​ទី​នោះ»។

អង្គការ​ន័រវេស្ស៍​សង្រ្គោះ​កុមារ​ បាន​បង្ហាញ​របាយការណ៍​ក្នុង​រយៈ​ពេល ១០ ឆ្នាំ ដែល​​អង្គការ​​នេះ បាន​ធ្វើ​ការ​សហការ​នឹង​ក្រសួង​អប់រំ បាន​ចំណាយ​ថវិកា​ជាង ២០ លាន​ដុល្លារ​សហរដ្ឋ​អាមរិក ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន រួមមាន ការ​សាងសង់​សាលារៀន បង្គន់ អណ្ដូង​ទឹក មន្ទីរ​អប់រំ​ខែត្រ ការិយាល័យ​អប់រំ​ស្រុក ផ្ទះ​សំណាក់​គ្រូ​បង្រៀន ការ​បណ្ដុះបណ្ដាល​សមត្ថភាព​គ្រូ ធ្វើ​ទស្សនាវដ្ដី​កុមារ និង​បញ្ហា​ផ្សេងៗ មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អឹម សិទ្ធី មាន​ប្រសាសន៍​ថា សាលា​បឋមសិក្សា នៅ​ក្នុង​ឆ្នាំ ២០០១ មាន​ជាង ៥.៤០០ សាលា ហើយ​នៅ​ឆ្នាំ​២០១០ បាន​កើន​ដល់​ជាង ៦ ពាន់ ៦ រយ​សាលា ៖ «ជា​ពិសេស​គោលដៅ​របស់​យើង​សម្រាប់​ការ ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​អប់រំ​នេះ​ទទួល​បាន​​ការ​ប្រែប្រួល ហើយ​ឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួន»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយិកា​កម្មវិធី​នៃ​អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ លោកស្រី ស៊ីណៃ ហ្កេប្រា ហ្សាប់ប៊ែរ (Senait Gebregziabher) មាន​ប្រសាសន៍​ថា បញ្ហា​គុណភាព​អប់រំ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​នោះ មិនមែន​តែ​បញ្ហា​គ្រូ​បង្រៀន​ទេ គឺ​មាន​បញ្ហា​ជា​ប្រព័ន្ធ ដូចជា បញ្ហា​បរិយាកាស​ជុំវិញ​នៃ​ការ​រស់​នៅ​របស់​កុមារ បញ្ហា​សម្ភារៈ​សិក្សា បញ្ហា​ចូលរួម​របស់​កុមារ និង​បញ្ហា​រៀបចំ​ប្រព័ន្ធ​អប់រំ​ទាំង​ស្រុង​ផង​ដែរ។

របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្ហាញ​ថា ចំនួន​សិស្ស​ពី​បឋម​ដល់​សិស្ស​នៅ​ថ្នាក់​ឧត្ដម​សិក្សា មាន​ប្រមាណ ៣ លាន ៥ សែន​នាក់។ សិស្ស​បឋម​សិក្សា ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ឆ្នាំ​២០១០-ឆ្នាំ​២០១១ មាន​ជាង ៩៥% អនុវិទ្យាល័យ​មាន ៣៥% វិទ្យាល័យ​មាន​ជាង ២០%។

ដោយ​ឡែក សម្រាប់​សិស្ស​បឋម​សិក្សា​ចុះ​ឈ្មោះ​ចូល​រៀន កាល​ពី​ឆ្នាំ​២០០៩-ឆ្នាំ​២០១០ មាន​ជាង ៨៤% អនុវិទ្យាល័យ​មាន​ជាង ៧៨% និង​វិទ្យាល័យ​មាន​ជាង ៨៦%។

សិស្ស​បោះបង់​ការ​សិក្សា​នៅ​ឆ្នាំ ​២០០៩-២០១០ ដដែល​នេះ នៅ​ថ្នាក់​បឋម​សិក្សា​មាន​ជាង ៨% អនុវិទ្យាល័យ​មាន​ជាង ១៦% និង​សិស្ស ដែល​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​មាន​ជាង ១១%៕