រដ្ឋាភិបាល​នៅ​តែ​សាងសង់​ទំនប់​វារីអគ្គិសនី​ជា​បន្ត

ប្រជា​ពល​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល បាន​សុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​ឈប់​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដោយ​សារ​តែ​គេ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ក្នុង​ខែត្រ​ស្ទឹង​ត្រែង​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​អនុ​វត្ត​ធ្វើ ទោះបី​ជា​ប្រជា​ពល​រដ្ឋ​បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ​ក្ដី ពី​ព្រោះ​ថា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ផ្ដល់​សំណង​សម​រម្យ​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។

លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បរិស្ថាន​លើក​ទី​១៧ ថា ក្រសួង​បរិស្ថាន​បាន​សិក្សា​យ៉ាង​ល្អិត​ទៅ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន​នៅ​ក្នុង​តំបន់​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ បញ្ហា​ដែល​ប្រជា​ពល​រដ្ឋ​បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​មិន​ទាន់​យល់​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ច្បាស់​លាស់​នៅ​ឡើយ​តែ​ប៉ុណ្ណោះ។

លោក ម៉ុក ម៉ារ៉េត បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ដូច្នេះ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភព​លោក ថ្ងៃ​ទី​៥ មិថុនា ដែល​គេ​ធ្វើ​ឡើង​នៅ​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១១។

ទាក់​ទង​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បង្ហាញ​អំពី​គោល​ជំហរ​របស់​រដ្ឋាភិបាល ក្នុង​ការ​បន្ត​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ចុង​ឆ្នាំ​២០១១ នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា លោក ឈិត សំអាត បាន​ពន្យល់​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ មច្ឆាជាតិ និង​ធន​ធាន​ធម្មជាតិ។

លោក ម៉ុក ម៉ារ៉េត ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ទន្លេ​សេសាន​ក្រោម​២ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ គឺ​រដ្ឋាភិបាល​នឹង​ធ្វើ​បន្លាស់​ទី​ពួក​គាត់​ឲ្យ​ទៅ​នៅ​ទីតាំង​ថ្មី។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​មក​ពី​ខែត្រ​ស្ទឹង​ត្រែង និង​ខែត្រ​រតនគីរី នៅ​ក្នុង​សិក្ខា​សាលា​មួយ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ ដោយ​ហេតុ​ផល​ថា គម្រោង​នេះ​ប៉ះ​ពាល់​ដល់​បរិស្ថាន ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ផ្នូរ​ខ្មោច​ជី​ដូច​ជី​តា​របស់​ពួក​គាត់​ជា​ដើម។

របាយការណ៍​សិក្សា​អំពី​ផល​ប៉ះ​ពាល់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​បាន​បង្ហាញ​ថា គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ផ្ទៃ​លិច​ទឹក​ប្រមាណ ៣៣៥​ម៉ែត្រ​ក្រឡា និង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​លើ​ផ្ទៃ​ដី​ចំនួន ៣​ម៉ឺន​ហិកតារ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រជា​ពល​រដ្ឋ​ជិត ២​ពាន់​គ្រួសារ។

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​បាន​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១១ ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ អ៊ី វី អែន (EVN) មាន​ភាគ​ហ៊ុន ៥១​ភាគ​រយ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់​គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ចំនួន​៤៩% ដើម្បី​ធ្វើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៩០០​លាន​ដុល្លារ៕