ស្ថានការណ៍​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ ថ្ងៃ​៣០ វិច្ឆិកា

មន្ត្រី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មេបញ្ជាការ​យោធា​ថៃ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​មាន​បំណង​ឲ្យ​ទាហាន​របស់​គេ​បាន​ចូល​មក​ដេក​យក​ពេល​ខ្លះ​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វៈរៈ​ឡើង​វិញ បន្ទាប់​ពី​បាន​ដក​ចេញ​ជា​យូរ​មក​ហើយ ព្រមទាំង​បាន​សាកល្បង​បញ្ជូន​កង​កម្លាំង​ទាហាន​ថៃ​ខ្លះ​បន្ថែម​ទៀត​ចូល​មក​បម្រុង​បោះ​ជំរំ​នៅ​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ​ផង។

0:00 / 0:00

មេ​បញ្ជាការ​រង​កងពល​អន្តរាគមន៍​លេខ​១២​នៃ​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​នៅ​តំបន់​ព្រះវិហារ លោក​ឧត្ដមសេនីយ៍​ត្រី យ៊ីវ វ៉ាន់ថន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​វិច្ឆិកា ថា មេ​បញ្ជាការ​រង​កងពល​ទី​៦​ស៊ូរៈណារី​របស់​ថៃ លោក ឆៃយ៉ាន់ហ៊ុយស៊ុងនឿន បាន​ស្នើសុំ​ឲ្យ​ទាហាន​ថៃ​១០​នាក់​ស្លៀកពាក់​ស៊ីវិល​ដែល​អាច​នៅ​វត្ត​កែវសិក្ខាគិរីស្វៈរៈ​បាន​តែ​ពេល​ថ្ងៃ​នោះ គឺ​សុំ​ឲ្យ​ដេក​យប់​នៅ​ក្នុង​វត្ត​ពេល​ខ្លះ​ដែល​មាន​ការត្រួត​ពិនិត្យ​របស់​គណៈប្រតិភូ​របស់​ថៃ។

មន្ត្រី​យោធា​ខ្មែរ​ដដែល​បាន​ឲ្យ​ដឹង​ថា សំណើ​សុំ​របស់​មេ​បញ្ជាការ​យោធា​ថៃ​នោះ​ត្រូវ​បាន​បដិសេធ​មិន​យល់ព្រម​ទេ ហើយ​បន្ទាប់​មក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទាហាន​ថៃ​មួយ​ក្រុម​បាន​ចូល​មក​បម្រុង​បោះ​ជំរំ​នៅ​ម្ដុំ​ខ្សែ​ត្រៀម​ជួរ​មុខ​ប្រាសាទ​ព្រះវិហារ ក៏ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​វិញ។

មន្ត្រី​យោធា​ខ្មែរ​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «ម្សិលមិញ​ថៃ​វា​មក​ជួប។ កម្លាំង​ដែល​វា​កែ​សម្រួល​ចេញ​ពី​វត្ត ហើយ​ថ្ងៃ​ឡើង​មក​ធ្វើការ​ស្លៀកពាក់​ស៊ីវិល សុំ​យើង​ថា នៅ​ពេល​ដែល​មេ​វា​មក​ត្រួត​ម្ដងៗ វា​សុំ​មក​ដេក​នៅ​វត្ត តែ​វា​អត់​មាន​យក​កាំភ្លើង​ចូល​ទេ។ យើង​មិន​ឯកភាព​ទេ។ ជួរ​មុខ​ថែម​កម្លាំង​ទៀត យើង​អត់​ឲ្យ​ចូល​ផង វា​មក​បោះ​តង់​បោះ​អី ប៉ុន្តែ​យើង​ឲ្យ​វា​រើ​ទៅ​វិញ»

ចំណែក​នៅ​ឯ​តំបន់​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ ខែត្រ​ឧត្ដរមានជ័យ ចាប់​ពី​ប្រាសាទ​តាមាន់​រហូត​ដល់​តាក្របី​នោះ មន្ត្រី​នគរបាល​ប្រចាំ​ព្រំដែន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា កង​រក្សា​ព្រំដែន​ខ្មែរ​នៅតែ​រាយ​បណ្ដាក់​ប្រុង​ប្រយ័ត្ន ហើយ​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​តំបន់​ជប់គគីរ គេ​បាន​ឃើញ​ទាហាន​ថៃ​បាន​ចូល​ទៅ​ធ្វើ​រោង​ចំនួន​ពីរ​នៅ​ទី​នោះ​និង​ដើរ​ល្បាត​ចូល​ម្ដងម្កាល។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា ៖ «កម្លាំង​យើង​នៅ​ត្រៀម​រហូត តាំង​ពី​ប៉ុស្តិ៍​រំដួល​ដល់​តាក្របី។ វា​នៅ​ម្ដុំ​យើង​ហៅ​ថា ច័ន្ទក្រហប ឆ្ងាយ​ពី​ជប់គគីរ​ប្រហែល​បី​បួន​ប្រាំ​គីឡូ ខាង​កើត។ វា​ធ្វើ​រោង​ពីរ​នៅ​នោះ​ចោល​ទៅ បើ​ថ្ងៃ​ណា​វា​មក​ទៅ ថ្ងៃ​ណា​វា​ទៅ​វិញ​ទៅ។ យើង​ក៏​ដើរ​ល្បាត​នៅ​តាម​នោះ​ដែរ»

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ​ចង់​ឲ្យ​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​ត្រូវ​បាន​ដោះស្រាយ​ឆាប់ៗ។ ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ស្មុគស្មាញ​នៅ​ឯ​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​ផល​ប៉ះពាល់​ចំពោះ​ការចរចា​និង​ការបោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ដែល​នឹង​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

សូម​រំឭក​ថា ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​ទាហាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វៈរៈ តំបន់​ជិត​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ការចរចា​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ថៃ​បាន​ធ្វើ​ឡើង​ចំនួន​បី​លើក​រួច​មក​ហើយ ដោយ​ការចរចា​មាន​ភាព​រអាក់រអួស​ដោយសារ​ស្ថានការណ៍​នយោបាយ​ស្មុគស្មាញ​នៅ​ឯ​ប្រទេស​ថៃ៕