កិច្ចប្រជុំនោះនឹងមានតំណាងមកពីប្រទេសចំនួន២១ប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងចូលរួម ដែលនឹងចាប់ផ្តើមពីថៃ្ងទី១ ដល់ថៃ្ងទី៣ ខែកុម្ភៈ ឆាប់ៗនេះ ដើម្បីចែករំលែកបទពិសោធន៍គ្នាក្នុងការប្រឆាំងអំពើពុករលួយ។
លោក សុន ឆ័យ ជាតំណាងរាស្រ្តនៃគណបក្សប្រឆាំងសមរង្ស៊ី ដែលកំពុងតែរៀបចំចាកចេញដំណើរទៅចូលរួមនោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកថា ៖ «ខ្ញុំគេបានឲ្យធ្វើជាប្រធានអង្គប្រជុំមួយ ហើយដោយសារយើងជាប្រទេសមួយគ្មានពិសោធន៍អីទៅផ្ដល់ឲ្យគេ ដោយសារយើងអត់បានប្រឆាំងអំពើពុករលួយស្ទើរតែអត់សោះនៅក្នុងប្រទេសយើងហ្នឹង យើងមិនមានអ្វីត្រូវជួយផ្ដល់ដល់គេទេ ក្រៅពីការពិសោធខ្លះដែលខ្ញុំមាន ប្រហែលជាគ្រាន់តែមានការផ្លាស់ប្ដូរគំនិតគ្នាប៉ុណ្ណឹង»។
លោក ប៉ែន បញ្ញា ជាតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែគ្រប់គ្រងប្រទេសកម្ពុជា ត្រូវបានអ.ស.បអញ្ចើញឲ្យទៅចូលរួមផងដែរ បានមានប្រសាសន៍ថា លោកមិនអាចទៅចូលរួមបានទេ ដោយសារតែលោកមិនសូវស្រួលខ្លួន ៖ «ខ្ញុំមិនសូវស្រួលខ្លួន ហើយខ្ញុំក៏ដូចជាមិនទាន់បានឃើញសំបុត្រអីផង»។
សុខ សេរី ៖ អ៊ីចឹងគេអញ្ជើញដែរប៉ុន្តែលោកមិនអាចទៅបានអ៊ីចឹងទេ? ប៉ែន បញ្ញា ៖ វាមិនចាំបាច់តែខ្ញុំទៅទេ មានសមាជិកគណៈកម្មការ៦-៧នាក់ទៀតដែរ។
ប្រធាននៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក ដែលកន្លងមកលោកស្រីបានចូលរួមក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយនោះ បានមានប្រសាសន៍ថា ៖ «ដូចជាសិង្ហបុរីគេធ្វើបានល្អ ដូច្នេះខ្ញុំសង្ឃឹមថា នៅបាងកកនេះ ឯកឧត្ដម សុន ឆ័យ នឹងបានទាញនូវការពិសោធល្អៗដើម្បីយកមកដាក់ចូលក្នុងពង្រាងច្បាប់របស់យើង»។
ប្រទេសកម្ពុជាបានចុះហត្ថលេខានិងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានៃកិច្ចព្រមព្រៀងរបស់អ.ស.ប ស្តីពីការប្រឆាំងអំពើពុករលួយកន្លងមក។
គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា កាលពីថៃ្ងទី១១ ខែឆ្នូ ឆ្នាំ២០០៩កន្លងទៅ បានអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដែលសហគមន៍ជាតិនិងប្រទេសផ្តល់ជំនួយអត្តរជាតិកំពុងតែរង់ចាំរយៈពេល១៦ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៤មក។
ប្រភពនានាបាននិយាយថា គេមិនបានដឹងប្រាដកទេថា តើសេចក្តីព្រាងច្បាប់នោះនឹងត្រូវបានសភាជាតិកម្ពុជានឹងអនុម័តនៅពេលណានៅទ្បើយទេ។
កាលពីឆ្នាំ២០០៧និងឆ្នាំ២០០៨កន្លងទៅ ក្រុមសកម្មជនការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាច្រើនអង្គការ បានបើកយុទ្ធនាការព្រមៗគ្នាប្រមូលស្នាមផ្តិតមេដៃពីប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា បានចំនួនជាង១លានស្នាមមេដៃ ដើម្បីទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការធ្វើសេចក្តីព្រាងច្បាប់និងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនោះឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
កន្លងមកមានសេចក្តីរាយការណ៍និងការសា្រវជ្រាវរកឃើញថា ប្រាក់ចូលរដ្ឋជាច្រើនរយលានដុល្លារអាមេរិកត្រូវបានបាត់បង់ដោយសារអំពើពុករលួយនិងការប្រព្រឹត្តខុសច្បាប់ ព្រមទាំងអំពើសូកប៉ាន់ក្នុងវិស័យពាណិជ្ជកម្ម គយនិងតុលាការ ព្រមទាំងវិស័យមួយចំនួនទៀត៕