ប្រធាន​យុវជន​បក្ស​សមរង្ស៊ី​គ្រោង​ប្ដឹង​ពី​បញ្ហា​ស្លាប់​មនុស្ស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ក្រុម​យុវជន និង​សាច់ញាតិ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ បាន​រៀបចំ​ពិធី​សូត្រ​មន្ត បង្សុកូល រំលឹក​ខួប ២​ឆ្នាំ ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា នៅ​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ចុង​ក្រោយ​លើ​ស្ពាន​កោះពេជ្រ។
ដោយ ខែ សុណង
2012-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណបក្ស សម រង្ស៊ី ធ្វើ​ពិធី​សូត្រ​មន្ត បង្សុកូល រំលឹក​ខួប ២​ឆ្នាំ​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១២។
គណបក្ស សម រង្ស៊ី ធ្វើ​ពិធី​សូត្រ​មន្ត បង្សុកូល រំលឹក​ខួប ២​ឆ្នាំ​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Khe Sonorng

ទាក់ទង​នឹង​ករណី​ព្រឹត្តិការណ៍​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ដែល​ភាគច្រើន​ជា​យុវជន​នោះ គេ​នៅ​មិន​ទាន់​បំភ្លេច​ចោល​នោះ​ទេ មន្ត្រី​គណបក្ស សម រង្ស៊ី នឹង​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាពលរដ្ឋ និង​យុវជន​នៅ​លើ​ស្ពាន​កោះពេជ្រ​នេះ។

ព្រះសង្ឃ​ចំនួន ១០​អង្គ ក្រុម​យុវជន មន្ត្រី​គណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋ រួម​ទាំង​ក្រុម​គ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១២ បាន​ជួប​ជុំ​គ្នា​នៅ​ស្តូប​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​ដោយ​សារ​ព្រឹត្តិការណ៍​ជាន់​គ្នា​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ និង​បាន​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់។

ឪពុក​ម្ដាយ ឬ​សាច់ញាតិ​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ក៏​បាន​មក​ចូលរួម​អុច​ធូប និង​ដាក់​កម្រង​ផ្កា​ក្នុង​ពិធី​បុណ្យ​នេះ បាន​សម្ដែង​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ពួកគេ​នឹក​រលឹក​ឡើង​វិញ​ចំពោះ​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួកគេ។

២២-វិច្ឆិកា-២០១២៖ ទីតាំង​ស្ពាន​ចាស់​ដែល​គេ​វាយ​កម្ទេច​ចោល បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន។ RFA/Khe Sonorng
២២-វិច្ឆិកា-២០១២៖ ទីតាំង​ស្ពាន​ចាស់​ដែល​គេ​វាយ​កម្ទេច​ចោល បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន។ RFA/Khe Sonorng

ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​ក្រុម​យុវជន នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ចេញ​មុខ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង លោក គង់ សំអុល ទៅ​តុលាការ​ក្រុង​ភ្នំពេញ និង​តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃ​ចុង​ក្រោយ​នោះ។

លោក សួង សុភ័ណ្ឌ៖ «ខ្ញុំ​សូម​ជម្រាប​ថា គោល​បំណង​នៃ​ការ​រៀបចំ​កម្ម​វិធី​នេះ ទី​មួយ​ថ្ងៃ​នេះ យើង​នឹង​និមន្ត​ព្រះសង្ឃ តា​ជី​ដូនជី មក​គោរព​វិញ្ញាណក្ខន្ធ សូត្រ​មន្ត​បង្សុកូល គោរពវិញ្ញាណក្ខន្ធ​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​ដែល​ស្លាប់​នៅ​កោះ​ពេជ្រ។ ទី​២​ទៀត ខ្ញុំ​សូម​បញ្ជាក់​ថា ក៏​ជា​រឿង​មួយ​ដែរ ដែល​យើង​ត្រូវ​វែក​មុខ​រក​អ្នក​ប្រព្រឹត្ត​រក​ជន​ដៃ​ដល់​ជន​ល្មើស​ដែល​សម្លាប់​មនុស្ស​ជាង ៣០០​នាក់​នេះ យក​មក​ផ្ដន្ទាទោស​ផង​ដែរ។ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ក្រោយ​មួយ​សប្ដាហ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នៅ​ម៉ោង​៩»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ធ្វើ​រួច​ស្រេច​ទៅ​ហើយ​នូវ​សំណង​ប៉ះប៉ូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​ចៃដន្យ​នេះ ហើយ​ទី​២ រដ្ឋាភិបាល​ក៏​បាន​សង់​ស្ពាន ២​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​មិន​ឲ្យ​មាន​អ្វី​ដែល​កើត​ឡើង​ជាយថាហេតុ​ទៀត​ទេ និង​ទី​៣ គឺ​មាន​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ក្នុង​ការ​សម្របសម្រួល​ហើយ​និង​គ្រប់គ្រង​នៅ​ក្នុង​កម្មវិធី​ធំៗ ដែល​មាន​ហ្វូង​មនុស្ស​ចល័ត។

លោក ផៃ ស៊ីផាន៖ «នេះ​ជា​ការ​ដោះស្រាយ​នូវ​អ្វី​ដែល​បញ្ចៀស​កុំ​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង ពីព្រោះ​អា​រឿង​រត់​ជាន់​គ្នា​ស្លាប់​នៅ​ប្រទេស​ប៊្រុយណេ និង​ប្រទេស​ដទៃ​ទៀត ដូចជា អារ៉ាប់ នឹង​ថា ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា គេ​ថា យើង​រួច​ខ្លួន​មិន​មែន​អ៊ីចឹង​ទៀត ប៉ុន្តែ​ការ​ឆ្លើយ​តប...»

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ​៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់ ដែល​ជា​រឿង​សែន​សោកស្ដាយ​ជា​ទី​បំផុត ដែល​ធ្វើ​ឲ្យ​ការ​ចូលរួម​សប្បាយ​ថ្ងៃ​បុណ្យ ក្លាយ​ជា​ថ្ងៃ​កាន់​មរណទុក្ខ​ទៅ​វិញ។

ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា។

បន្ទាប់​ពី​ឧបទ្ទវហេតុ​នោះ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ចិត្ត​សង្គម និង​អន្តរ​វប្បធម៌​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​មួយ​ដោយ​សម្ភាស​ឪពុកម្ដាយ ដែល​កំពុង​កាន់​មរណទុក្ខ។ បញ្ជី​សំណួរ​នោះ​បាន​ផ្ដោត ថា​តើ​សំណង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​អាច​ជួយ​ក្រុម​គ្រួសារ​បន្ធូរ​ទុក្ខ​សោក​ដែរ​ឬ​ទេ? ហើយ​អង្គការ​នេះ​បាន​ដាក់​សំណើ​សុំ​ស្រាវជ្រាវ កាល​ពី​ឆ្នាំ​មុន​ទៅ​គណៈកម្មាធិការ​សីលធម៌​នៃ​ក្រសួង​សុខាភិបាល ដែល​ជា​គណៈ​ត្រួតពិនិត្យ​លើ​ការ​សិក្សា​ស្រាវជ្រាវ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​សង្គម និង​អន្តរ​វប្បធម៌ ហៅ​កាត់​ថា TPO លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​ប្រាប់​កាសែត​ភ្នំពេញ បុស្ដិ៍ ថា គណៈកម្មាធិការ​បាន​ប្រគល់​លិខិត​បដិសេធ​មក​វិញ ជាមួយ​នឹង​ការ​ពន្យល់​តិច​តួច។

ពាក់ព័ន្ធ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​លោក អេង ហួត ប្រធាន​គណៈកម្មាធិការ​សីលធម៌ ដើម្បី​ពន្យល់​បន្ថែម ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ជាប់​រវល់។

ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។ បន្ទាប់​មក​ក៏​បាន​កម្ទេច​ស្ពាន​ចាស់​ចោល និង​សង់​ស្ពាន​ភ្លោះ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ កុំ​ឲ្យ​មាន​ករណី​នេះ​ទៀត។

មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ កសាង​ស្តូប​មួយ នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំលឹក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទី​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្ពាន​កោះពេជ្រ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

កូនខ្មែរ

ពី ភ្នំពេញ

គួរតែស្រាវជ្រាវរកមូលហេតុនៃការស្លាប់នៅស្ពានកោះពេជ្រមើល ថាតើវាបណ្តាលមកពីអីអោយប្រាកដ©

Nov 23, 2012 11:14 AM

old man

ពី pp

why they need to destroy the old bright? or it have any problem. in fact, they build the two new brights is the right way. but if they can keep the old one is better than. (3 is better than 2).

Nov 23, 2012 11:07 AM

អ្នក​អាន​អនាមិក

គ្មានអ្នកណាសំលាប់អ្នកទាំងអស់ហ្នឹងទេ គ្រាន់តែអ្នករៀបចំបុណ្យគ្មានការទទួលខុសត្រូវ !ហើយគ្មានអ្វីចំលែកទេនៅស្រុកខ្មែរ សូម្បីស្លាប់ដល់ទៅ២លានក៏គ្មានអ្នកទទួលខុសត្រូវដែរ​!

Nov 23, 2012 08:05 AM

អ្នក​អាន​អនាមិក

Hun Sen copies everything from Pol Pot. He is Pol Pot II. We are crying for international helps. Help! Help! Help!!!!!! Pol Pot II is here.

Nov 23, 2012 12:06 AM

Sun Set

ពិតជារឿងមិនគួអោយកើតមានមែន។ រីអង្គាសបានប្រាក់ចំណេញគ្នានទេក្នុងលោក។

Nov 22, 2012 11:16 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល