«ពេលរៀនមានការលំបាក ជួនកាលលិចសាលាទៅ ជួនកាលអត់បានទៅ។ ពេលខ្ញុំទៅរៀនរាល់ថ្ងៃប្រឡាក់សំពត់ពេញ វាភក់ច្រើន។ សាលាខ្ញុំនេះបើតាមដឹងកន្លងមកលិចទឹករហូតឲ្យតែខែវស្សាលិចទឹកហើយ ព្រោះប្រព័ន្ធលូអត់ទាន់រៀបចំត្រឹមត្រូវហើយដីទាបខ្ពស់។ សូមរដ្ឋាភិបាលជួយព្រោះសាលាឥឡូវយ៉ាប់ពេក ព្រោះសាលាជិះមកលិចទឹក ណាប្រឡាក់ខោអាវទៀត។ សំណូមពរសុំឲ្យរាជរដ្ឋាភិបាលយើងជួយឲ្យសាលាខ្ញុំកុំឲ្យមានលិចទឹក» ៖ នេះគឺជាការបញ្ជាក់ប្រាប់របស់សិស្សានុសិស្សនៃវិទ្យាល័យទួលអំពិលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ អំពីបញ្ហាការខ្វះខាតអនាម័យក្នុងសាលារៀនរបស់គេសព្វថ្ងៃនេះ ពីព្រោះទីធ្លាសាលារៀនមានថ្លុកទឹកដក់ ជាពិសេសក្នុងរដូវវស្សាភ្លៀងធ្លាក់ជោកជាំដូចជាពេលនេះជាដើម។
សិស្សានុសិស្សដដែលបានឲ្យដឹងទៀតថា គេបានជួបការពិបាកដូច្នេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដែលបង្កឲ្យមានការរំខានឬក៏ប៉ះពាល់ដល់ការសិក្សារបស់គេ ពីព្រោះនៅពេលទឹកដក់មានភក់បានបណ្ដាលឲ្យការធ្វើដំណើរទៅមកក្នុងសាលារៀនពេលខ្លះ រអិលដួល ប្រឡាក់ខោអាវ និងមិនមានកន្លែងស្អាតសម្រាប់អង្គុយលេងក្នុងពេលចេញលេងម្ដងៗ។ល។។
ក្នុងចំណោមសិស្សានុសិស្សនៃវិទ្យាល័យទួលអំពិល យុវសិស្សមួយរូបសុំមិនប្រាប់ឈ្មោះបាននិយាយថា ពេលខ្លះទៀតនៅពេលដែលទឹកដក់ក្នុងសាលារៀនយូរថ្ងៃបានបង្កឲ្យមានក្លិនស្អុយជះមកក្នុងថ្នាក់រៀនធ្វើឲ្យសិស្សមានអារម្មណ៍មិនល្អក្នុងពេលរៀនសូត្រឬទទទួលរងនូវផលប៉ះពាល់សុខភាព ៖ «ប្រព័ន្ធលូអត់មានសណ្ដាប់ធ្នាប់ល្អ ទឹកស្អុយមកតែម្ដង។ ពេលរៀនមានការលំបាក លិចសាលាទៅជួនកាលអត់បានទៅ»។
សិស្សានុសិស្សទាំងនោះបានបញ្ជាក់ប្រាប់ផងដែរថា បញ្ហាសាលារៀនដែលត្រូវទឹកលិចនិងគ្មានអនាម័យស្អាតនេះ គេឃើញថ្នាក់ដឹកនាំសាលារៀនបានធ្វើការដោះស្រាយខ្លះៗដែរកន្លងមក ដោយបានរៃអង្គាសប្រាក់ពីសិស្សដើម្បីទិញដីយកមកចាក់ទីធ្លាសាលា ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីសាលារៀននេះនៅតែមានបរិស្ថានមិនល្អដដែល។
សិស្សនារីមួយរូបនៃវិទ្យាល័យទួលអំពិលបានឲ្យដឹងបន្ថែមទៀតយ៉ាងដូច្នេះ ៖ «ឲ្យតែថាមានភ្លៀងអីគ្រូគាត់ប្រមូលលុយម្នាក់៥០០រៀលគ្រប់សិស្សទាំងអស់ហ្នឹង គាត់ថាប្រមូលទិញដីចាក់កុំឲ្យលិចទឹក តែអត់ឃើញផង ឃើញចាក់ដែរ ចាក់មួយឡាន រួចមានគ្រប់អី បើលិចពេញហ្នឹងហើយ ហើយពិបាក។ ដល់អ៊ីចឹងវារញ៉េរញ៉ៃរៀនក៏អត់សូវកើតដែរ ភ្លៀងមកបន្តិចលិចហើយ»។
ការខ្វះអនាម័យត្រូវបានសិស្សានុសិស្សចោទថាមិនសូវមានការគិតគូរឲ្យបានច្រើនពីសំណាក់អ្នកដឹកនាំសាលារៀនប៉ុន្មានទេ ប៉ុន្តែនាយកសាលា លោក ស គីរី បានធ្វើការបដិសេធមិនផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថាលោកកំពុងតែធ្វើការដោះស្រាយបញ្ហានោះហើយ។
ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ជា ជាតិ បានមានប្រសាសន៍ប្រាប់ដែរថា លោកក៏ទទួលស្គាល់ដែរថា សាលារៀននោះនៅមានបញ្ហាខ្វះអនាម័យដោយមានទឹកលិចនៅក្នុងរដូវវស្សា ក៏ប៉ុន្តែបញ្ហានេះហាក់បានធូរស្រាលច្រើនហើយមកដល់ពេលនេះ មិនដូចកាលពីប៉ុន្មានឆ្នាំមុនដែលសាលារៀននោះមិនត្រឹមតែលិចទឹកភ្លៀងធម្មតាទេ គឺត្រូវរងគ្រោះដោយការបង្ហូរទឹកមានសារធាតុគីមីពុលពីរោងចក្រដែលនៅក្បែរនោះថែមទៀតផង។
លោកបានបន្តទៀតថា សាលាក្រុងបានធ្វើការដោះស្រាយបញ្ហានោះរួចរាល់អស់ហើយ ហើយឥឡូវនេះគឺនៅសល់តែទឹកដក់ធម្មតាក្នុងទីធ្លាសាលាតែបន្តិចបន្តួច ប៉ុន្តែមិនមានផលប៉ះពាល់អ្វីខ្លាំងដល់សុខភាពឬក៏រំខានដល់ការសិក្សារបស់សិស្សអ្វីនោះទេ។
មន្ដ្រីដដែលបានបញ្ជាក់ទៀតថា បើទោះជាយ៉ាងនេះក៏ដោយមន្ទីរអប់រំ យុវជននិងកីឡា ក្រុងភ្នំពេញ កំពុងតែរិះរកមធ្យោបាយធ្វើយ៉ាងណាដើម្បីកែលម្អសាលារៀននោះឲ្យមានអនាម័យនិងបរិស្ថានស្អាត។
លោក ជា ជាតិ បានឲ្យដឹងថា ៖ «គឺយើងនៅព្យាយាមដោះស្រាយទៀត ព្រោះលូកន្លែងហ្នឹង តំបន់ហ្នឹងកាលហ្នុងវាតូច ប្រជាជនរស់នៅទីហ្នុងតិច លូតូចអាចទៅរួច។ ដល់ឥឡូវប្រជាជនរស់នៅច្រើន លូនៅតែតូចទឹកហូរលែងទាន់តែម្ដង ដល់អ៊ីចឹងវាធ្វើឲ្យយើងអាចលិចលង់ពេលភ្លៀងហ្នឹងមួយរយៈមែន ហើយខាងអាជ្ញាធរសង្កាត់នៅកន្លែងហ្នឹងក៏ចុះសិក្សាដែរថាតើប៉ះកន្លែងណាអីកន្លែងណាដើម្បីកាយលូហ្នឹងឲ្យបានធំ ថាត្រូវដោះស្រាយបន្ទាន់។ ដូច្នេះខ្ញុំជឿថា មិនយូរមិនឆាប់ទេកន្លែងហ្នឹងគឺត្រូវតែស្អាត»។
ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា លោក ប៉ែន សារឿន បានមានប្រសាសន៍ប្រាប់ដែរថា ការរក្សាអនាម័យនៅក្នុងសាលារៀននិងមានបរិស្ថានល្អគឺជាកត្ដាសំខាន់មួយដ៏ចាំបាច់ដែលគេត្រូវធ្វើការគិតគូរចំពោះមុខ ពីព្រោះបញ្ហានេះជាផ្នែកមួយជួយជំរុញឬលើកទឹកចិត្ដឲ្យសិស្សានុសិស្សមានចិត្តសប្បាយរីករាយមកសិក្សារៀនសូត្រ។
លោកបន្តថា ចំពោះការងារនេះគឺជាកាតព្វកិច្វរបស់ថ្នាក់ដឹកនាំសាលារៀន ប៉ុន្តែក្នុងនោះគេត្រូវតែមានការចូលរួមជួយពីមជ្ឈដ្ឋានផ្សេងៗទៀតដែរ ដូចជាសមាគមមាតាបិតាសិស្សទ្រទ្រង់សាលារៀននិងអាជ្ញាធរមូលដ្ឋានជាដើម។
លោក ប៉ែន សារឿន បានមានប្រសាសន៍ថា ៖ «សាលាត្រូវមានការទំនាក់ទំនងសហគមន៍ហើយនិងអ្នកផ្ដល់ជំនួយ សុំគេឬមួយបុណ្យផ្កាអីអ៊ីចឹងទៅ។ បើយើងមិនមានការទំនាក់ទំនងល្អជាមួយសហគមន៍ទេ គឺថាសាលាយើងនៅខ្វះខាតច្រើនណាស់ បើរង់ចាំតែថវិការដ្ឋតែមួយមុខមិនបានទេ។ សាលាត្រូវតែមានស្មារតីភ្ញាក់រឭក ហើយរៀបចំធ្វើម៉េចឲ្យគេមានទំនុកចិត្ត គេជួយហើយ។ មើលសាលាឥឡូវ ឲ្យតែសាលាណាគេមានទំនុកចិត្តគេជួយតែម្ដង។ គេធ្វើផ្លូវដើរឲ្យក្មេង អត់ឲ្យមានទឹកមានអីទេ។ ឥឡូវហ្នឹងសាលាភាគច្រើនគេស្វះស្វែងមែនទែន។ ចាំដល់អ៊ីចេះ ចាំដល់អ៊ីចុះ ពីមួយពេលទៅមួយពេលសិស្សក៏មានការធុញធប់ដែរ»។
ដោយសារតែភាពខ្វះខាតអនាម័យក្នុងសាលារៀននោះ សិស្សានុសិស្សនៃវិទ្យាល័យទួលអំពិលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ក៏បានធ្វើសំណូមពរផងដែរដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនានាឲ្យជួយដោះស្រាយបញ្ហាទឹកលិចក្នុងសាលារៀននោះឲ្យបានឆាប់ដើម្បីឲ្យគេមានកន្លែងសិក្សាមួយប្រកបទៅដោយអនាម័យល្អស្អាតដែលជួយលើកកម្ពស់ដល់សុខភាព ព្រមទាំងជួយឲ្យការសិក្សារបស់គេមានភាពរីកចម្រើនផងដែរ៕