លោករដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាមួយនឹងក្រុមអ្នកយកព័ត៌មានថៃ ដែលបានធ្វើនៅក្នុងក្រុងបាងកក កាលពីព្រឹកថ្ងៃអង្គារនេះ។
នាយករដ្ឋមន្រ្តីថៃ លោក ស៊ុមឆាយ វង់សាវ៉ាត់ គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសខ្លះជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍នៅពាក់កណ្តាលខែតុលានេះ រាប់ទាំងប្រទេសកម្ពុជាផង បន្ទាប់ពីលោកបានត្រូវតែងតាំងជានាយករដ្ឋមន្រ្តីថៃថ្មីជំនួសលោក សាម៉ាក់ ស៊ុនថរ៉ៈវ៉េត។
តាមប្រសាសន៍របស់លោករដ្ឋមន្រ្តីការបទេសថៃ កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងផ្តោតលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃនិងជម្លោះតំបន់ប្រាសាទបុរាណមួយចំនួន ដូចជា ប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី ជាដើម។
ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានចាប់ផ្តើមឡើងនៅក្រោយពេលដែលប្រទេសកម្ពុជាដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងបន្ទាប់ពីការចូលលុកលុយរបស់ទាហានថៃចូលក្នុងវត្តខ្មែរកែវសិក្ខាគិរីស្វរៈ នៅតំបន់ប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កន្លងមកនេះ៕