នេះបើតាមសេចក្តីអះអាងរបស់កងរក្សាព្រំដែនខ្មែរដែលប្រតិបត្តិការប្រចាំតំបន់ជម្លោះជិតប្រាសាទព្រះវិហារដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក សាវយុត នៅល្ងាចថ្ងៃពុធនេះ។
មន្ត្រីកងរាជអាវុធហត្ថមួយរូបសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការនៅលើកំពូលភ្នំប្រាសាទព្រះវិហារថ្លែងថា គេបានឃើញទាហានថៃទាំងនោះចូលទៅកាន់តំបន់វាលឥន្ទ្រីជាប់ភ្នំទ្រព្យដែលជាទឹកដីរបស់ខ្មែរ ហើយបានបោះជំរំនៅតាំងពីម៉ោងប្រមាណ១០ព្រឹកមិញនេះមក។
មន្ត្រីខ្មែរដដែលចោទថា កងទ័ពថៃទាំងនោះព្យាយាមរំកិលចូលទៅក្នុងដីខ្មែរជាបន្តបន្ទាប់ បើទោះបីមានការជួបចរចារវាងមេបញ្ជាការខ្មែរនិងថៃប្រចាំទីតាំងនោះស្តីពីសំណើឲ្យទាហានថៃដកចេញទៅវិញក្តី។
មន្ត្រីខ្មែរដដែលថ្លែងថា កងទាហានប៉ារ៉ាថៃខ្លះត្រូវបានបញ្ជូនចូលទៅកាន់តំបន់ទល់មុខប្រាសាទព្រះវិហារនិងមួយចំនួនទៀតបានបញ្ជូនចូលទៅកាន់ច្រកតាសឹមខាងលិចភ្នំទ្រព្យ ៖ «ប៉ារ៉ាវាបុកចូលដូចមុនអ៊ីចឹង វាលឥន្ទ្រី ធ្វើតង់ធ្វើអី។ យើងចរចាជាមួយមេវា វាថាវាដកៗ តែអាកូនចៅវាចេះតែពង្រាយ វាត្រៀមតាមកន្លែងទាំងអស់ គ្រប់អង្គភាពអត់មានដើរទៅណាទេ កំពុងតែត្រៀមទាំងអស់គ្នា»។
ចំណែកមេបញ្ជាការកងពលធំលេខ៣ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរនៅតំបន់ជម្លោះនោះគឺលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មានប្រសាសន៍ថា លោកនៅពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ព្រោះថាលោកជាប់រវល់ចូលរួមក្នុងសិក្ខាសាលាមួយនៅឯទីរួមខេត្តព្រះវិហារឯណោះ។
តែប៉ូលិសដែលកំពុងប្រចាំការនៅលើខ្នងភ្នំប្រាសាទព្រះវិហារថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរអ្នករស់នៅក្នុងភូមិដែលឋិតនៅជើងភ្នំប្រាសាទព្រះវិហារជាង២០០គ្រួសារបានចាកចេញពីទីលំនៅឋានកាលពីព្រឹកមិញនេះនាំគ្នាឡើងទៅលើកំពូលភ្នំស្នាក់នៅជាបណ្តោះអាសន្ននៅតាមប្រាសាទនានាដោយសារតែមានក្តីបារម្ភខ្លាចមានការប៉ះអាវុធប្រយុទ្ធគ្នាជាថ្មីរវាងទាហានខ្មែរថៃនៅតាមតំបន់ដែលកំពុងមានជម្លោះនោះ។
មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយបន្តនៅថ្ងៃនេះ លោកមានប្រសាសន៍ថា កងទ័ពថៃទ័ពប្រយុទ្ធចំនួនជិត១០០នាក់បានចូលទៅក្នុងដែនដីខ្មែរនៅតំបន់ក្បែរប្រាសាទព្រះវិហារនោះចូលក្នុងដីខ្មែរប្រមាណជិតមួយគីឡូម៉ែត្រ។
ចំណែកលោកអនុសេនីយឯក ធៀម ធី នៃកងទ័ពរដ្ឋាភិបាលខ្មែរប្រចាំការនៅតំបន់ព្រំដែននោះមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ផ្សាយបន្តនៅថ្ងៃនេះដែរថា ស្ថានភាពនៅទីនោះកំពុងមានភាពតានតឹង។ កងទ័ពទាំងពីរភាគីកម្ពុជានិងថៃកំពុងត្រៀមប្រឈមមុខដាក់គ្នារួចជាស្រេចដើម្បីទប់ទល់នឹងការផ្ទុះអាវុធ។
ប៉ុន្តែខាងភាគីយោធាថៃបានបដិសេធការចោទប្រកាន់របស់មន្រ្តីខ្មែរទាំងនោះដោយថៃអះអាងថា មានកងទ័ពថៃតែពីរបីនាក់ប៉ុណ្ណោះដែលមានវត្តមាននៅឯតំបន់ជម្លោះនោះតាំងពីខែតុលា ឆ្នាំ២០០៨មកម៉្លេះ គឺតាំងពីគ្រាដែលមានការប៉ះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរកន្លងមក៕