ទាហានថៃរារាំងព្រះសង្ឃខ្មែរមិនឲ្យសាងសង់កុដិក្នុងវត្តកែវសិក្ខាគិរីស្វៈរៈ
2009.03.14
ទាហានថៃម្នាក់ឈ្មោះ ចាសូរ ក្នុងចំណោមគូកនជាច្រើនទៀតបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ថាពួកគេមិនសប្បាយចិត្តជាមួយព្រះសង្ឃខ្មែរដែលបានទៅជីករណ្តៅសសរដើម្បីរៀបចំគម្រោងសង់កុដិថ្មីមួយនៅកន្លែងដែលពួកគេកំពុងបោះជំរំនោះទេ។
ទាហានថៃដដែលនោះបានមានប្រសាសន៍ទៀតថា ពួកគេសុំឲ្យព្រះសង្ឃខ្មែរផ្អាកការសាងសង់មួយរយៈដើម្បីរង់ចាំការដោះស្រាយបញ្ហារវាងមន្ត្រីកម្ពុជានិងថៃឲ្យរួចរាល់សិន។
ក៏ប៉ុន្តែគណៈកម្មការអាចារ្យវត្តកែវសិក្ខាគិរីស្វៈរៈគឺលោកអាចារ្យស្វាបានមានប្រសាសន៍ថា ទាហានថៃបានព្យាយាមរារាំងព្រះសង្ឃខ្មែរមិនឲ្យសង់បង្គន់អនាម័យម្តងរួចមកហើយកាលពីពេលថ្មីៗ ក៏ប៉ុន្តែព្រះសង្ឃនៅតែជម្នះ ហើយពេលនេះទាហានថៃក្រុមដដែលនោះបានរារាំងព្រះសង្ឃខ្មែរមិនឲ្យសាងសង់កុដិដោយគំរាមថាបើនៅតែសាងសង់កុដិនោះពួកគេនឹងយកព្រះសង្ឃថៃមកនៅក្នុងទីវត្តនេះដែរ។
លោកអាចារ្យស្វាបានមានប្រសាសន៍ទៀតថា ទោះជាយ៉ាងណាព្រះសង្ឃខ្មែរនៅតែប្រកាន់ជំហរបន្តការសាងសង់កុដិថ្មីនោះពីព្រោះវាជាទឹកដីរបស់ខ្មែរ ៖ «យើងសាងសង់នៅតែសាងសង់អ៊ីចឹងព្រោះវត្តខ្មែររបស់យើង»។
មេបញ្ជាការយោធាខ្មែរនៃកងពលធំលេខ៣ដែលកំពុងគ្រប់គ្រងកងកម្លាំងទាហានខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ការដែលថៃរារាំងព្រះសង្ឃខ្មែរមិនឲ្យសង់កុដិនោះគឺលោកគ្រោងនឹងលើកយកទៅជជែកនៅក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការយោធាថៃនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បានមានប្រសាសន៍ថា ការហាមឃាត់មិនឲ្យសង់កុដិនោះគឺពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០០០មក ក៏ប៉ុន្តែថៃហាក់ដូចជាមិនគោរពតាមអនុស្សរណៈនៃការយោគយល់នោះ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បានបញ្ជាក់ថា ៖ «សាងសង់កុដិវាជារឿងដូចជាហាមឃាត់ ព្រោះវាពាក់ព័ន្ធនឹង MOU ដែលយើងកំពុងតែដោះស្រាយគ្នានៅថ្ងៃ១៧ហ្នឹងឯង។ ចុះបើថាយើងរំលោភ MOU មានថៃណាអនុវត្ត ប៉ុន្តែបើរឿងវារំលោភ MOU ដែលយើងត្រូវដោះស្រាយគ្នា»។
សូមរំឭកថា វត្តមានរបស់ទាហានឈុតខ្មៅថៃនៅក្នុងទីវត្តខ្មែរកែវសិក្ខាគិរីស្វៈរៈតាំងតែពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ នៅពេលដែលទាហានថៃរាប់រយនាក់បានលើកទ័ពចូលលុកលុយព្រំដែនខ្មែរនៅតំបន់ប្រាសាទព្រះវិហារ។
តាមកងទាហានខ្មែរបានឲ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារនៅតែមានការប្រុងប្រយ័ត្ន ខណៈដែលទាហានថៃនៅតែបន្តធ្វើសកម្មភាពផ្សេងៗជាច្រើននៅតាមតំបន់ជម្លោះទីនោះ៕