ក្រសួង​មហាផ្ទៃ៖ ទឹម សាខន អាច​រស់នៅ​ប្រទេស​កម្ពុជា​បាន

មន្រ្តី​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​មេសា ឆ្នាំ​២០០៩ ថា អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ឈ្មោះ ទឹម សាខន ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម អាច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ប្រសិន​បើ​លោក​មាន​បំណង។
ដោយ អ៊ុក សាវបូរី
2009-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន។
អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន។
RFA Photo/Mondulkeo

លោក ខៀវ សុភ័គ មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែង​អំពី​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ជា​ខ្មែរ ហេតុ​នេះ​បុគ្គល ទឹម សាខន អាច​មាន​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ៖ «បើសិន​ជា​គាត់​រស់នៅ​ក្នុង​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​រដ្ឋធម្មនុញ្ញ​របស់​ខ្មែរ គាត់​ជា​ជន​ខ្មែរ»

ការអះអាង​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន បាន​ត្រូវ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពី​ពន្ធនាគារ​និង​អនុញ្ញាត​ឲ្យ​មក​ចូលរួម​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​ភូមិ​តាឡឹង ឃុំ​ភ្នំដិន ស្រុក​គិរីវង្ស ខេត្ត​តាកែវ ជាមួយ​ឪពុក​និង​បង​ប្អូន ដើម្បី​ឧទ្ទិស​កុសល​ជូន​ម្តាយ​របស់​លោក​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក ទឹម សាខន នៅ​ថ្ងៃ​ដដែល​នេះ​មិន​អាច​ជួប​ផ្ទាល់​បញ្ជាក់​ពី​បំណង​របស់​លោក​ចង់​រស់នៅ​ប្រទេស​កម្ពុជា​ឬ​ចង់​រស់នៅ​ប្រទេស​វៀតណាម​បាន​ឡើយ។

បើ​យោង​តាម​ការផ្តល់​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ពេល​ថ្មីៗ​នេះ លោក ទឹម សាខន មាន​ប្រសាសន៍​ថា ៖ «ព្រួយ​បារម្ភ​ភ័យ​ណាស់ ខ្ញុំ​មក​នៅ​កម្ពុជា​ហ្នឹង ខ្ញុំ​ខ្លាច​ជាង​នៅ​វៀតណាម​ទៀត ភ័យ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន»

លោក ទឹម បាន ត្រូវ​ជា​ប្អូន​របស់​លោក ទឹម សាខន អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ឲ្យ​ដឹង​ថា លោក ទឹម សាខន បាន​ចេញ​ទៅ​សួរ​សុខទុក្ខ​បង​ប្អូន សាច់​ញាតិ មិន​ទាន់​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ។

រីឯ​លោក ទឹម ធាង ត្រូវ​ជា​ឪពុក​របស់​លោក ទឹម សាខន រស់នៅ​ភូមិ​តាឡឹង ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ អះអាង​ថា លោក​ចង់​ឲ្យ​លោក ទឹម សាខន ជា​កូន មក​រស់នៅ​ជាមួយ​គាត់ ឯ​ប្រទេស​កម្ពុជា។

លោក ទឹម ធាង បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ក៏​ចង់​ដែរ ខ្ញុំ​សូម​ស្នើ​ទៅ​អង្គការ​ទាំងអស់ ទាំង​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ អង្គការ​សហ​ប្រជាជាតិ​អី​សូម​ជួយ​ដោះស្រាយ​រឿង​ហ្នឹង។ បាន​កូន​ខ្ញុំ​មក​នៅ​វិញ ខ្ញុំ​ក៏​ត្រេកអរ ចាស់​ហើយ»

មន្រ្តី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សាវ៉េត មាន​ប្រសាសន៍​ជុំវិញ​រឿងរ៉ាវ លោក ទឹម សាខន ថា ៖ «តាម​ព័ត៌មាន យើង​គិត​ថា លោក ទឹម សាខន គាត់​ហាក់​បី​ដូច​ជា​មាន​ការព្រួយ​បារម្ភ​ច្រើន​បញ្ហា​សុវត្ថិភាព​របស់​គាត់»

អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​ដោយ​ប្រញាប់​ប្រញាល់ រួច​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម​រយៈពេល​១​ឆ្នាំ ដោយ​ចោទ​លោក​ថា​បាន​បង្ក​ឲ្យ​មាន​ការបំបែក​បំបាក់​ចំណង​សាមគ្គីភាព​ខ្មែរ​វៀតណាម​កាលពី​ឆ្នាំ​២០០៧​កន្លង​មក។

ក្រោយ​ពី​ការដោះលែង​ពី​ពន្ធនាគារ​មក​ដោយ​មាន​ការចុះ​សួរ​សុខ​ទុក្ខ​ពី​មន្រ្តី​រដ្ឋសភា​ខ្មែរ និង​ការថ្កោលទោស​ជា​ខ្លាំង​ពី​សំណាក់​មន្រ្តី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក ទឹម សាខន ត្រូវ​វៀតណាម​ដោះលែង​មក​វិញ។ ប៉ុន្តែ​លោក​នៅតែ​ស្ថិត​ក្រោម​ការឃ្លាំ​មើល​របស់​វៀតណាម​ដដែល​បើ​តាម​ការអះអាង​របស់​មន្រ្តី​សិទ្ធិ​មនុស្ស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល