លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែធ្នូ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី “ការពិគ្រោះយោបល់ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព” ថា សហជីពធំៗចំនួន ៥ នឹងដឹកនាំកម្មករជាង ៣០ម៉ឺននាក់ ធ្វើកូដកម្មមិនចូលធ្វើការនាដើមឆ្នាំ២០១២ បើក្រសួងការងារមិនដាក់មតិយោបល់របស់ភាគីសហជីពចូលក្នុងសេចក្ដីព្រាងច្បាប់លើកទី៥ ស្ដីពីសហជីព ដែលគណៈកម្មការតាក់តែងច្បាប់ពុំបានដាក់បញ្ចូលកន្លងមកនោះ។
លោក រ៉ុង ឈុន បន្ថែម៖ «បើច្បាប់នេះចេញទៅហើយមិនបានកែលំអ វាបានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្មករ ប៉ះពាល់ដល់សេរីភាពសហជីព ហើយសហជីពនឹងងាយបាត់បង់ពីបញ្ចីការ ដូចជាក្នុងករណីមាត្រា៤៥ ក្ដី»។
លោក រ៉ុង ឈុន ថា មានមាត្រាជាង ២០ ក្នុងចំណោម ៩១មាត្រា ដែលគណៈកម្មការតាក់តែងច្បាប់នេះមិនទាន់ដាក់បញ្ចូលខ្លឹមសារកែតម្រូវ ចូលទៅក្នុងសេចក្ដីព្រាងច្បាប់សហជីពនៅឡើយ។ លោកថ្លែងថា សេចក្ដីព្រាងច្បាប់នេះ បើក្រសួងការងារមិនបញ្ចូលមតិយោបល់របស់សហជីពទេ នឹងនាំឲ្យរង្គោះរង្គើដល់វិស័យកាត់ដេរទាំងថ្នាក់ជាតិ និងអន្តរជាតិ។
មិនខុសគ្នាទេ លោក ជួន មុំថុល ជាប្រធានសហព័ន្ធសហជីពខ្មែរ។ លោកក៏បានស្នើទៅក្រសួងការងារឲ្យពិនិត្យ និងដាក់បញ្ចូលខ្លឹមសាររបស់សហជីពចូលក្នុងមាត្រានៃសេចក្ដីព្រាងនេះ ដើម្បីផលប្រយោជន៍ទាំងអ្នកវិនិយោគទុន សហជីព និងកម្មករ។
លោក ជួន មុំថុល បន្ថែម៖ «មាត្រាទី៦៦ បើយើងមើលទៅអាចមានបញ្ហាដល់សហជីពពេលធ្វើកូដកម្ម។ ធម្មតាធ្វើកូដកម្មវាប៉ះពាល់ដល់ផ្លូវច្រកចូល ហើយរោងចក្រអាចជួលមេធាវីធ្វើពាក្យបណ្ដឹងទៅតុលាការនាំឲ្យប៉ះពាល់ដល់សហជីព»។
ចំណែកឯលោកស្រី ម៉ម ញឹម ជាប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានអះអាងថា សេចក្ដីព្រាងច្បាប់លើកទី៥ ស្តីពីសហជីព ដែលក្រសួងការងារទើបផ្ញើជូនមេដឹកនាំសហជីពថ្មីៗនេះ បើក្រសួងមិនកែសម្រួលមាត្រាខ្លះដែលនៅខ្វះចន្លោះតាមការចង់បានរបស់សហជីពទេ ច្បាប់នេះនឹងរឹតបន្តឹងដល់សកម្មភាពសហជីព និងបំបិទសិទ្ធិកម្មករធ្ងន់ធ្ងរ។
លោកស្រី ម៉ម ញឹម ឲ្យដឹងដូច្នេះ៖ «ទាក់ទិនទៅនឹងមាត្រា ៤៥ យើងឃើញថា ពេលដែលអធិការកិច្ចរកឃើញកម្មករមិនមានកំហុសអធិការកិច្ចសម្រេចឲ្យចូលធ្វើការវិញ ក៏ប៉ុន្តែអត្ថប្រយោជន៍ពួកគាត់ត្រូវបាត់បង់។ អ៊ីចឹងគាត់អត់មានកំហុស តែបែរជាគាត់បាត់បង់អត្ថប្រយោជន៍»។
មេដឹកនាំសហជីពបានឲ្យដឹងថា ពួកគេទើបទទួលបានសេចក្ដីព្រាងច្បាប់លើកទី៥ ស្ដីពីសហជីព ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែសេចក្ដីព្រាងច្បាប់លើកទី៥ នេះ ឃើញមានមាត្រាខ្លះបានកែលំអ ប៉ុន្តែនៅមានមាត្រាច្រើនទៀត ក្រសួងមិនបានកែសម្រួលតាមសំណើភាគីសហជីពស្នើសុំឲ្យកែទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីបំភ្លឺជុំវិញសេចក្ដីព្រាងច្បាប់លើកទី៥ ស្ដីពីសហជីពបានទេ នៅរសៀលថ្ងៃទី២១ ខែធ្នូ ប៉ុន្តែថ្មីៗនេះ មន្ត្រីក្រសួងការងារបានឲ្យដឹងថា សេចក្ដីព្រាងនេះក្រសួងបានជួបពិភាក្សាជាមួយមេដឹកនាំសហជីពកម្មករច្រើនសាមកហើយ និងបានបញ្ចូលសំណើពួកគេចូលក្នុងសេចក្ដីព្រាងនេះបានជាច្រើនចំណុច។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន ១៧ ជំពូក និង ៩១ មាត្រា។ ច្បាប់នេះត្រូវបានមន្ត្រីក្រសួងការងារបញ្ជាក់ថា មានគោលបំណងផ្ដល់សិទ្ធិ និងសេរីភាពនៃអង្គការវិជ្ជាជីវៈដល់កម្មករនិយោជិត និងនិយោជក ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់មេដឹកនាំសហជីពកម្មករវិញ បានប្រតិកម្មនឹងចាត់ទុកច្បាប់នេះជារនាំងបិទសិទ្ធិសេរីភាពបង្កើតសហជីពតាមរោងចក្រកាត់ដេរ ជាពិសេសលើចំណុចនៃការដាក់ទោសទណ្ឌទៅលើសកម្មជនសហជីពជាដើម៕
