នាយសេនាធិការកងពលតូច លេខ៤២ ដែលកំពុងគ្រប់គ្រងទាហានខ្មែរ នៅតំបន់ប្រាសាទតាមាន់ លោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ទី១២ ខែសីហាថា កាលពីថ្ងៃចន្ទ លោកបានជួបប្រជុំជាមួយមេបញ្ជាការកងរយរបស់ទាហានឈុតខ្មៅថៃ ឈ្មោះ សំ ឃួន ដោយស្នើសុំឲ្យទាហានថៃ ធ្វើការរុះរើរបងលួសបន្លា ដែលហ៊ុមព័ទ្ធប្រាសាទតាមាន់ចេញដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានចេញចូលទៅលើប្រាសាទ។
មន្រ្តីយោធាខ្មែរបានមានប្រសាសន៍ថា របងលួសបន្លា ដែលហ៊ុមព័ទ្ធពីមុខប្រាសាទតាមាន់ ចម្ងាយជាង ៤០ម៉ែត្រ គឺទាហានថៃបានដាក់កាលពីអំឡុងខែមេសា កន្លងមក ៖ «ម្សិលមិញ ខ្ញុំទៅជួប សំណូមពរឲ្យវារើរបងលួស ដែលវាដាក់យូរហើយ ឲ្យបើករបងឲ្យប្រជាពលរដ្ឋចេញចូលប្រាសាទបាន។ វាថា វានឹងពាំនាំពាក្យដែលយើងសុំហ្នឹង ទៅជូនថ្នាក់លើវិញ»។
លោក នាក់ វង្ស បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជួបប្រជុំរវាងមេបញ្ជាការយោធាខ្មែរ-ថៃ ប្រចាំតំបន់ប្រាសាទតាមាន់នោះ ជាញយៗ ភាគីខ្មែរបានទាមទារឲ្យថៃ ដកកងទ័ពចេញពីតំបន់ប្រាសាទ។ ក៏ប៉ុន្តែ មេបញ្ជាការយោធាថៃ បានត្រឹមតែឆ្លើយតបថា គេនឹងនាំពាក្យដែលកម្ពុជាស្នើសុំនោះទៅជូនមេបញ្ជាការថ្នាក់ធំតែប៉ុណ្ណោះ។
តាមយោធាខ្មែរប្រចាំការនៅតំបន់ប្រាសាទតាមាន់ ឲ្យដឹងថា កងទ័ពខ្មែរជាច្រើន ដែលកំពុងបញ្ជូនទៅប្រឈមមុខដាក់គ្នាជាមួយកងទាហានឈុតខ្មៅថៃ កំពុងមានជំងឺគ្រុនចាញ់ ខ្វះថ្នាំពេទ្យ ខ្វះតង់កៅស៊ូបោះជំរំ និងម្ហូបអាហារ។
ចំណែកតំបន់ប្រឈមមុខដាក់គ្នា នៅឯប្រាសាទព្រះវិហារ ឯណោះវិញ កងទាហានខ្មែរ-ថៃ នៅតែមានភាពតានតឹង ដោយគ្រាន់តែមិនមានការផ្ទុះអាវុធ ហើយរហូតមកដល់ថ្ងៃនេះ កងទ័ពថៃ មិនបាននិយាយអំពីគម្រោងដកចេញពីទឹកដីខ្មែរទេ។ កងទ័ពទាំងសងខាងមានស្ថានភាពស៊ាំរស់នៅជិតគ្នា ដោយរង់ចាំស្ដាប់តែលទ្ធផលដែលចរចារវាងមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។
រហូតមកដល់ថ្ងៃអង្គារនេះ មានសេចក្ដីរាយការណ៍ថា ក្រុមប្រជាពលរដ្ឋខ្លះ ដែលបានភៀសខ្លួន ដោយសារតែភ័យខ្លាចការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ-ថៃ នៅតំបន់ជម្លោះប្រាសាទព្រះវិហារ បានវិលត្រឡប់មកផ្ទះរបស់គេវិញ នឹងចាប់ផ្ដើមប្រកបរបរលក់ដូរប្រចាំថ្ងៃ។
ស្រ្តីម្នាក់ដែលរស់នៅក្នុងភូមិក្រោមប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា គាត់បានស៊ាំនឹងស្ថានការណ៍ប្រឈមមុខដាក់គ្នា ដោយយោធាខ្មែរ-ថៃ របៀបនេះ ហើយគាត់មិនមានការភ័យខ្លាចទៀតទេ ៖ «ឥឡូវខ្ញុំគ្មានខ្លាចអីទៀតទេ គ្មានថ្ងៃដែលយកបានទេ ទាហានខ្មែរយើងជាច្រើន»។
សូមបញ្ជាក់ថា ចាប់តាំងតែពីកងទាហានឈុតខ្មៅថៃ បានចូលលុកលុយទីវត្តកែវសិក្ខាគិរីស្វារៈ ជាទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា មានរយៈពេល ២៨ថ្ងៃហើយ ដោយមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្យាយាមជួបចរចារកដំណោះស្រាយបញ្ចប់ជម្លោះបញ្ហាព្រំដែនចំនួនពីរលើករួចមកហើយ ពុំបានលទ្ធផលល្អទេ៕
