ជនរងគ្រោះឈ្មោះ តុន ពយ អាយុ១៨ឆ្នាំ នៅភូមិទួល ឃុំចក្រី ស្រុកកំរៀង បានបញ្ជាក់នាព្រឹកថ្ងៃច័ន្ទ ទី២២ ខែធ្នូ ថា មុនពេលកើតហេតុខ្លួននិងមិត្តភ័កិ្ក២នាក់ទៀតកំពុងអង្គុយនៅផ្ទះលក់គ្រឿងទេសមួយនៅភូមិទឹកផុស ឃុំអង្គរបាន ស្រាប់តែទាហាននៃវរសេនាតូចថ្មើរជើងលេខ២ប្រចាំស្រុកសំពៅលូន មានគ្នា៨នាក់ បានព្រួតវាយខ្លួនដោយគ្មានមូលហេតុ។
យុវជន តុន ពយ រៀបរាប់ដូច្នេះថា ៖ «មូលហេតុអត់ដឹងរឿង។ កំពុងតែអង្គុយហូបនំធម្មតា ហើយគេមកវ៉ៃចំក្បាល បែកក្បាល ពកថ្ងាសគ្រប់កន្លែងទាំងអស់។ យកអំពៅវ៉ៃ ខ្នោះវ៉ៃ ខ្សែក្រវាត់វ៉ៃ គេអត់មានសួរហេតុផលអីមកដល់វ៉ៃតែម្តង ទាហាននៅស្រុកសំពៅលូន ៨នាក់ ទាំងអស់ស្លៀកពាក់ជាស៊ីវិល»។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីព្រលប់ថ្ងៃទី១៩ ខែធ្នូ នៅភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះម្នាក់ទៀត ឈ្មោះ លីវ ត្រេន អាយុ ២០ឆ្នាំ បានបន្ថែមថា ៖ «ទៅដល់បន្ទាយ វាយខ្ញុំរួចមួយសា បានដាក់ខ្នោះ ហើយវាយមួយសាទៀត។ គេអត់បា្រប់ពីមូលហេតុផង ហើយដល់ពេលនេះគេថា ច្រឡំមនុស្ស»។
កងទ័ពរងការចោទនេះ មិនអាចសុំបញ្ជាក់បានទេ ប៉ុន្តែ លោក ណន វ៉ាន់នី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២ ប្រចាំស្រុកសំពៅលូន ចោទវិញថា យុវជនទាំងពីរនាក់និងគ្នីគ្នាដទៃទៀតបានចាក់ឲ្យទាហានរបស់លោករងរបួសមុន។
លោក ណន វ៉ាន់នី មានប្រសាសន៍ថា ៖ «មូលហេតុអី វាយគ្នាទៅវិញទៅមក វាវាយទាហាន ខ្ញុំដែរ ពួកវាមកទិញស្ករគ្រាប់ ពួកហ្នុងមកចាក់ដៃទាហានខ្ញុំរបួសម្នាក់»។
ទោះជាយ៉ាងនេះក្តី ក្រុមជនរងគ្រោះ បានបដិសេធថា មិនបានចាក់ទៅលើទាហានដូចការអះអាងនេះទេ។
ឪពុកជនរងគ្រោះ លោក ឡា ទីម បានថ្លែងថា មេបញ្ជាការយោធាបានសុំចេញលុយសង១០ម៉ឺនរៀលនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ប៉ុន្តែលោកបដិសេធ ហើយទាមទារឲ្យចេញលុយសងចំពោះថ្លៃព្យាបាលនៅមន្ទីរពេទ្យ។
លោក ឡា ទីម មានប្រសាសន៍ថា ៖ «ឲ្យមេទាហានណែនាំកូនទាហាន រៀបចំសណ្ដាប់ធ្នាប់កូនទាហានហ្នឹងឲ្យត្រឹមត្រូវ កុំឲ្យដើរវ៉ៃប្រជាពលរដ្ឋពាសវាលពាសកាលអ៊ីចឹង»។
អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានថ្លែងថា សមត្ថកិច្ចប៉ូលិសមិនបានសម្របសម្រួលទេ ហើយបច្ចុប្បន្នកំពុងរង់ចាំឯកសារពីនគរបាលស្រុកភ្នំព្រឹក ដើម្បីបញ្ជូនសំណុំរឿងទៅថ្នាក់លើ។
មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកខេត្តបាត់ដំបង លោក យិន ម៉េងលី បានថ្លែងថា តាមការអង្កេតនិងការបំភ្លឺរបស់សាក្សី គឺក្រុមទាហានបានវាយទៅលើយុវជនដោយការយល់ច្រឡំយ៉ាងសន្ធាប់។
លោកបញ្ជាក់ថា សមាគមអាដហុកធ្វើលិខិតទៅមេបញ្ជាការខេត្តនិងយោធភូមិភាគ៥ ដើម្បីទាមទារឲ្យមានការដោះស្រាយតាមវិន័យកងទ័ព។
គួរបញ្ជាក់ថា យុវជនទាំង២នាក់ ក្រោយពីមានរបួសត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកយោធភូមិភាគ៥ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕