លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកមានប្រសាសន៍ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់សៀវភៅស្តីពីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស ល្ងាចថ្ងៃទី៧ ខែធ្នូ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ ថា សៀវភៅធុរកិច្ច ឬពាណិជ្ជកម្ម និងសិទ្ធិមនុស្ស គឺបានបំភ្លឺពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសហគ្រាសពាណិជ្ជកម្ម។
លោកថ្លែងឲ្យដឹង តាមរយៈសំឡេងអ្នកបកប្រែភាសាទៀតថា សៀវភៅនេះបានអនុម័តយល់ព្រមដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែមិថុនា ឆ្នាំ២០១១។ សៀវភៅស្តីពីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស បានបោះពុម្ពជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។
លោក សុរិយា សូប៊ែឌី បន្ថែម៖ «ក្នុងន័យខាងលើនេះ ការអនុវត្តនូវវិធីសាស្ត្រសិទ្ធិមនុស្សចំពោះការបដិបត្តិផ្នែកពាណិជ្ជកម្មនេះ គឺមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលវែង។ ហេតុដូច្នេះហើយបានជាទស្សនៈទាំងពីរនេះហាក់ដូចជាខុសគ្នា ដែលម្យ៉ាងពាណិជ្ជកម្ម ហើយម្យ៉ាងសិទ្ធិមនុស្សមានភាពសមស្របគ្នា»។
លោក ធន សារ៉ាយ ជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក។ លោកបានចាត់ទុកសៀវភៅណែនាំពាណិជ្ជកម្ម និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាផែនទីបង្ហាញផ្លូវដល់រដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មផ្សេងៗ សង្គមស៊ីវិល សហគមន៍រងផលប៉ះពាល់ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ឲ្យធ្វើប្រតិបត្តិការស្របតាមក្របខ័ណ្ឌគោលនយោបាយស្ដីពី «ការការពារ ការគោរព និងការដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់»។
លោក ធន សារ៉ាយ បន្ថែម៖ «ខ្ញុំគិតថា ឧត្ដមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គួរតែមានការរៀបចំអញ្ជើញអ្នកជំនាញការនៅក្នុងក្រុមការងារនេះ ដើម្បីមកជួយរៀបចំជាវេទិកាសម្រាប់សហគមន៍ធុរកិច្ចរបស់យើងឲ្យបានជ្រួតជ្រាបពីបញ្ហានេះ ដើម្បីកុំឲ្យមានការបកស្រាយខុសគ្នាទៅថ្ងៃមុខ»។
បន្ថែមលើនេះ អ្នកស្រី លេន វែនលិន ជាទីប្រឹក្សាការិយាល័យនៃឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកពាណិជ្ជកម្ម និងសិទ្ធិមនុស្ស ប្រចាំទីក្រុងហ្សឺណែវ។ អ្នកស្រីក៏បានចាត់ទុកការបោះពុម្ភសៀវភៅណែនាំពាណិជ្ជកម្ម និងសិទ្ធិមនុស្សថា ជាឧបករណ៍ជំរុញឲ្យមានការទទួលខុសត្រូវរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកវិនិយោគទុននានា ស្ថិតក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សៀវភៅគោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស បង្កើតឡើងដោយលោកសាស្ត្រាចារ្យ ចន រ៉ាក់គី (Professor John Ruggie) ជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស សាជីវកម្មឆ្លងដែន និងសហគ្រាសពាណិជ្ជកម្មផ្សេងៗ។
សៀវភៅនេះមានខ្លឹមសារផ្ដោតទៅលើការអនុវត្តក្របខ័ណ្ឌអង្គការសហប្រជាជាតិស្ដីពី «ការការពារ ការគោរព និងដំណោះស្រាយ» ដែលត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអនុម័តជាឯកច្ឆន្ទនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១៕
