តំណាងប្រជាពលរដ្ឋមួយរូប លោក ឃុន ជុច បានអះអាងថា ការចរចានៅថ្ងៃទី២៨ កុម្ភៈ មិនបានលទ្ធផលអ្វីទេក្រៅពីការដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញទៅមក ក្នុងនោះភាគីក្រុមប្រឹក្សាឃុំដែលមានសមាជិកចូលរួមចំនួនប្រាំរូប បានដាក់សំណើបីចំណុចចំពោះប្រជាពលរដ្ឋ។ ទី១ឲ្យក្រុមហ៊ុនកាយព្រំជាមុនសិន។ ទី២ សូមបន្តការឈូសឆាយ តែបើប៉ះចំស្រែប្រជាពលរដ្ឋគឺធ្វើការរំលង។ ទី៣ក្រោយពីឈូសព្រំហើយ ក្រុមហ៊ុននឹងចុះកិច្ចសន្យាទទួលស្គាល់ដីប្រជាពលរដ្ឋ។
ភាគីប្រជាពលរដ្ឋបានដាក់លក្ខខណ្ឌបីចំណុចចំពោះក្រុមប្រឹក្សាឃុំវិញដែរ គឺប្រជាពលរដ្ឋសុំមើលថា តើស.ជ.ណចេញនៅថ្ងៃណាខែណា សុំឲ្យក្រុមហ៊ុនចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋសិនមុននឹងបន្តការឈូសឆាយតទៀត ហើយជាចុងក្រោយប្រជាពលរដ្ឋសុំឲ្យក្រុមហ៊ុនដកគ្រឿងចក្រចេញពីការដ្ឋានឈូសឆាយ។
លោក ឃុន ជុច បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំសុំឲ្យរាជរដ្ឋាភិបាលជួយថា ដកគ្រឿងចក្រហ្នឹងចេញពីអមលាំងទៅ បើសិនជាទុកគ្រឿងចក្រហ្នឹងនៅអមលាំងទៀត ប្រជាពលរដ្ឋច្បាស់ជារងទុក្ខវេទនាមិនខាន»។
តំណាងប្រជាពលរដ្ឋមួយរូបទៀត អ្នកស្រី ប្រាក់ ស៊ីណា ក៏បានអះអាងប្រហាក់ប្រហែលគ្នានេះដែរអំពីជំហររបស់ប្រជាពលរដ្ឋ ៖ «ក្រោយពេលប្រជុំចប់គាត់មិនទាន់ឲ្យគ្រឿងចក្រវិលកង់អីទេ បើបញ្ឆេះ គឺបញ្ឆេះបាន ព្រោះក្រែងលោគ្រឿងចក្រគេខូចអីគាត់ឲ្យគេបញ្ឆេះ គាត់និយាយអ៊ីចឹង តែបើវិលកង់គាត់អត់ទាន់ឲ្យវិលកង់ទេ លុះត្រាតែក្រុមហ៊ុនធ្វើជាលាយលក្ខណ៍អក្សរចង់ថា ផ្ដិតមេដៃឲ្យគាត់ បើថាតែមាត់គាត់លែងជឿហើយ ព្រោះក្រុមហ៊ុនមុនមកកុហកគាត់ យកដីគាត់អស់រលីង»។
មេឃុំអមលាំង លោកស្រី ហាប់ ដាំ បានថ្លែងថា អាជ្ញាធរពិតជាមានការលំបាកក្នុងការពន្យល់ប្រជាពលរដ្ឋដែលកំពុងតែមានការភ័យព្រួយអំពីការបាត់បង់ដីធ្លី តែលោកស្រីថា នឹងព្យាយាមតទៅទៀតក្នុងការចុះបញ្ជីដីស្រែចម្ការដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកស្រី ហាប់ ដាំ មានប្រសាសន៍ថា ៖ «គាត់យល់ច្រឡំថា យើងមិនគិតគូរឲ្យគាត់ហ្នឹង ប៉ុន្តែការពិតយើងកំពុងតែគិតគូរហើយ។ យើងដោះស្រាយជាមួយក្រុមហ៊ុន ជម្រាបក្រុមហ៊ុនថា ត្រូវទុកដីស្រែដីចម្ការឲ្យគាត់ មិនឲ្យប៉ះពាល់ទេ ព្រោះអីប្រជាពលរដ្ឋយើងរស់បានដោយសារស្រែហ្នឹងហើយ គាត់ខ្លាចបាត់បង់ស្រែគាត់ណាស់ ហើយនិងធានាថា ការពារជូនគាត់ឲ្យបាន»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោកស្រី អ៊ូជ បូរ បានមានប្រសាសន៍ថា អ្នកស្រីកំពុងសិក្សាស្វែងយល់ថា តើការធ្វើសម្បទានដីធ្លីឲ្យទៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើនោះបានចុះបញ្ជីហើយឬមួយយ៉ាងណា ដោយអ្នកស្រីបន្តថា បើមិនទាន់បានចុះបញ្ជីទេហើយធ្វើការឈូសឆាយនោះគឺជារឿងខុសច្បាប់។
លោកស្រី អ៊ូជ បូរ មានប្រសាសន៍ដូច្នេះ ៖ «រដ្ឋាភិបាលមុននឹងផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនណា ទី១ត្រូវសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់សិន។ ទី២ ប្រសិនបើមានផលប៉ះពាល់ដូចគាត់ចោទប្រកាន់ហ្នឹង ត្រូវតែមានការដោះស្រាយជាបន្ទាន់ ហើយទី៣ ចង់ដឹងថា តើការសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនហ្នឹងអាចបម្រើផលប្រយោជន៍ឲ្យពលរដ្ឋច្រើនជាង ឬបម្រើផលប្រយោជន៍ឲ្យក្រុមហ៊ុនច្រើនជាង?»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ជុំវិញបញ្ហានេះបាននៅឡើយទេ។
តាមការអះអាងពីសំណាក់មន្ត្រីនៃស្ថាប័នដែលពាក់ព័ន្ធ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ទទួលបានដីសម្បទានចំនួន៣.០០០ហិកតានៅក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
