ស្នងការ​ប៉ូលិស​ក្រុង​ជួប​មន្ត្រី​ទូត​អាមេរិក​ពី​ករណី​ឃាតកម្ម​លើ​អ្នក​កាសែត

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​៣០​នេះ​ថា លោក​បាន​ជួប​ជាមួយ​លេខា​ទី​១ របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ការផ្តល់​ព័ត៌មាន​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស​នោះ ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ថា ៖ «រហូត​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​សហការ​គ្នា​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​ជូន​លោក​លេខា​ទី​មួយ​ស្ថានទូត​អាមេរិក​ថា យើង​ខ្ញុំ​រីករាយ​នឹង​ទទួល​កិច្ច​សហការ​ផ្ដល់​ព័ត៌មាន​ពី FBI (អេហ្វ.ប៊ី.អាយ) ជុំវិញ​ករណី​ហ្នឹង ហើយ​មិន​មែន​តែ អេហ្វ.ប៊ី.អាយ មួយ​ទេ ស្ថាប័ន​ណា​ក៏​ដោយ​ឲ្យ​តែ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ ឈាន​ទៅ​រក​ការចាប់​មុខ​សញ្ញា​បាន​ឆាប់​រហ័ស គឺ​យើង​ខ្ញុំ​រីករាយ​នឹង​ទទួល​សហការ​ជាមួយ ក៏​ប៉ុន្តែ​ឲ្យ​ខ្ញុំ​ទៅ​សុំ​ឲ្យ អេហ្វ.ប៊ី.អាយ សហការ វា​ផុត​ពី​សមត្ថភាព​យើង»

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ក្រុង​ភ្នំពេញ​កំពុង​បន្ត ប្រមូល​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​ករណី​ឃាតកម្ម​ដើម្បី​ឈាន​ដល់​ការកំណត់​មុខ​សញ្ញា​របស់​ ឃាតករ ។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «យើង​បាន​បង្កើត​គណៈកម្មការ​មួយ ស្រាវជ្រាវ​កន្លែង​កើត​ហេតុ សាក្សី​ជុំវិញ​កន្លែង​កើត​ហេតុ ហើយ​ឥឡូវ​យើង​បាន​ប្រមូល​ព័ត៌មាន​ជុំវិញ​ក្រុម​គ្រួសារ ហើយ​យើង​បាន​គូរ​រូប​មុខ​សញ្ញា ដូច្នេះ​យើង​នឹង​បន្ត​ការស៊ើប​អង្កេត​ថែម​ទៀត ។ យើង​បាន​គូរ​ចេញ​ហើយ ក៏​ប៉ុន្តែ​រូប​គំនូរ​វា​មិន​ច្បាស់​ដូច​រូប​ពិត ដូច្នេះ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត អ្វី​ដែល​អាច​ឲ្យ​យើង​កំណត់​ឈាន​ទៅ​ចាប់​ខ្លួន​មុខ​សញ្ញា​បាន»

សូមបញ្ចាក់ជូនថា អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សម្បូរណ៍ អាយុ​៤៧​ឆ្នាំ និង​កូន​ប្រុស ខាត់ សារិន្ទភាតា អាយុ​២១​ ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាញ់​សម្លាប់​នៅ​ជិត​ស្តាត​អូឡាំពិក កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ខណៈ​ដែល​ជន​រងគ្រោះ​ទាំង​ពីរ​ជិះ​ម៉ូតូ​ចេញ​ពី​ហាត់​ប្រាណ​នៅ​ឯ​ស្តាត​អូឡាំពិក ៕