ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​សម្រាប់​ឆ្នាំ​២០១០​ចាប់​ផ្ដើម​ហើយ

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​២០១០ ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា Diversity Visa Lottery ឬ​ឆ្នោត DVនោះ គឺ​បាន​ចាប់​ផ្តើម​បើក​ឲ្យ​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ហើយ។

0:00 / 0:00

កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ដើម្បី​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ ក៏​មាន​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ផង​ដែរ។

លោក Brian Lieke ជា​ប្រធាន​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​តាមរយៈ​អ្នក​បក​ប្រែ​ភាសា​ប្រចាំ​ស្ថានទូត​ថា ការ​បំពេញ​ពាក្យ​សុំ​តាម​ប្រព័ន្ធ​អ៊ិនថឹណិត​ដើម្បី​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៨​នេះ ៖ «កម្មវិធី​ឆ្នោត​ផ្សង​សំណាង ដែល​ហៅ​កាត់​ថា ឆ្នោត DV ប្រចាំ​ឆ្នាំ ២០១០ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០០៨ ហើយ​និង​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០០៨ ដែរ»

លោក Brian Lieke មាន​ប្រសាសន៍​បន្ត​ថា មាន​ចំណុច​សំខាន់​យ៉ាង​ហោច​ពីរ​យ៉ាង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ ដែល​មាន​បំណង​ដាក់​ឆ្នោត​ផ្សង​សំណាង​នេះ គឺ​ថា ពាក្យសុំ​ទាំង​ឡាយ នឹង​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​អ៊ិនថឹណិត និង​ដាក់​តាម​អាសយដ្ឋាន​អ៊ិនថឹណិត​ផ្លូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តែ​ប៉ុណ្ណោះ។

លោក Brian Lieke មាន​ប្រសាសន៍​តាមរយៈ​អ្នក​បកប្រែ​យ៉ាង​ដូច្នេះ​ថា ៖ «មាន​ចំណុច​សំខាន់​ពីរ​ដែល​លោក​អ្នក​ត្រូវ​តែ​យល់​ដឹង អំពី​ការដាក់​ពាក្យ​ទៅ​ក្នុង​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក។ ទី​១ គឺ​ការ​ចុះ​ឈ្មោះ​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ Online (ប្រព័ន្ធ​អ៊ិនថឹណិត)។ ការចុះ​ឈ្មោះ​ដោយ​ប្រើ​ក្រដាស នឹង​មិន​ត្រូវ​បាន​គេ​ទទួល​យក​ឡើយ។ ហើយ​ជា​សំខាន់​នោះ គឺ​វ៉ឹបសៃថ៍​ដែល​ជា​វ៉ឹបសៃថ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គឺ www.dvlottery.state.gov »

យោងតាម​សេចក្តី​ណែនាំ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​អាច​ចូលរួម​លេង​ឆ្នោត​ផ្សង​សំណាង គឺ​ពលរដ្ឋ​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​តទៅ ៖ ពលរដ្ឋ​នោះ ត្រូវ​មាន​កម្រិត​វប្បធម៌ សញ្ញាបត្រ​មធ្យម​សិក្សា​ចំណេះ​ទូទៅ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ ពោល​គឺ​ត្រូវ​រៀន​យ៉ាង​ហោច​ចប់​ថ្នាក់​ទី​១២ ឬ​មួយ​មាន​បទ​ពិសោធន៍​ការងារ​រយៈពេល ២​ឆ្នាំ នៅ​អំឡុង​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រសួង​ការងារ​របស់​សហរដ្ឋ​អាមេរិក នឹង​ប្រើ​ប្រព័ន្ធ O*Net ដើម្បី​វាស់​បទ​ពិសោធន៍​ការងារ​នោះ។ ចំពោះ​លោក​អ្នក​ដែល​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាមទារ​ខាង​លើ​នោះ​ទេ នោះ​លោក​អ្នក​មិន​អាច​ចូលរួម​ក្នុង​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

លោក Brian Lieke មាន​ប្រសាសន៍​គូស​បញ្ជាក់​ដែរ​ថា ប្តី​ឬ​ប្រពន្ធ​អាច​មាន​សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ដាក់​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ។ មាន​ន័យ​ថា ទាំង​ប្ដី ឬ​ទាំង​ប្រពន្ធ អាច​ដាក់​ឆ្នោត​ផ្សង​សំណាង​ក្នុង​ពេល​តែ​មួយ​បាន ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ប្តី ឬ ប្រពន្ធ មាន​សំណាង​ជាប់​ឆ្នោត​នោះ គេ​អាច​នាំ​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​គេ ដែល​មាន​ទាំង​ប្តី ឬ​ប្រពន្ធ និង​កូន​នោះ ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នោះ​បាន។

លោក Brian Lieke មាន​ប្រសាសន៍​បន្ថែម​តាមរយៈ​អ្នក​បកប្រែ​ថា ៖ «សម្រាប់​មនុស្ស​ពេញ​វ័យ គាត់​អាច​ធ្វើការ​ដាក់​ពាក្យ​ក្នុង​កម្មវិធី​ឆ្នោត DV ។ ឧទាហរណ៍​ថា បើ​សិន​ជា​យើង​មាន​ប្ដី ឬ​មាន​ប្រពន្ធ ក៏​យើង​អាច​ដាក់​បាន​ដែរ បើ​សិន​ជា​យើង​មាន​កូន ក៏​អាច​ដាក់​បាន​ដូច​គ្នា តែ​កូន​ហ្នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​អាយុ ២១​ឆ្នាំ បើ​សិន​ជា​គាត់​ឈ្នះ កូនៗ​ហ្នឹង​អាច​ទៅ​ជា​មួយ​បាន»

លោក​ថ្លែង​បន្ត​ថា លោក​អ្នក​ដែល​ជាប់​ឆ្នោត​ផ្សង​សំណាង គឺ​ពេល​នោះ នឹង​ទទួល​បាន​សិទ្ធិ​រស់នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ៖ «ប្រសិន​ជា​យើង​បាន​ត្រូវ​គេ​ជ្រើសរើស​នៅ​ក្នុង​កម្មវិធី​ឆ្នោត DV ហើយ​ធ្វើការ​សម្ភាសន៍​ជាប់​បាន​វីសា​[ទិដ្ឋាការ]​ទៅ​សហរដ្ឋ​អាមេរិក​នោះ គឺ​យើង​អាច​ទៅ​រស់នៅ​ទី​នោះ​បាន​ជា​រៀង​រហូត។ នៅ​ពេល​ដែល​យើង​ទៅ​ដល់​ហ្នឹង គឺ​យើង​នឹង​ទទួល​បាន Green Card ជា​កាត​ប្រជាជន​មួយ ដែល​យើង​អាច​រស់នៅ​ទីនោះ​បាន»

ជា​មួយ​គ្នា​នេះ មន្ត្រី​ស្ថានទូត​ក៏​មាន​ប្រសាសន៍​គូស​បញ្ជាក់​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ ក៏​នៅ​មាន​ភ្នាក់ងារ​ឯកជន​មួយ​ចំនួន កំពុង​រក​ប្រាក់​ចំណេញ​លើ​កម្មវិធី​ឆ្នោត​ផ្សង​សំណាង ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ​ដែរ។

លោក Brian Lieke សង្កត់​បញ្ជាក់​ថា ភ្នាក់ងារ​រកស៊ី​ទាំង​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ស្ថានទូត​ឡើយ ហើយ​គេ​កំពុង​ធ្វើ​សេវាកម្ម​ភូត​កុហក ចំពោះ​ពលរដ្ឋ​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ៖ «យើង​បាន​ដឹង​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន គាត់​បាន​ទទួល​ជា​សំបុត្រ ឬ​ជា​អ៊ីម៉េល ពី​ខាង​អង្គភាព​ផ្សេងៗ ដែល​មើល​ទៅ​ហាក់​ដូចជា​ខាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អ៊ីចឹង តែ​ប្រសិន​បើ​លោក​អ្នក​បាន​ទទួល​សំបុត្រ ឬ​ក៏​អ៊ីម៉េល​ទាំង​នោះ សូម​មេត្តា​ប្រុង​ប្រយ័ត្ន។ បើ​សិន​ជា​សំបុត្រ ឬ​អ៊ីម៉េល​ទាំង​នោះ មិន​បាន​ចេញ​ពី​ប្រភព www.dvlottery.state.gov ។ ហើយ​ខ្ញុំ​ក៏​សូម​ប្រាប់​ផង​ដែរ​ថា ការ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ឆ្នោត DV គឺ​មិន​ត្រូវ​បាន​បង់​ប្រាក់​ឡើយ។ ប្រសិន​ជា​មាន​នរណា​ប្រាប់​លោក​អ្នក​ថា លោក​អ្នក​ត្រូវ​តែ​ធ្វើ​ការ​បង់​ប្រាក់​ដើម្បី​បាន​ចុះ​ឈ្មោះ​ទៅ​ក្នុង​កម្មវិធី​ឆ្នោត DV នោះ គឺ​មិន​ពិត​ប្រាកដ​ឡើយ»

ទាក់​ទិន​នឹង​បម្រាម​នៃ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ​ដែរ គឺ​មាន​ពលរដ្ឋ​នៃ​ប្រទេស​យ៉ាង​ហោច​២ គឺ​ប្រទេស​ម៉ិចស៊ីកូ និង​ប្រទេស​ប៉ូឡូញ ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដាក់​ឆ្នោត​ផ្សង​សំណាង​នោះ​ឡើយ។ ចំណែក​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​ជូន​ដំណឹង​ដែរ​ថា អ្នក​ជាប់​ឆ្នោត​ផ្សង​សំណាង​ទាំង​ឡាយ នឹង​ត្រូវ​ជូន​ដំណឹង​តាមរយៈ​សំបុត្រ​ផ្លូវការ​តែ​ប៉ុណ្ណោះ៕