អាជីវករ​នៅ​សៀមរាប​តវ៉ា​ជំទាស់​នឹង​អាជ្ញាធរ​​រុះរើ​តូប

ក្រុម​អាជីវករ​ប្រមាណ​១០០​នាក់​ដែល​ជា​អ្នក​លក់​មាន់​អាំង​និង​ម្ហូប​អាហារ​តិចតួច​នៅតាម​​តូប​ជួរ​មុខ​ជាប់​ចិញ្ចើម​ផ្លូវ​នៃ​ផ្សារ​ស្រុក​ពួក ខេត្ត​សៀមរាប បាន​លើក​គ្នា​តវ៉ា​ជំទាស់​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ប៉ូលិស​ កាល​ពី​ព្រឹក​​ថ្ងៃ​២៧ មករា ដោយ​មិន​ព្រម​ឲ្យ​អាជ្ញាធរ​រុះរើ​តូប​លក់​ដូរ​របស់​ពួកគេ​ទៅ​រៀបចំ​ឲ្យ​លក់​នៅ​កន្លែង​ផ្សេង​មួយ​ទៀត​ទេ។
ដោយ ហង្ស សាវយុត
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អាជីវករ​ទាំង​នោះ​បាន​មាន​ប្រសាសន៍​ថា ពួកគេ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រុក​ដែល​ឲ្យ​រុះ​រើ​តូប​ចេញ​ពី​ផ្សារ​ស្រុក​ពួក ទៅ​លក់​ដូរ​កន្លែង​ថ្មី​ដែល​មិន​មាន​អ្នក​ណា​ចូល​ទៅ​ទិញ​នោះ។

ក្រុម​អាជីវករ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​លក់​ក្នុង​រោង​នេះ​គេ​មិន​ឲ្យ​យើង​លក់ ស្រុក​គេ​ដេញ​ទៅ​ខាង​ក្រោយ​មន្ទីរពេទ្យ។ ផ្សារ​នោះ​ជា​ផ្សារ​ឯកជន យើង​ទាំង​អស់​គ្នា​មិន​ទៅ យើង​នៅ​មុខ​ផ្សារ​ឯ​ណេះ យើង​ទៅ​លក់​ឯ​ណោះ​លក់​ធ្វើ​ម៉េច​នឹង​ដាច់? ខ្ញុំ​មិន​សុខ​ចិត្ត​ទេ មិន​ទៅ។ សុខ​ចិត្ត​អត់​រើ​តែម្ដង កន្លែង​ថ្មី​ជិត​មន្ទីរពេទ្យ សាល​ខ្មោច លូ​ទឹក​ស្អុយ​នៅ​ក្បែរ​នោះ អត់​មាន​នរណា​ចូល​ហូប​ទេ។ លក់​នៅ​កន្លែង​នេះ​មិន​មែន​លក់​ឲ្យ​អ្នក​ស្រុក​ពួក​ទាំង​អស់​ទេ អ្នក​មក​ពី​ឆ្ងាយ​ក៏​លក់​ដាច់»

ការ​លើក​គ្នា​តវ៉ា​នោះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​​​ប្រកាស​ដាក់​ឱសានវាទ​ធ្វើការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​និង​រៀប​ចំណត​រថយន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់​នៅ​តំបន់​ផ្សារ​ពួក។

លោក ពេជ្រ សុខាល័យ អភិបាល​ស្រុក​ពួក បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ធ្វើ​នោះ​គឺ​រៀប​ចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​មាន​សោភ័ណភាព​ក្នុង​ទីប្រជុំ​ជន ហើយ​រៀបចំ​ចំណត​រថយន្ត​​ដើម្បី​កុំ​ឲ្យ​រថយន្ត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោក​បន្ត​ថា ទោះ​បី​ជា​អាជីវករ​លក់​ដូរ​ នៅ​តាម​ចិញ្ចើម​ផ្លូវ​អនាធិបតេយ្យ​ទាំង​នោះ​នាំ​គ្នា​តវ៉ា​ក៏ដោយ ក៏​អាជ្ញាធរ​មិន​មាន​ការ​អនុគ្រោះ​ដែរ ពីព្រោះ​អាជ្ញាធរ​ត្រូវ​តែ​រៀបចំ​សណ្តាប់​ធ្នាប់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល