ក្រុមអាជីវករទាំងនោះបានមានប្រសាសន៍ថា ពួកគេប្រឆាំងនឹងអាជ្ញាធរស្រុកដែលឲ្យរុះរើតូបចេញពីផ្សារស្រុកពួក ទៅលក់ដូរកន្លែងថ្មីដែលមិនមានអ្នកណាចូលទៅទិញនោះ។
ក្រុមអាជីវករបានឲ្យដឹងដូច្នេះ ៖ «យើងលក់ក្នុងរោងនេះគេមិនឲ្យយើងលក់ ស្រុកគេដេញទៅខាងក្រោយមន្ទីរពេទ្យ។ ផ្សារនោះជាផ្សារឯកជន យើងទាំងអស់គ្នាមិនទៅ យើងនៅមុខផ្សារឯណេះ យើងទៅលក់ឯណោះលក់ធ្វើម៉េចនឹងដាច់? ខ្ញុំមិនសុខចិត្តទេ មិនទៅ។ សុខចិត្តអត់រើតែម្ដង កន្លែងថ្មីជិតមន្ទីរពេទ្យ សាលខ្មោច លូទឹកស្អុយនៅក្បែរនោះ អត់មាននរណាចូលហូបទេ។ លក់នៅកន្លែងនេះមិនមែនលក់ឲ្យអ្នកស្រុកពួកទាំងអស់ទេ អ្នកមកពីឆ្ងាយក៏លក់ដាច់»។
ការលើកគ្នាតវ៉ានោះបានធ្វើឡើងនៅពេលដែលអាជ្ញាធរប្រកាសដាក់ឱសានវាទធ្វើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងរៀបចំណតរថយន្តឲ្យមានសណ្តាប់ធ្នាប់នៅតំបន់ផ្សារពួក។
លោក ពេជ្រ សុខាល័យ អភិបាលស្រុកពួក បានមានប្រសាសន៍ថា អាជ្ញាធរបានធ្វើនោះគឺរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានសោភ័ណភាពក្នុងទីប្រជុំជន ហើយរៀបចំចំណតរថយន្តដើម្បីកុំឲ្យរថយន្តចតនៅតាមចិញ្ចើមផ្លូវធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍។ លោកបន្តថា ទោះបីជាអាជីវករលក់ដូរ នៅតាមចិញ្ចើមផ្លូវអនាធិបតេយ្យទាំងនោះនាំគ្នាតវ៉ាក៏ដោយ ក៏អាជ្ញាធរមិនមានការអនុគ្រោះដែរ ពីព្រោះអាជ្ញាធរត្រូវតែរៀបចំសណ្តាប់ធ្នាប់៕