សកម្មភាពរុករករ៉ែមាសរបស់ក្រុមហ៊ុនចិន នេះ កើតមានតាំងពីឆ្នាំ២០១១ រហូតមកដល់ចុងឆ្នាំ២០១២ នេះ នៅតែបន្ត។
ក្រុមអ្នកភូមិថ្លែងថា ក្រុមហ៊ុនចិន មួយបានជីករូងដី មានជម្រៅចុះទៅក្រោមជិត ១០០ម៉ែត្រ ចំនួន ៤រណ្ដៅ ដើម្បីរុករករ៉ែមាសនៅជាប់ភូមិឋានអ្នកស្រុករស់នៅ ក្នុងភូមិធ្មេញត្រី ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ រណ្ដៅរុករករ៉ែមាសនេះ បានធ្វើឲ្យអ្នកភូមិព្រួយបារម្ភចំពោះការបាក់ដីស្រុតចុះ នឹងអាចបណ្ដាលឲ្យប៉ះពាល់ភូមិឋានរបស់អ្នកភូមិ។
អ្នកភូមិឈ្មោះ រៀម តាត អាយុ ៤០ឆ្នាំ បានថ្លែងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សកម្មភាពរុករករ៉ែមាសរបស់ក្រុមហ៊ុនចិន នេះ បានកើតមានអស់រយៈពេលជិតពីរឆ្នាំមកហើយ។ នៅកន្លែងរុករករ៉ែមាសនោះ ខាងក្រុមហ៊ុនមានដាក់កម្លាំងការពារ មិនអនុញ្ញាតឲ្យអ្នកភូមិចូលជិតទេ៖ «ខ្លាចចេះតែខ្លាចហើយ ប៉ុន្តែមានអ្នកណាហ៊ាននិយាយ នេះវាដើរវាស់មកនេះ ដើរវាស់ចូលមកភូមិដីខ្ញុំត្រង់នេះ វាចូលដល់ត្រង់នេះ ខ្ញុំថាអាដែងនេះវាដើរធ្វើអី ដល់ពេលវាដើរមកដល់មុខផ្ទះខ្ញុំត្រង់នេះ ក៏ខ្ញុំចេញមកសួរថា អានាងដើរវាស់អី អត់និយាយរកខ្ញុំមួយម៉ាត់ទេ ចិន ក៏ដើរចេញទៅ»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានបញ្ជាក់ថា ក្រុមហ៊ុនចិន នោះមានអាជ្ញាធរប័ណ្ណរុករករ៉ែ ដែលចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ អាជ្ញាធរខេត្តបានពិនិត្យអាជ្ញាប័ណ្ណនោះ ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការរុករករ៉ែមាស នៅក្នុងស្រុកភ្នំស្រុក៖ «ខាងផលប៉ះពាល់ហ្នឹង យើងបានណែនាំហើយ ព្រោះគាត់ថា ការសិក្សាជំហានដំបូង គាត់មានឈានទៅដល់ការរុករក ឬក៏ដាក់គ្រឿងចក្រមកណា អត់ទេ គ្រាន់មកស្រាវជ្រាវមើល យកអាចម៍ដីយកទៅធ្វើតេស្ដ ធ្វើដាក់ឡាបូ មើលប៉ុណ្ណឹងទេ អត់ទាន់មានទៅដល់ដំណាក់កាលដែលគាត់ត្រូវចុះដាក់គ្រឿងចក្រ ខូងយករ៉ែមកផលិតយករ៉ែមាសទេ ខាងភ្នំស្រុក»។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា ក្រុមហ៊ុនចិន កំពុងរុករករ៉ែនេះមានឈ្មោះអ្វីនោះទេ។ បញ្ហានេះ បានធ្វើឲ្យក្រុមអ្នកភូមិមានការងឿងឆ្ងល់យ៉ាងខ្លាំង។
លោក ទៀង សំអូន ជាសមាជិកសហគមន៍កូនក្លែង នៅជាប់កន្លែងក្រុមហ៊ុនចិន រុករករ៉ែនោះ បានថ្លែងថា ក្រុមអាជ្ញាធរខេត្តរហូតដល់ឃុំ បាននិយាយថា ក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណរុករករ៉ែ ប៉ុន្តែពុំមានមន្ត្រីណានិយាយពីឈ្មោះក្រុមហ៊ុននេះឲ្យដឹងទេ។ លោកថា បច្ចុប្បន្នក្រុមហ៊ុននេះកំពុងជីកកកាយដីជាច្រើនរណ្ដៅចុះទៅក្រោម៖ «ជម្រៅទៅក្រោមនេះ បានទៅដល់ ៨០ម៉ែត្រ ជាប់ភូមិធ្មេញត្រី។ បងប្អូនកំពុងបារម្ភខ្លាចដីបាក់ស្រុត ពិតថារូងយកក្រោមមែន ប៉ុន្តែយើងស្ដាប់ព័ត៌មានទេ នៅប្រទេសគេក្រៅច្រើនតែបាក់ដី ជាពិសេសធ្យូងថ្មនៅស្រុកចិន។ នេះភ័យអ៊ីចឹងឯង ទំហំមាត់វាប្រហែលពីរម៉ែត្រ ៤រណ្ដៅចុះទៅក្រោម គេលាក់ការណាស់មិនឲ្យដឹងទេ»។
ក្រុមអ្នកភូមិបានឲ្យដឹងថា ទីតាំងរុករករ៉ែមាសដែលក្រុមហ៊ុនចិន កំពុងធ្វើសកម្មភាពនៅស្រុកភ្នំស្រុក នេះ ស្ថិតនៅជាប់ទីតាំងរុករករ៉ែ នៅចំណុចអណ្ដូងបរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុនចិន ដែលកំពុងរុករករ៉ែមាសនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវគេសង្ស័យថា បានធ្វើឡើងដោយសំងាត់ និងមានការឃុបឃិតគ្នារវាងភាគីចិន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
