ជន​ជាតិ​វៀតណាម​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​សម្លាប់​មន្ត្រី​ខ្មែរ​នៅ​បន្ទាយ​មាន​ជ័យ

តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​វៀតណាម​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ពី​បទ​អំពើ​មនុស្ស​​ឃាត​គិត​ទុក​ជា​មុន បន្ទាប់​ពី​ជន​វៀតណាម​រូប​នោះ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​ជន​ដៃ​ដល់​ក្នុង​ការ​យក​ដាវ​សាម៉ូរ៉ៃ កាប់​សម្លាប់​លោក តុប សារឿង សាមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នៅ​ភោជនីយ​ដ្ឋាន​រស្មី​សន្តិភាព ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។
ដោយ សុផលមុន្នី
2009-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សួស សំអាត បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​កក្កដា​ថា តុលាការ​បាន​បញ្ជូន​ឈ្មោះ វ៉ាង ហ៊ឹង អាយុ ២៦​ឆ្នាំ ជា​ជន​ដៃ​ដល់​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ហើយ​កំពុង​តាម​ចាប់​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន ៖ «អាហ្នឹង​វា​សារភាព​ទាំង​អស់ វា​អ្នក​ធ្វើ​មែន ធ្វើ​ពីរ​នាក់​អា​មួយ​នេះ»

ជន​សង្ស័យ​ទាំង​បី​នាក់ មាន​ឈ្មោះ វ៉ាង ហ៊ឹង ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ឈ្មោះ ហាយ ហ៊ឹង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​សុភី សង្កាត់​កំពង់​ស្វាយ និង​ឈ្មោះ ចិន អាញ់ រស់​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ជា​ជន​ជាតិ​វៀតណាម​មាន​មុខ​របរ​ធ្វើ​ជាង​តុ​-ទូ ត្រូវ​បាន​ប៉េអឹម​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ហើយ​បញ្ជូន​ទៅ​តុលាការ​ដោយ​ជាប់​ចោទ​ថា អ្នក​ទាំង​បី​បាន​រួម​គំនិត​គ្នា​សម្លាប់​លោក តុប សារឿង សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ។

ផ្នែក​អន្តោប្រវេសន៍​គួរ​រឹត​បន្តឹង​ឲ្យ​បាន​ច្បាស់។ លោក ស៊ុម ចាន់គា

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សូ វ៉ាត បាន​ថ្លែង​ថា តុលាការ​បាន​សម្រេច​ដោះ​លែង​ជន​ជាតិ​វៀតណាម​ពីរ​នាក់ ម្នាក់​ឈ្មោះ ហាយ ហ៊ឹង និង​ម្នាក់​ទៀត ឈ្មោះ ចិន អាញ់ ដោយ​សំអាង​ថា អ្នក​ទាំង​ពីរ​នាក់​មិន​មែន​ជា​ជន​ដៃ​ដល់​ក្នុង​អំពើ​មនុស្ស​ឃាត​ទេ ៖ «ពេល​ផឹក​ស៊ី វា​នៅ​ក្នុង​វង់​ជាមួយ​គ្នា ប៉ុន្តែ​ដល់​ពេល​មាន​គំនិត​សម្លាប់​គេ វា​មាន​អ្នក​ផ្សេង​ទេ​ធ្វើ»

លោក​ឧត្តម​សេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា ជន​ជាតិ​វៀតណាម​ទាំង​បី​នាក់​នោះ គឺ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ពេល​ឃាត់​ខ្លួន អ្នក​ទាំង​បី​មិន​មាន​លិខិត ឬ​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​ឡើយ។

លោក​បន្ត​ថា ការ​សម្រេច​ផ្តន្ទា​ទោស​លើ​ករណី​ជន​ជាតិ​វៀតណាម​ពី​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​គឺ​ជា​រឿង​របស់​តុលាការ។

ទាក់ទិន​នឹង​ករណី​ខាង​លើ​នេះ មន្ត្រី​សិទ្ធិ​នៃ​សមាគម​អាដហុក លោក ស៊ុម ចាន់គា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​សម្លាប់​ខ្មែរ​ទៀត ៖ «ផ្នែក​អន្តោប្រវេសន៍​គួរ​រឹត​បន្តឹង​ឲ្យ​បាន​ច្បាស់»

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុង អឿង បាន​ថ្លែង​ថា ជន​វៀតណាម​បី​នាក់​ខាង​លើ គឺ​ជា​ជាង​ធ្វើ​តុ​-ទូ ហើយ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​ខុស​ច្បាប់។

គួរ​បញ្ជាក់​ថា លោក តុប សារឿង អាយុ ៦២​ឆ្នាំ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ជន​ជាតិ​វៀតណាម យក​ដាវ​សាម៉ូរ៉ៃ​កាប់​ចំ​ក្បាល​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​មុត​រយះ​ធ្លាយ​ខួរ​របួស​ធ្ងន់​រហូត​ដល់​ស្លាប់ ដោយសារ​តែ​លោក​និង​មន្ត្រី​យោធា​ស្លៀកពាក់​ស៊ីវិល​ម្នាក់​ទៀត បាន​ស្តី​ណែនាំ​តិច​តួច​ឲ្យ​ក្រុម​ជន​ជាតិ​វៀតណាម​ដែល​កំពុង​ផឹក​ស៊ី​ក្នុង​ហាង​រស្មី​សន្តិភាព​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កុំ​ឲ្យ​មាត់​ឡូឡា កាល​ពី​វេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០០៩៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល