និស្សិត​ស្ម័គ្រ​ចិត្ត​ជាង​២​ពាន់​នាក់​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ​រយៈពេល​៦​ខែ​បន្ត

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម និង​ជា​ទេស​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី១៥ ខែ​មករា បាន​ជូន​ដំណើរ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ២​ពាន់​នាក់ ចេញ​ដំណើរ​ពី​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ចំនួន​១៩ ដើម្បី​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។
ដោយ សុខ សេរី
2013.01.15
យុវជន​ស្ម័គ្រ​ចិត្ត​វាស់​ដី ៣០៥ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​ចំនួន​ជាង ២.០០០នាក់ ចាក​ចេញ​ពី​កោះ​ពេជ្រ ទៅ​ខេត្ត​ចំនួន​១៩ ដើម្បី​វាស់​វែង​ដីធ្លី​រយៈពេល​៦ខែ សម្រាប់​វគ្គ​ទី២ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៣។
RFA

នៅ​ក្នុង​ចំណោម​និស្សិត​ស្ម័គ្រចិត្ត​ជាង ២​ពាន់​នាក់​នោះ គឺ​មាន​យុវជន​ចាស់​ចំនួន ៧៤៧​នាក់ បាន​ចូល​រួម​ដែរ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រើប្រាស់​រថយន្ត​យោធា​ធុន​ធំ​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​ក្រុម​និស្សិត​ចំនួន​ជាង ២​ពាន់​នាក់ ដែល​មាន​ចំនួន ១៦៨​ក្រុម។

បេសកកម្ម​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទាំង​នោះ គឺ​មាន​រយៈពេល ៦ខែ សម្រាប់​វគ្គ​ទី២ ចាប់​ពី​ខែ​មករា ឆ្នាំ​២១០៣ គ្រោង​បញ្ចប់​ការងារ​វាស់​វែង​ដីធ្លី​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣ នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល ១ខែ ឈាន​មក​ដល់។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ផែនការ​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ២​ពាន់​នាក់​នោះ​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំនួន​ជាង ១​លាន​ហិកតារ ក្នុង​រយៈពេល ៦ខែ​ខាង​មុខ​នេះ។

លោក អ៊ឹម ឈុនលឹម បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ជូន​ដំណើរ​នៅ​កោះ​ពេជ្រ​ថា លោក​សុំ​ឲ្យ​និស្សិត​នានា​បំពេញ​កិច្ចការ​ការងារ​ដ៏​សំខាន់​នេះ​ឲ្យ​បាន​ម៉ត់ចត់ និង​ជោគជ័យ​សម្រាប់​ប្រជាពលរដ្ឋ៖ «ជា​យុវជន​ដែល​មាន​វិន័យ​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ក្រុម មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ក្រុម។ ជំហាន​ទី២​នេះ យើង​ពិត​ជា​រក្សា​បាន និង​ពង្រីក​បាន​ថែម​ទៀត​ទាំង​តម្លៃ​ការងារ ទាំង​ការងារ​ជំនាញ ទាំង​ការងារ​សង្គម ហើយ​នឹង​សម្រេច​បាន​ជោគជ័យ»

ជាមួយ​គ្នា​នេះ និស្សិត​ស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ ពៅ សុកេត អាយុ ៣១​ឆ្នាំ នៅ​ក្នុង​ចំណោម​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ២​ពាន់​នាក់ កំពុង​តែ​ត្រៀម​ចាក​ចេញ​ដំណើរ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា លោក​ពេញ​ចិត្ត​នឹង​កិច្ចការ​ការងារ​នេះ ទោះ​បី​ជា​លំបាក​ក៏ដោយ៖ «បាទ! ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ខាង​ហ្នឹង ហើយ​មួយ​ចំណែក​ទៀត​នោះ យើង​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែង​ដី​ជូន​ប្រជាជន។ បេសកកម្ម​នេះ​មាន​សារប្រយោជន៍​ច្រើន​ណាស់​ត្រង់​ថា យើង​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន»

ចំណែក​ឯ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​បេសកកម្ម​វាស់​វែង​ដីធ្លី​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទាំង​នោះ៖ «យើង​ចង់​ឲ្យ​មាន​ការ​វាស់វែង​ឲ្យ​បាន​ឆាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ដី​ពលរដ្ឋ​ប៉ុណ្ណា វាស់​វែង​ឲ្យ​កម្មសិទ្ធិ​ប៉ុណ្ណឹង វាស់​វែង​ឲ្យ​ប្រជាពលរដ្ឋ​មុន កុំ​យក​ឱកាស​វាស់​វែង​ឲ្យ​ក្រុមហ៊ុន ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តែ​មាន​ការ​លំបាក រង​ទុក្ខ​វេទនា​ដោយ​សារ​ការ​រំលោភ​បំពាន»

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បាន​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លើក​ដំបូង រួច​ម្តង​ហើយ​ចំនួន​ជាង ១​ពាន់​នាក់ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រយៈពេល ៦​ខែ ចាប់​ពី​ខែ​កក្កដា ដល់​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២០។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​វាស់​វែង​ដីធ្លី​ក្នុង​រយៈពេល ៦ខែ ក្នុង​វគ្គ​ដំបូង​នោះ មាន​ចំនួន​ជាង ៣​សែន ៤​ម៉ឺន​ក្បាល​ដី ស្មើ​នឹង ៥៨​ម៉ឺន​ហិកតារ។ ប្រជាពលរដ្ឋ​ជិត ៣៥​ម៉ឺន​គ្រួសារ ទទួល​បាន​ការ​វាស់​វែង​ដីធ្លី​នេះ ស្មើ​នឹង​ជាង ១លាន ៥សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។