ស្ត្រី​ម្នាក់​ត្រូវ​តុលាការ​កំពត​កោះ​ហៅ​ក្រោយ​ពី​ត្រូវ​ប្រធាន​តុលាការ​ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍

តុលាការ​ខេត្ត​កំពត​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នកស្រី មូល លន់ ជា​ថ្មី​ទៀត​ហើយ ដើម្បី​ឲ្យ​អ្នកស្រី​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ពាក្យ​បណ្តឹង​របស់​លោក ហួន ម៉ានី ចៅក្រម​និង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​អ្នកស្រី​ពី​បទ​បរិហារ​កេរ្តិ៍។

0:00 / 0:00

លោក សៀង វិបុល កូន​ប្រុស​អ្នកស្រី មូល លន់ ដែល​មាន​លំនៅ​នៅ​ឯ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​តូច​បាន​យក​ក្រដាស​មួយ​សន្លឹក​មក​ប្រគល់​ឲ្យ​លោក​ដោយ​ប្រាប់​ថា តុលាការ​កោះ​ហៅ​ម្តាយ​លោក​គឺ​អ្នកស្រី មូល លន់។

លោក សៀង វិបុល ថ្លែង​យ៉ាង​ដូច្នេះ ៖ «អ្នក​យក​មក​ឲ្យ​ហ្នឹង អ្នក​នៅ​កន្លែង​ធ្វើការ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ឃុំ​កោះ​តូច ឈ្មោះ​គេ​ក្រៅ​ហៅ តា​ពេជ្រ បើ​នៅ​ក្នុង​បញ្ជី​ជាតិ​គេ​ហៅ ជា ប្រុស។ ខ្ញុំ​អត់​បាន​ពិនិត្យ​ផង គ្រាន់​តែ​គេ​យក​មក​ដល់ ខ្ញុំ​សួរ​ថា សំបុត្រ​អី គេ​ថា​សំបុត្រ​តុលាការ​ឲ្យ​ម៉ែ​ខ្ញុំ​មក​ទទួល ហើយ​ដល់​នេះ​ខ្ញុំ​ប្រាប់​គាត់​ថា ម៉ែ​ខ្ញុំ​នៅ​ភ្នំពេញ ក៏​គ្រាន់​តែ​គេ​ប្រាប់​ថា ឲ្យ​គាត់​ចុះ​មក បើ​គាត់​បាន​ចុះ​មក​ក៏​បាន បើ​មិន​បាន​ប្រាប់​គេ គេ​ចារ​យក​ឲ្យ​គេ​វិញ។ គេ​ឲ្យ​ចូល​ទៅ​ថ្ងៃ​ទី​៣ ខែ​៩ ហ្នឹង»

អ្នកស្រី មូល លន់ កំពុង​រង​ការ​ប្តឹង​ចោទ​ប្រកាន់​ពី​លោក ហួន ម៉ានី ចៅក្រម​និង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត ថា បាន​បរិហារ​កេរ្តិ៍​លោក បន្ទាប់​ពី​លោក​បាន​កាត់​ឲ្យ​អ្នកស្រី​ចាញ់​ក្តី​ក្នុង​រឿង​ក្តី​ជាមួយ​ឈ្មោះ សែម ស៊ន, សែម ហ៊ង, សែម ម៉ៅ និង សែម យឿន ដែល​ត្រូវ​ជា​បង​ប្អូន​ខាង​សព​ប្តី​គាត់ គឺ​លោក មាស ម៉ាង ដែល​បាន​ទទួល​មរណ​ភាព​ទៅ​ហើយ​នោះ។

បន្ទាប់​ពី​ចាញ់​ក្តី អ្នកស្រី​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា លោក ហួន ម៉ានី ព្រមទាំង​លោក ម៉ាន់ បូរ៉េត ជា​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​កំពត លោក ឈូក ផូ មេឃុំ​កោះ​តូច អ្នកស្រី វង់ ភារី គិលានុប្បដ្ឋាយិកា​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ ថា បាន​ឃុប​ឃិត​ជាមួយ​ភាគី​ដើម​បណ្តឹង ក្លែង​ឯកសារ​ដោយ​បន្លំ​ស្នាម​មេដៃ​ប្តី​គាត់ ក្នុង​ការ​ប៉ុនប៉ង​រំលោភ​យក​ដី​ធ្លី​គាត់ ហេតុ​នេះ​ហើយ ទើប​លោក ហួន ម៉ានី មិន​សុខ​ចិត្ត បាន​ប្តឹង​ចោទ​ប្រកាន់​អ្នកស្រី​វិញ​ពី​បទ​បរិហារ​កេរ្តិ៍​លោក។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក ហួន ម៉ានី ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​ការ​កោះហៅ​អ្នកស្រី មូល លន់ នោះ​ទេ ៖ «បើ​គេ​កោះ​ហៅ​គាត់ ឲ្យ​គាត់​ចូល​ទៅ ធ្វើ​ម៉េច​រឿង​របស់​គាត់។ លោក​អាច​ជួយ​ប្រាប់​គាត់​ទៅ​ថា តុលាការ​ហៅ​ចូល ត្រូវ​តែ​ចូល តែ​មិន​ចូល គេ​បង្គាប់​ឲ្យ​នាំ​ខ្លួន​អី​តាំង​រឿង ព្រោះ​ខ្ញុំ​ប្ដឹង​គាត់ ដូច​ខ្ញុំ​ប្រាប់​លោក​អ៊ីចឹង ថា​គាត់​បរិហារ​កេរ្ដិ៍​ខ្ញុំ ចុះ​ផ្សាយ​ប៉ះពាល់​កិត្តិយស​ខ្ញុំ ខ្ញុំ​មិន​នៅ​ស្ងៀម​ទេ ខ្ញុំ​ប្ដឹង។ ឥឡូវ​នេះ គេ​ហៅ​គាត់​លើក​ហ្នឹង​ទៀត ៣​ដង​ហើយ គាត់​មិន​ដែល​នៅ​ផ្ទះ​ទេ»

យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​បច្ចុប្បន្ន​អ្នកស្រី មូល លន់ កំពុង​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​ក្រោយ​ពី​លេច​ឮ​ដំណឹង​ថា លោក ហួន ម៉ានី ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត បាន​ប្តឹង​លោកស្រី​ពី​បទ​បរិហារ​កេរ្តិ៍​នោះ៕