វិនាសកម្មព្រៃឈើនៅកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
2020.07.27
ព្រៃឈើ គឺជាធនធានធម្មជាតិមួយក្នុងចំណោមធនធានធម្មជាតិនានានៅកម្ពុជា ដែលកំពុងប្រឈមនឹងការបាត់បង់ក្នុងល្បឿនយ៉ាងឆាប់រហ័សគួរឲ្យរន្ធត់ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទិន្នន័យវិទ្យាសាស្ត្រថតតាមផ្កាយរណបរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្ហាញថា ក្នុងឆ្នាំ២០១៩ ក្នុងមួយម៉ោង កម្ពុជាបាត់បង់ព្រៃឈើ ធំជាងតារាងបាល់ទាត់មួយ (០,៧១៤ ហិកតារ) ទៅទៀត។ សកម្មភាពកាប់ឈើខុសច្បាប់ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើដ៏សម្បើមនេះ រឹតតែកើតឡើងយ៉ាងពេញបន្ទុកក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩។
ក្រុមសកម្មជនអ្នកអភិរក្សព្រៃឈើ និយាយថា ការបាត់បង់ ២៦% ស្មើនឹង ២លាន៣សែនហិកតារនៃគម្របព្រៃឈើនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០០មកនេះ គឺដោយសារតែការគ្រប់គ្រងប្រទេសតាមបែបផ្តាច់ការឯកបក្ស និងការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដែលក្រុមឈ្មួញឧក្រិដ្ឋជនព្រៃឈើមានងារជាឧកញ៉ា និងឧត្ដមសេនីយ៍យោធាគ្រាក់ៗ កំពុងតែសប្បាយនឹងអាជីវកម្មកាក់កបនៃការកាប់ និងដឹកជញ្ជូនឈើហ៊ុបធំៗ យកទៅលក់ឲ្យប្រទេសជិតខាង ដោយគ្មានស្ថាប័នរដ្ឋណាហ៊ានចេញមុខផ្តន្ទាទោស ព្រោះ «ជនល្មើសមុខដដែលៗ» ទាំងនោះ មានចំណងស្អិតល្មួតជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។