ជំងឺកូវីដ-១៩ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​អន្ទាក់​​បំណុល​វ័ន្តក

ពលរដ្ឋ​ខ្មែរ​មិន​តិច​ជាង ២លាន៦សែន​គ្រួសារ បច្ចុប្បន្ន​កំពុង​ជាប់ជំពាក់​បំណុល​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​ជាង ១ម៉ឺនលានដុល្លារ។ ជាមធ្យម​ ក្នុងមួយ​គ្រួសារៗ ពួកគេ​អាច​ជំពាក់​លុយ​ដល់ទៅ​ប្រមាណ ៤ពាន់ដុល្លារ។ ជំងឺកូវីដ-១៩ កំពុង​រុញច្រាន​ពលរដ្ឋ​ទាំងនេះ ឲ្យ​ធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់​នៃ​អន្ទាក់​បំណុល​វ័ន្តក​កាន់តែ​ខ្លាំង ដោយ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការរឹបអូស​យក​ផ្ទះសម្បែង ដីធ្លី ឬ​ទ្រព្យសម្បត្តិ ព្រោះតែ​គ្មាន​លទ្ធភាព​សងបំណុល។ ខុសប្លែក​ពី​បណ្ដា​ប្រទេស​ដទៃ របប​លោក ហ៊ុន សែន ពុំបាន​ចេញ​បទប្បញ្ញត្តិ​ជាក់លាក់ តម្រូវឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្អាក​ការ​ទារ​បំណុល ជា​បណ្ដោះអាសន្ន​ក្នុងរយៈពេល​នេះ​ឡើយ។ ផ្ទុយទៅវិញ របប​នេះ​កំពុង​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង នៅ​តាម​មូលដ្ឋាន ដោយ​ចោទ​ពួកគេ​ថា កំពុង​ធ្វើ «វិទ្ធង្សនា​សេដ្ឋកិច្ច» ស្មើនឹង​ការធ្វើ«ភេរវកម្ម» ព្រោះ​បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ឈប់​សងបំណុល​មីក្រូហិរញ្ញវត្ថុ៕