កម្ពុជា «អាចរស់បាន» ទោះគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA!

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា កម្ពុជា«អាចរស់បាន» ទោះគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ពេលនេះកំពុងទទួលបានផ្លែផ្កាជាបណ្តើរៗហើយ។ ការបិទទ្វាររោងចក្រ និងការបញ្ឈប់កម្មករនិយោជិតជាច្រើននាក់ពីការងារជាបន្តបន្ទាប់ កំពុងតាមលងបន្លាចរដ្ឋាភិបាលលោកវិញ។
របាយការណ៍ក្រសួងការងារបង្ហាញថា ក្នុងឆ្នាំ២០២២កន្លងទៅ យ៉ាងហោចណាស់មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសរុបជាង ៥ម៉ឺននាក់ បានបាត់បង់ការងារធ្វើ ខណៈរោងចក្រសហគ្រាសជិត ៥០០ បានបិទទ្វារ និងព្យួរការងារ។ ដោយឡែក នៅដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន ១០ បានបិទទ្វារ ខណៈរោងចក្រចំនួន ៧១ បានព្យួរកិច្ចសន្យាការងារ រីឯរោងចក្រ ៦០ ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។ ការណ៍នេះកំពុងប៉ះពាល់ដល់កម្មករនិយោជិតប្រមាណ ៣ម៉ឺន២ពាន់នាក់ រីឯកម្មករជាច្រើនទៀតបានបាត់បង់ការងារធ្វើទាំងស្រុងតែម្តង។ រដ្ឋាភិបាលអះអាងថា បញ្ហានេះបណ្តាលមកពីការធ្លាក់ចុះការបញ្ជាទិញដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី (Russia) នៅអ៊ុយក្រែន (Ukraine)។ ក៏ប៉ុន្តែ អ្នកជំនាញថា ការណ៍នេះអាចបណ្តាលមកពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។