#រូបត្លុកនយោបាយ​៖ កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​ «គ្រឿងញៀន»?

ដោយ វិទ្យុអាស៊ីសេរី
2024.01.30
#រូបត្លុកនយោបាយ​៖ កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​ «គ្រឿងញៀន»? តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
រូប៖ RFA

កាលពី​សម័យ​សង្គមរាស្ត្រនិយម កម្ពុជា​ធ្លាប់​មាន​កិត្តិនាម​ល្បីល្បាញ​ថា ​ជា​ «ជង្រុក​ស្រូវ» និង​ជា​ «ជង្រុក​ត្រី»​ ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ នៅ​សម័យកាល​ព្រះរាជាណាចក្រ​អច្ឆរិយ (Kingdom of Wonders) ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​បែប​តពូជ​ពី​ឪ​ដល់​កូន​ស្រដៀងគ្នា​ទៅ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ (North Korea) នោះ បន្តិច​ម្ដងៗ ​«ជង្រុក​ស្រូវ» និង​ «ជង្រុក​ត្រី»​ នេះ ត្រូវ​បាន​ក្រុម​មេ​ដឹកនាំ​នៃ​ប្រទេស​​​ ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​​ ប្រែក្លាយ​ទៅជា​ «ជង្រុក​គ្រឿងញៀន» ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​វិញ​ម្តង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ កម្ពុជា​មិន​ត្រឹម​តែ​​ក្លាយ​ជា​កន្លែង​ចែកចាយ ជួញ​ដូរ និង​ចរាចរណ៍​គ្រឿងញៀន​ស្ទើរ​រាល់​ថ្ងៃ​ប៉ុណ្ណោះ​ទេ។ ក៏​ប៉ុន្តែ ប្រទេស​នេះ​ ក៏​បាន​ប្តូរ​ធាតុ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​គ្រឿងញៀន និង​សារធាតុ​ញៀន​ដ៏​សម្បើម​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន និង​ជន​បរទេស​មួយ​ចំនួន តាមរយៈ​ការ​បើក​ដៃ​ពី​ក្រុម​មន្ត្រី​គ្រាក់ៗ​ មួយ​ចំនួន​ ដែល​ទទួល​បន្ទុក​ខាង​បង្ក្រាប​គ្រឿង​ញៀន។

ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៧ ខែ​មករា នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់​ ដែល​កាន់​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​ស្ទឹងត្រែង​ឈ្មោះ ប្រាក់ ភិរម្យ រួម​ជាមួយ​មនុស្ស​ពីរ​នាក់​ទៀត​ ដែល​បាន​ដឹក​គ្រឿងញៀន​៥​គីឡូក្រាម និង​ម្សៅ​ពណ៌​ស្វាយ​១០០​កញ្ចប់​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា កម្លាំង​នគរបាល​ថ្នាក់​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​បាន​ជន​សង្ស័យ​ជន​ជាតិ​តៃវ៉ាន់ និង​ចិន​ចំនួន ៥នាក់​ ដែល​បម្រុង​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង ១តោន​កន្លះ​ តាម​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ទៅ​កាន់​កោះ​តៃវ៉ាន់។ សមត្ថកិច្ច​ក៏​បាន​បន្ត​ស្រាវជ្រាវ​រក​ឃើញ​ឃ្លាំង​ស្តុក​គ្រឿងញៀន​របស់​ជនសង្ស័យ​នៅ​ចំណុច ៣ទីតាំង​ផ្សេង​គ្នា ដោយ​ទីតាំង​ឃ្លាំង​ស្តុក​គ្រឿងញៀន​ទី​មួយ​ស្ថិត​ក្នុង​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ និង​ពីរ​ទីតាំង​ទៀត​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ។

នៅ​ឯ​ខេត្ត​ព្រះវិហារ​ឯណោះ​វិញ កាល​ពី​យប់​ថ្ងៃទី២០ ខែ​មករា សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​សារធាតុ​ញៀន និង​គ្រឿងញៀន​សរុប​ជាង ១តោន ដែល​ឈ្មួញ​ដឹក​យក​មក​ផ្លុង​ចោល​នៅ​ម្ដុំ​ស្រុក​ជ័យសែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។