រូបត្លុកនយោបាយ៖ នាយករដ្ឋមន្ត្រីហាត់ការរបស់កម្ពុជា?
ដោយ វិទ្យុអាស៊ីសេរី
2024.11.28
2024.11.28
លោក ហ៊ុន ម៉ាណែត ទំនងជានាយករដ្ឋមន្ត្រីដ៏ទន់ខ្សោយជាងគេបង្អស់មួយ ដែលពិភពលោកមិនដែលធ្លាប់បង្កើតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ តាំងពីឈានទៅឡើងកាន់អំណាចរហូតមកទល់បច្ចុប្បន្ន គ្មានពេលណាមួយដែលលោកត្រូវគេមើលឃើញថា អាចកាន់កាប់តំណែងនេះបានដោយឯករាជ្យដោយគ្មានការជួយជ្រោមជ្រែងពីឪពុករបស់លោកម្តងណាឡើយ។
ដើម្បីបានកាន់អំណាច ឪពុករបស់លោក គឺលោក ហ៊ុន សែន បានប្រើប្រាស់វិធីសាស្ត្រមិនស្របច្បាប់ និងយុទ្ធវិធីមិនថ្លៃថ្នូរជាច្រើនទាំងក្នុងជួរបក្ស និងក្រៅជួរបក្ស។ ក្នុងនោះមានដូចជា៖ ការបោកបញ្ឆោតរឿងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី កែរដ្ឋធម្មនុញ្ញជាច្រើនដង រម្លាយ ឬ មិនអនុញ្ញាតឱ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោតដើម្បីធានាជ័យជម្នះស្វ័យប្រវត្តិទុកជាមុន ចាប់ចងមេបក្សប្រឆាំង និងក្រុមអ្នករិះគន់ដាក់គុករាប់មិនអស់ បំបិទសំឡេងរិះគន់ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ក្នុងពេលកំពុងកាន់អំណាចទៀតសោត ឪពុកលោកបានចេញមុខរាប់មិនអស់ដងជួយសង្គ្រោះទប់ជើងកៅអីនាយករដ្ឋមន្ត្រីរបស់លោកឱ្យរួចផុតពីព្យុះព្យោមាជាច្រើន តាមរយៈការបញ្ចេញ «សារសំឡេងពិសេស» បញ្ជា និងណែនាំតម្រង់ផ្លូវលោកដើម្បីកុំឱ្យរង្គោះរង្គើអំណាច រាប់ចាប់តាំងពីការតែងតាំង ឬ រុះរើគណៈរដ្ឋមន្ត្រី រហូតដល់សំណុំរឿងកំពង់ផែកងទ័ពជើងទឹករាម និងព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសជាមួយចិន និងវៀតណាមជាដើម។ ចុងក្រោយនេះ លោកកំពុងប្រឈមនឹងវិញ្ញាសាដ៏ឈឺក្បាលមួយ ដែលនោះគឺការដោះស្រាយបញ្ហាទឹកដី និងព្រំដែនដ៏រសើបជាមួយប្រទេសជិតខាង គឺប្រទេសថៃ និងវៀតណាម។ គេពិបាកនឹងទស្សន៍ទាយថា តើជោគវាសនានៃការកាន់កាប់អំណាចរបស់លោកនឹងទៅជាយ៉ាងណានៅពេលដែលឪពុករបស់លោកលែងមានវត្តមាននៅលើភពផែនដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។