នៅមិនដល់កន្លះឆ្នាំផងក្រោយនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីនាយករដ្ឋមន្ត្រីឪ ស្ថាប័នកំពូលៗរបស់ជាតិកំពុងត្រូវបានប្រែក្លាយ និងក្តោបក្តាប់ស្ទើរតែទាំងស្រុងដោយត្រកូល «ហ៊ុន»។ ប្រព័ន្ធគ្រួសារ-បក្ខពួកនិយមកំពុងចាក់ស្រេះកាន់តែខ្លាំងឡើងហួសឆ្ងាយជាងកាលពីសម័យនាយករដ្ឋមន្ត្រីឪ។
ជាក់ស្តែង នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងប្អូនប្រុសពៅបង្កើតខ្លួនឯង គឺលោក ហ៊ុន ម៉ានី ឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រី ក្នុងពេលដែលឪពុករបស់លោកត្រៀមទៅក្រសោបយកតំណែងប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទីជំនួសលោក សាយ ឈុំ។ ទន្ទឹមនឹងនេះ បងជីដូនមួយថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក នេត សាវឿន កំពុងមានតួនាទីជាឧបនាយករដ្ឋមន្ត្រីទី១។ ការណ៍នេះ អនុញ្ញាតឱ្យត្រកូល«ហ៊ុន» គ្រប់គ្រងស្ថាប័ននីតិប្រតិបត្តិផង ស្ថាប័ននីតិប្បញ្ញត្តិផង និងស្ថាប័នព្រះមហាក្សត្រផងក្នុងពេលតែមួយ ខណៈប្អូនប្រុសបង្កើតរបស់លោក ហ៊ុន ម៉ាណែត ម្នាក់ទៀត គឺលោក ហ៊ុន ម៉ានិត ត្រូវគេជឿថា មិនយូរមិនឆាប់អាចនឹងឡើងមកគ្រប់គ្រងវិស័យយោធាក្លាយជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទជំនួសឱ្យលោក វង្ស ពិសេន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។