បទវិភាគ៖ តើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទៀត​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​?

ដោយលោក ជុន​ ច័ន្ទបុត្រ​
2018-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។
(ពី​ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

 

គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បក្ស​កាន់​អំណាច​រំលាយ  បុគ្គល​សំខាន់​ៗ​ក្នុង​បក្ស​ប្រមាណ​ជាង​១​រយ​នាក់​ត្រូវ​គេ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ តាម​រយៈ​សាលក្រម​តុលាការ​សែន​ខ្ពស់​ផុត​លេខ​នៅ​ស្រុក​ខ្មែរ​។ ប្រធាន​បក្ស​ លោក​កឹម​ សុខា​ ត្រូវ​បាន​គេ​ចាប់​ឃុំឃាំង​ទាំង​បំពាន​ច្បាប់។ ឆ្លើយតប​ចំពោះ​បញ្ហា​ទាំង​អស់​នេះ​ សមាជិក​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ប្រាស់​ យុទ្ធសាស្ត្រ​មួយ​ចំនួន​រួច​ហើយ​ រួម​មាន​ ការ​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ  បំណង​បង្កើត​ចលនា​នយោបាយ​ថ្មី​ និង ការ​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ ថ្កោលទោស​រដ្ឋាភិបាល​ជាដើម​។ តើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទៀត​ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​?

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រលាយ​បណ្ដាញ​ផ្លូវ​ការ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​។ អ្នក​ដឹកនាំ​រស់​នៅ​បែក​ខ្ញែក​គ្នា​ បាត់​ទីស្នាក់ការ​ បាត់​មនុស្ស​ធ្វើ​ការ​ បាត់​ស្លាក សញ្ញា​រហូត​ខិត ប័ណ្ណ​ផ្សព្វផ្សាយ​ លើដើមឈើក្បែរផ្លូវនោះ ក៏ត្រូវគេហែកចោលគ្មានសេសសល់នោះដែរ ។

ថ្វីត្បិត​តែ​រលាយ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​សែន​កំពូល​ក៏​ពិត​មែន​ បក្ស​នេះ​ទំនង​ជា​មិន​ធ្លាក់​ប្រជាប្រិយភាព​ឡើយ​។ មិន​ធ្លាក់​នៅ​ត្រង់​ថា​ ដំណើរ​ការ​រំលាយ​បក្ស​នេះ​ បង្ហាញ​ឱ្យ​ឃើញ​លើគោក​ អំពី​អ្វី​ទៅ​ជា​អំពើ​អយុត្តិធម៌​។

ព្រឹត្តិការណ៍​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​យ៉ាង​ច្បាស់​ពី​ តួអង្គ​ចិត្ត​អាក្រក់​ ឬ​តួអង្គ​យក្ស​ក្នុង​ល្ខោន​នយោបាយ​ខ្មែរ​សម័យ​ថ្មី​នេះ​។ ក្រៅ​ពី​ស្គាល់​ច្បាស់​នូវ​តួអង្គ​កំណាច​ឃោរឃៅ ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​បាន​ឃើញ​ជា​ថ្មី​ទៀត​នូវ​តួត្លុក​ និង​តួ​គេ​ជួល​បណ្ដោះអាសន្ន ដែល​គេ​ចាប់​អោយ​ស្លៀក​សំពត់​ចងក្បិន​ ជួយ​សម្ដែង​បង្គ្រប់ កិច្ច​ពេល​ដែល​គេ​ត្រូវការ​។

មួយ​វិញ​ទៀត​ មេឃុំ​ចៅសង្កាត់​ពីមុន​ៗ​ ដែល​ប្រជាពលរដ្ឋ​ជ្រេញ​ស្អប់​ រហូត​ចង់​ចូក​ដានជើង​ចោល​នោះ​ ក៏​ស្រាប់​តែ​មក​ចូល​ធ្វើ​ការ​វិញ​ ស្រប​ពេល​ដែល​មេឃុំ​ថ្មី​ៗ​ក្មេង​ៗ​ពេញ​កម្លាំង​មាន​សមត្ថភាព​ហើយ​ពលរដ្ឋ​ខំ​ទុក​ចិត្ត​ បែរជា​លែង​បាន​បម្រើ ពលរដ្ឋ​តទៅទៀត​ ។ ប្រការ​ទាំង​នេះ​អាច​នាំ​ឱ្យ​អ្នក​ស្រុក​ក្ដៅ​ក្រហាយ​ចំពោះ​បក្ស​កាន់​អំណាច​មិន​តិច​ទេ​។

បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​បាន​កើន​ប្រជាប្រិយភាព​ក៏​ពិត​មែន​ គណបក្ស​នេះ​ចាំ​បាច់​បំផុត​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​មួយ​ ដើម្បី​រក្សា​លំ​នឹង​បក្ស​ក្នុង​ឆាក​នយោបាយ​កម្ពុជា​។ យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​បាន​នោះ ​រួមមាន៖ ការ​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ កឹម​ សុខា​និង​អ្នក​ទោស​មនសិការ​ដ៏​ទៃ​ទៀត  ការ​ប្រ​មូល​ផ្តុំ​កម្លាំង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​បក្ស ពិសេស​រក្សា​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​។

ដំណើរការ​ទាមទារ​អោយ​ដោះ​លែង​លោក​កឹម​ សុខា​ និង​អ្នក​ទោស​មនសិការ​នៅ​កម្ពុជា​ ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ជា​ប្រ​ចាំ​ហើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ ក៏​បាន​ធ្វើ​ខ្លះ​រួច​ទៅ​ហើយ​។ ពួក​គាត់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ​ អ្នក​ខ្លះ​បាន​បង្ហោះ​រូប​តាម​ហ្វេស​ប៊ុក​ជាដើម ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ហាក់​មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង​ការ​ចាត់​តាំង​ត្រឹម​ត្រូវ​នោះ​ឡើយ​។

មក​ដល់​ពេល​នេះ​ តើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា​ លោក​ កឹម​ សុខា​ ជាប់​គុក​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​? លោក​ មាជ​ សុវណ្ណារ៉ា​ ជាប់​គុក​យូរ​ប៉ុណ្ណា​? លោក​ អ៊ុំ​ សំអាន​ មាន​ស្ថានភាព​យ៉ាង​ម៉េច​ទៅ​ហើយ​? ចុះ​មន្ត្រី​បក្ស​ដ៏​ទៃ​ទៀត​ មាន​លោក​ យឹម​ សុវណ្ណ​ លោក​ សុន​ ឆ័យ លោក​ អេង ឆៃអ៊ាង-ល- មាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ កំពុង​ធ្វើ​អ្វី​ នៅ​ទី​ណា​ ជា​ដើម​...

ប្រាកដ ណាស់​ការ​រក្សា​បាន​នូវ​ចំនួន​អ្នក​គាំទ្រ​ គណបក្ស​នេះ​នៅ​ក្នុង​ប្រទេស​ គឺ​ជា​កត្តា​សំខាន់​មួយ​។ អ្នក​គាំទ្រ​ក្នុង​ស្រុក​ភាគ​ច្រើន​ របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ ប្រហែល​ជា​មិន​ទាន់​អស់​ភក្ដីភាព​ចំពោះ​បក្ស​នៅ​ឡើយ​ទេ​។ អ្នក​បោះឆ្នោត​ឲ្យ​មួយ​ភាគ​ធំ​ ឬ​អ្នក​គាំទ្រ​ងប់ងុល​ គឺ​នៅ​តែ​គាំទ្រ​ទោះ​បី​ជា​បក្ស​នេះ​ធ្វើ​អ្វី​ នៅ​ទី​ណា​ ដល់​កន្លែង​ណា​ ក៏​ពួក​គាត់​នៅ​តែ​តាម​គាំ​ទ្រ​។ ក៏​ប៉ុន្តែ​អ្នកបោះឆ្នោត​ឲ្យ​បក្ស​នេះ​មួយ​ក្រុម​ផ្សេង​ទៀត​គឺ​ នៅ​ចាំ​មើល​ទង្វើ​និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​សិន​។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ក្រៅ​ប្រទេស​រួច​ហើយ​ ហើយ​អន្តរជាតិ​ក៏​គេ​បាន​ជួយ​ជ្រោមជ្រែង​មិន​តិច​ដែរ​។  មក​ទល់​នឹង​ពេល​នេះ​ ប្រទេស​មហាអំណាច​ធំ​ៗ​នៅ​លើ​ពិភពលោក​និង​តំបន់​ មាន​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ ព្រម​ទាំង​អូស្ត្រាលី​ផង​ ចាប់​ផ្ដើម​ចេញ​វិធានការណ៍​ជាក់លាក់​ជា​បណ្ដើរៗ​ហើយ​ ក្នុង​ការ​ដាក់​គំនាប​ដល់​របប​លោក​ ហ៊ុន សែន​ អោយ​ស្ដារ​ស្ថានការណ៍​ក្នុង​ប្រទេស​ឡើង​វិញ​។

យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ ក៏​គណបក្ស​នេះ​ បាន​ចាប់​សកម្មភាព​ខ្លះ​ហើយ​ ដែល​ជ្រក​ក្រោម​ស្លាក​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ឡើង​ដោយ​អតីត​ប្រធាន​គណបក្ស​នេះ​ គឺ​លោក​ សម​ រង្ស៊ី​។ ទន្ទឹម​នឹង​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើ​យុទ្ធសាស្ត្រ​ស្ងៀមស្ងាត់​ជា​ជាង​ការ​តបត​ ចំពោះ​គូបដិបក្ខ​នៅ​ពេល​ដែល​ជួប​ព្យុះ​ភ្លៀង​។ ក៏ប៉ុន្តែ​ តើ​យុទ្ធសាស្ត្រ​ស្ងៀមស្ងាត់​នេះ​អាច​ប្រើ​ប្រាស់​បាន​យូរ​ប៉ុណ្ណា​? ពាក្យចាស់​ពោល​ថា​ ឃ្លាត​កាយ​ណាយ​ចិត្ត​ បើ​មេ​ៗ​ដឹកនាំ​ឃ្លាត​ឆ្ងាយ​ ហើយ​សកម្មភាព​ក៏​ស្ងប់​ស្ងៀម​ទៀត​នោះ​ អ្នក​គាំទ្រ​អា​រសាយ​ចិត្ត​បន្តិច​ម្ដង​ៗ  តែ​បើ​ក្ដុងក្ដាំង​ពេក​គឺ​អាច​នឹង​នាំ​ទុក្ខ​ដល់​អ្នក​គាំទ្រ​ទៅវិញ​។

ស្ថិត​ក្នុង​ស្ថានភាព​ទ្វេ​គ្រោះ​បែប​នេះ​ តើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​វិធានការណ៍​បែប ណា​? ការ​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ ធ្វើ​ការងារ​បក្ស​ដើម្បី​រក្សា​បណ្ដាញ​គាំទ្រ​ក្នុង​ស្រុក​ អាច​ជា​ដំណោះស្រាយ​មួយ​។ បើ​អ្នក​គាំទ្រ​ក្នុង​ស្រុក​នៅ​តែ​ខ្លាំង​ កម្លាំង​នយោបាយ​បក្ស​នេះ​ ក៏​នៅ​តែ​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ តែ​បើ​បាត់​គ្រឹះ​ក្នុង​ស្រុក​នោះ​ការ​ប្រជែង​ក្នុង​ឆាក​នយោបាយ​ ក៏​ទំនង​ជា​មាន​ឥទ្ធិពល​ប៉ុន្មាន​ឡើយ​។

ប្រសិន​បើ​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ដឹកនាំ​ច្បាស់លាស់​និង​ខ្លាំងក្លា​នោះ​គណបក្ស​ប្រ​ឆាំង​មួយ​នេះ​ប្រ​ហែល​ជា​នឹង​នៅ​តែ​ជា​ គូ​ប្រជែង​ដ៏​សំខាន់​បំផុត​ របស់​គណបក្ស​កាន់អំណាច​ក្នុង​រង្វង់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​។

ចំណុច​មួយ​ទៀត​គឺ​ការ​ប្រមូល​ផ្តុំ​កម្លាំង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​បក្ស​តែ​ម្តង​។ បក្ស​ប្រឆាំង​រីក​ធំធាត់​មក​ដល់​ថ្ងៃ​នេះ​ មិន​មែន​កើត​ឡើង​ដោយ​ការ​ខ្វែង​គំនិត​គ្នា​ប្រជែង​គ្នា​យក​ឈ្នះ​ចាញ់​ទេ​ ប៉ុន្តែ​គឺ​កើត​ឡើង​ដោយ​សារ​កម្លាំង​រួម​បញ្ចូល​គ្នា​រវាង​បក្ស​២​គឺ​ បក្ស​សម​រង្ស៉ី​ និង​បក្ស​សិទ្ធិ​មនុស្ស​។ បើ​បក្ស​ប្រឆាំង​បែក​បាក់  នោះ​លោក​ហ៊ុន​ សែន​ក៏​កាន់​តែ​សប្បាយ​ចិត្ត​។

លោក​ ហ៊ុន​ សែន​ធ្លាប់​ប្រ​ដូច​បក្ស​សង្គ្រោះ​ជាតិ​ ទៅ​នឹង​ព្យុះ​ក្នុង​ក្អម​កាល​ពី​៥​ឆ្នាំ​មុន​។ ប៉ុន្តែ​ពេល​ដែល​បក្ស​នេះ​ក្លាយ​ជា​ចលនា​ព្យុះ​សង្ឃរា​ បោក​បក់​កៅអី​បក្ស​ប្រជាជន​បាក់​អស់​២២​អាសនៈ​ ទើប​លោក​ហ៊ុន សែន  ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ រាប់​តាំង​ពី​លួង​លោម​ សន្យា​ឲ្យ​តំណែង​ សំ​ឡុត​គំរាមកំហែង​ ចាប់​ដាក់​គុក​ រហូត​ប្រើ​តុលាការ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង​។

ទោះ​បី​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​បែប​នេះ​ក្តី​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ មួយ​ចំនួន​ហាក់​នៅ​មិន​ទាន់​កំណត់​គោល​ដៅ​អោយ​ច្បាស់​ថា​ អ្នក​ណា​ដែល​ជា​គោល​ដៅ​ សម្រាប់​ពួក​គេ​តតាំង​ជា​មួយ​នៅ​ឡើយ​។ នៅ​ក្នុង​ការ​កំណត់​ថា​តើ​អ្នក​ណា​គួរ​ចាប់​ដៃ​រួម​សហការ​គ្នា​ដើម្បី​តតាំង​ជា​មួយ​គូបដិបក្ខ​រួម​ ពួក​បច្ចឹម​ប្រទេស​ច្រើន​លើក​យក​សុភាសិត​បុរាណ​មួយ​មក​ពិចារណា​ជា​គោល​។ នោះ​គឺ​ “សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ” ដែលភាសាដើមថា “The enemy of my enemy is my friend”  នេះ​គឺ​មាន​ន័យ​ថា​មនុស្ស​ពីរ​ក្រុម​អាច​ ឬ​គួរ​ធ្វើ​ការ​ជា​មួយ​គ្នា​ បើ​គេ​មាន​សត្រូវ​រួម​។

បុព្វបុរស​ខ្មែរ​សម័យ អង្គរ​ ក៏​តែង​តែ​អោយ តម្លៃ​ទៅ​លើ​ទ្រឹស្ដី​នេះ​ដែរ​ ដូច្នេះ​ហើយ​បាន​ជា​លោក​តែង​ឆ្លាក់​នូវ​តាម​ប្រាសាទ​បុរាណ​នានា​ នូវ​វគ្គ​មួយ​នៃ​លិទ្ធិ​ពហុ ទេវ​ គឺ​បេសកកម្ម​កូរ​សមុទ្រ​ទឹក​ដោះ​រវាង​ក្រុម​ប្រឆាំង​គ្នា​ពីរ​ គឺ​សុរា​ និង​អសុរ​។ ថ្វី ដ្បិត​តែ​ក្រុម​ទាំង​ពីរ​នេះ​មាន​វិវាទ​នឹង​គ្នា​មិន​ឈប់ឈរ​ ទី​បំផុត​ពួក​គេ​សុខ​ចិត្ត​ទំ​លាក់​ចោល​ការ​ខុស​គ្នា​ទាំង​អំបាលម៉ាន​ ចូលរួមដៃគ្នា​ កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​ស្វែង​រក​ទឹកអម្រឹត​ សម្រាប់​ជាប្រយោជន៍រួម។

តាម​ពិត​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្វី ដ្បិត​តែ​កើត​ឡើង​ពី​ការ​បូក​បញ្ចូល​គ្នា​វាង​គណបក្ស​ពីរ​មែន​ តែ​ក្រុម​ទាំង​ពីរ​នេះ​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ​ ហើយ​ពួក​គេ​ក៏​មាន​ទិស​ដៅ​រួម​ដូច​គ្នា​ដែរ​ ដូច្នេះ​ពួក​គេ​ដូច​ជា​ហាក់​មិន​មាន​ការ​លំបាក​ណាស់​ណា​ក្នុង​ធ្វើ​ការ​រួម​គ្នា​នោះ​ឡើយ​ ប្រសិន​បើ​ពួក​គេ​សុខ​ចិត្ត​ទំលាក់​ចោល​ការ​ខុស​គ្នា​ទាំង​អំបាលម៉ាន​ ហើយ​រួម​ដៃ​គ្នា​ផ្ដួល​គូរ​បដិបក្ខ​រួម​របស់​គេ​ និង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​៕

ព័ត៌មាន (4)
Share

sodarind

សូមអាធ្យាស្រ័យ ខ្ញុំគ្មានយោបល់ច្រើនទេ តាមដែលខ្ញុំចងចាំ គ្រាន់តែចង់កែតម្រូវបន្តិច ត្រង់រឿងកូរសមុទ្រទឹកដោះ គឺក្រុមអាសុរៈ និងក្រុមទេវៈ ឬនិយាយឲ្យសាមញ្ញគឺក្រុមយក្ស និងក្រុមទេវតា មិនមែនក្រុម សុរៈ និងអសុរៈទេ។
ក្នុងភាសាបាលីនិងសំស្ក្រឹត
អសុរៈ គឺពពួកយក្ស
សុរៈ ឬសុរា គឺសំដៅទៅលើគ្រឿងស្រវឹង។

អរគុណ

May 16, 2018 10:52 AM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

ខ្ញុំយល់ឃើញថា លោកហ៊ុនសែននឹងមិនចរចារជាដាច់ខាត បើសហគមន៍អន្ដរជាតិ ប្រទេស​ប្រកាន់​លិទ្ធិ​ប្រជាធិប​តេយ្យ​មិន​មែន​កុំមុយនិស ជា​ពិសេស​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្ដិភាពក្រុងប៉ារីស ២៣តុលា១៩៩១ នៅ​តែ​ពន្យារ​ពេល​មិន​ចាត់ការជាក់លាក់ ដាក់​ទណ្ឌ​កម្ម​របប​លោក​ហ៊ុនសែន​ជា​បន្ទាន់​ទេ​នោះ! ជាការពិតលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ អណត្តិទី៥ នាឆ្នាំ២០១៣ គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ទទួល​ជោគ​ជ័យ​យ៉ាងពិតប្រាកដលើបក្សប្រជាជនលោកហ៊ុនសែន! សា​ជា​ថ្មី​ទៀត​បក្ស​ប្រជាជន​បាន​ទទួល​ការបញ្ជាក់​យ៉ាង​ប្រាកដ​ពីលទ្ធផល​ការបោះឆ្នោតឃុំសង្កាត់២០១៧ គឺ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ឈ្នះ​គ្រប់​ការបោះឆ្នោតនាឆ្នាំ២០១៨នេះ ដូច្នេះការផ្លាស់ប្ដូរអ្នកនយោបាយ និង​គណ​បក្ស​ថ្មី​មក​ដឹក​នាំជាតិជំនួសបក្សប្រជាជនលោកហ៊ុនសែន ពិតជានឹងកើតមាននាឆ្នាំ២០១៨តាមរយៈការបោះឆ្នោតលិទ្ធិ ប្រជាធិបតេយ្យ… ដើម្បី ទប់ស្កាត់ការបាត់បង់អំណាចរបស់ខ្លួន និងភាពអាម៉ាសដោយលោកហ៊ុនសែននឹងមិនប្រគល់អំណាចទៅបក្សសង្រ្គោះជាតិក្រោយពេលចាញ់ការបោះឆ្នោតនោះ លោក​ហ៊ុន​សែន​សម្រេច​ធ្វើ​តាម​ផែន​ការ​ដែល​ជំនាញ​ការ​បាន​រៀបចំ​ទុក​ឲ្យ​រួច​ជាស្រេច​ គឺ​កំចាត់​ចោល​លិទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ស្រុង​ឲ្យ​បាន​មុន​តែម្ដង រម្លាយគណបក្សប្រឆាំង ចាប់អ្នកនយោបាយដាក់គុក ហាមឃាតមិនឲ្យធ្វើនយោបាយ ពោល​គឺ​កំចាត់​ចោល​គ្រប់​រចនា​សម្ព័ន្ធ​ដែលជួយពង្រឹងដំណើរលិទ្ធិប្រជាធិបតេយ្យ ទាំងអស់ ហើយ​ប្រមូល​យក​អំណាច​ទាំងអស់​ឲ្យបាន​មុន​ការបោះ​ឆ្នោត​! ធ្វើបែបនេះ លោកហ៊ុនសែន បាន​ទទួល​ជោគជ័យ​និងមាន​លេសបដិសេធន៍គ្រប់ការរិះគន់ទាំងអស់ ប្រសើរ​ជាង​ការ​មិន​ប្រគល់​អំណាច​នៅពេលចាញ់ឆ្នោត!

Mar 11, 2018 05:01 AM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

ខ្ញុំយល់ឃើញថា លោកហ៊ុនសែននឹងមិនចរចារជាដាច់ខាត បើសហគមន៍អន្ដរជាតិ ប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យមិនមែនកុំមុយនិស ជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣តុលា១៩៩១ នៅតែពន្យារពេលមិនចាត់ការជាក់លាក់ ដាក់ទណ្ឌកម្មរបបលោកហ៊ុនសែនជាបន្ទាន់ទេនោះ! ជាការពិតលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ អណត្តិទី៥ នាឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានទទួលជោគជ័យយ៉ាងពិតប្រាកដលើបក្សប្រជាជនលោកហ៊ុនសែន! សាជាថ្មីទៀតបក្សប្រជាជនបានទទួលការបញ្ជាក់យ៉ាងប្រាកដពីលទ្ធផលការបោះឆ្នោតឃុំសង្កាត់២០១៧ គឺបក្សសង្រ្គោះជាតិនឹងឈ្នះគ្រប់ការបោះឆ្នោតនាឆ្នាំ២០១៨នេះ ដូច្នេះការផ្លាស់ប្ដូរអ្នកនយោបាយ និងគណបក្សថ្មីមកដឹកនាំជាតិជំនួសបក្សប្រជាជនលោកហ៊ុនសែន ពិតជានឹងកើតមាននាឆ្នាំ២០១៨តាមរយៈការបោះឆ្នោតលិទ្ធិ ប្រជាធិបតេយ្យ… ដើម្បី ទប់ស្កាត់ការបាត់បង់អំណាចរបស់ខ្លួន និងភាពអាម៉ាសដោយលោកហ៊ុនសែននឹងមិនប្រគល់អំណាចទៅបក្សសង្រ្គោះជាតិក្រោយពេលចាញ់ការបោះឆ្នោតនោះ លោកហ៊ុនសែនសម្រេចធ្វើតាមផែនការដែលជំនាញការវៀតណាមបានរៀបចំទុកឲ្យរួចជាស្រេច គឺកំចាត់ចោលលិទ្ធិប្រជាធិបតេយ្យទាំងស្រុងឲ្យបានមុនតែម្ដង រម្លាយគណបក្សប្រឆាំង ចាប់អ្នកនយោបាយដាក់គុក ហាមឃាតមិនឲ្យធ្វើនយោបាយ ពោលគឺកំចាត់ចោលគ្រប់រចនាសម្ព័ន្ធដែលជួយពង្រឹងដំណើរលិទ្ធិប្រជាធិបតេយ្យ ទាំងអស់ ហើយប្រមូលយកអំណាចទាំងអស់ឲ្យបានមុនការបោះឆ្នោត! ធ្វើបែបនេះ លោកហ៊ុនសែន បានទទួលជោគជ័យនិងមានលេសបដិសេធន៍គ្រប់ការរិះគន់ទាំងអស់ ប្រសើរជាងការមិនប្រគល់អំណាចនៅពេលចាញ់ឆ្នោត!

Mar 11, 2018 04:49 AM

អ្នក​អាន​អនាមិក

​​​​​


​​ « សាមគ្គីជាកម្លាំង »

​​​ «​ ព្យាយាមទើបបានសំរេច​ »

Mar 10, 2018 08:42 PM

គេហទំព័រ​ទាំងមូល