បទ​វិភាគ​៖ តើ​មេ​រៀន​អ្វី​ខ្លះ​ដែល​កម្ពុជា​គួរ​រៀន​សូត្រ​បាន​ពី​វិបត្តិ​នៅ​តំបន់​គ្រីមៀ?

ដោយ ជុន ច័ន្ទបុត្រ
2014-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី បាន​លេប​ត្របាក់​យក​ឧបទ្វីប​គ្រីមៀ (Crimea) ដែល​ជា​ទឹក​ដី​ស្វយ័ត​មួយ​របស់​ប្រទេស​អ៊ុយក្រែន ទៅ​ដាក់​បញ្ចូល​ជា​ដែន​ដី​រណប​របស់​ខ្លួន។ ប្រការ​នេះ​បាន​ធ្វើ​អោយ​មាន​ការ​រំជើបរំជួល​ពេញ​ពិភពលោក។

ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម រួម​ទាំង​អង្គការ​សហប្រជាជាតិ ផង បាន​ហៅ​ការ​កាន់​កាប់​ឧបទ្វីប​គ្រីមៀរ របស់​ប្រទេស​រុស្ស៊ី នេះ​ថា ជា​អំពើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​ប្រទេស​រុស្ស៊ី អះអាង​ថា ការ​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ទៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី នោះ គឺ​ជា​អំពើ​ស្រប​ច្បាប់ ធ្វើ​ឡើង​តាម​សំណើ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គ្រីមៀរ ខ្លួន​ឯង។

អ្នក​ណា​ទៅ​ស្មាន​ដល់​ថា នៅ​សតវត្ស​ទី​២១​នេះ​ទៅ​ហើយ​នៅ​មាន​ការ​លេប​ត្របាក់​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជិត​ខាង​បាន​យ៉ាង​ស្រួល​ទៀត​នោះ? គ្រាន់​ស៊ីញេ​មួយ​ខ្វោក ទឹក​ដី​គ្រីមៀ នៃ​ប្រទេស​អ៊ុយក្រែន បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ដោយ​ស្រប​ច្បាប់ មិន​ចាំបាច់​មាន​ការ​វាយ​ដណ្ដើម​បង្ហូរ​ឈាម​អ្វី​ទាំងអស់។ ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ​នេះ បាន​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​ចុង​ក្រោយ ក្នុង​ការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​រុស្ស៊ី ដើម្បី​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​ខ្លួន។

ដំណើរ​ការ​បញ្ចូល​ទឹក​ដី​គ្រីមៀ នេះ​អោយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី តាំង​ពី​ដើម​ដល់​ចប់ ត្រូវ​គេ​ធ្វើ​បាន​សម្រេច​តែ​រយៈពេល​មួយ​ដ៏​ខ្លី​ដោយ​រលូន និង​អនុវត្ត​តាម​វិធី​មួយ​ដែល​ជា​ទី​ពេញ​និយម​របស់​ក្រុម​អ្នក​កាន់​អំណាច​ផ្តាច់​ការ។ នោះ គឺ​អ្វី​ដែល​គេ​ហៅ​ថា នីតិវិធី។

៥​ថ្ងៃ​មុន​ការ​ចុះ​ហត្ថលេខា​ជា​ចុង​ក្រោយ​នៅ​ឯ​វិមាន​ក្រឹមឡាំង នៃ​ក្រុង​មូស្គូ នៅ​ឯ​តំបន់​គ្រីមៀ ឯណោះ គេ​មាន​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​មួយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គ្រីមៀ ទាំងអស់ ថា​តើ​គេ​ចង់​អោយ​ដាក់​បញ្ចូល​ទឹក​ដី​គ្រីមៀ ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី ឬ​ទេ?

ការ​បោះ​ឆ្នោត​ប្រជា​មតិ​កាល​ពី​ថ្ងៃ​ទី​១៦ មីនា កន្លង​ទៅ​នោះ មាន​លក្ខណៈ​បើក​ចំហ​ល្អ​ណាស់ មាន​អ្នក​សង្កេត​ការណ៍​មក​ពី ២៣​ប្រទេស រួម​ជាមួយ​និង​អ្នក​សង្កេត​ការណ៍​ដែល​តំណាង​អោយ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា​ចំនួន​ជិត ៤០០​នាក់ ចូល​រួម​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នោះ។

ជា​លទ្ធផល អ្នក​ដែល​ចង់​អោយ​តំបន់​គ្រីមៀ ក្លាយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​រុស្ស៊ី មាន​ច្រើន​លើសលប់ គឺ ៩៧​ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត​ទាំងអស់​បាន​បោះ​ឆ្នោត​គាំទ្រ។

ក៏ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា ក្នុង​ចំណោម​អ្នក​ដែល​បោះ​ឆ្នោត​ទាំង​នេះ ភាគ​ច្រើន គឺ​ជា​ជនជាតិ​ភាគ​តិច​រុស្ស៊ី ដែល​បាន​មក​តាំង​លំនៅ​ក្នុង​ឧបទ្វីប​គ្រីមៀ នេះ​រហូត​ដល់​មាន​ចំនួន​ច្រើន​ជាង​ជនជាតិ​អ៊ុយក្រែន និង​ជនជាតិ​ដើម​ម្ចាស់​ស្រុក។ ស្ថិតិ​ផ្លូវ​ការ​បង្ហាញ​ថា នៅ​គ្រីមៀរ មាន​ជនជាតិ​រុស្ស៊ី រស់​នៅ​ចំនួន ៦០% ឯ​ជនជាតិ​អ៊ុយក្រែន មាន​ចំនួន ២៤% សល់​ពី​នេះ​ជាង ១០​ភាគរយ​ទៀត គឺ​ជា​ជាតិ​សាសន៍​ចម្រុះ​ដទៃ​ទៀត។

ពីរ​ថ្ងៃ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នៅ​គ្រីមៀ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដដែល មេ​ដឹក​នាំ​នៃ​ប្រទេស​រុស្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ ព្រមព្រៀង​ដាក់​បញ្ចូល​តំបន់​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ប្រទេស​រុស្ស៊ី។

គ្រាន់​តែ​ការ​លេប​ត្របាក់​ទឹក​ដី​នៃ​សតវត្ស​ទី​២១​នេះ​បាន​សម្រេច​ជា​ផ្លូវ​ការ​ភ្លាម ប្រជាពលរដ្ឋ​នៃ​តំបន់​គ្រីមៀ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​រុស្ស៊ី នោះ នាំ​គ្នា​រៀប​ចំ​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​អ៊ឹកធឹក​ក្រៃលែង។ គេ​ដុត​កាំជ្រួច គេ​នាំ​គ្នា​រាំ​ច្រៀង​សើច​សប្បាយ​ពេញ​មួយ​យប់ ដើម្បី​អបអរ​សាទរ​ពី​ការ​ដែល​គេ​មាន​ជោគជ័យ​ក្នុង​ការ​យក​ទឹក​ដី​បរទេស​ដែល​ខ្លួន​កំពុង​រស់​នៅ អោយ​ក្លាយ​ទៅ​ជា​ទឹក​ដី​រណប​របស់​ប្រទេស​នៃ​ជនជាតិ​ខ្លួន ហើយ​អ្នក​ដែល​យំ​ខ្សឹកខ្សួល​ស្ដាយ​ស្រណោះ​ទឹក​ដី​មក​ទល់​ពេល​នេះ គឺ​ជនជាតិ​អ៊ុយក្រែន ដែល​ជា​ម្ចាស់​ស្រុក។

ដែន​ដី​គ្រីមៀ នេះ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​សមុទ្រ​ខ្មៅ មាន​ច្រក​ដី​តែ​បន្តិច​ដើម្បី​ភ្ជាប់​ឧបទ្វីប​នេះ ទៅ​នឹង​ដែន​ដី​គោក​នៃ​ប្រទេស​អ៊ុយក្រែន ទាំង​មូល។ ដោយ​គ្រីមៀ មាន​ព្រំដែន​ជាប់​សមុទ្រ​ស្ទើរ​ជុំវិញ ដូច្នេះ​ទី​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​មនុស្សម្នា​តែង​នាំ​គ្នា​មក​សម្រាក​លំហែ​កាយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៃ​ទឹក​ដី​គ្រីមៀ ទៅ​ជា​មុខ​ព្រួញ​នាំ​ចំណូល​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយ។ ឧបទ្វីប​គ្រីមៀ ក៏​ជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​រុស្ស៊ី ដែរ ព្រោះ​វា​ផ្តល់​អោយ​ប្រទេស​រុស្ស៊ី នូវ​ច្រក​ចេញ​តែ​មួយ​គត់​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ។

កម្ពុជា ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​រហូត​មក​ទល់​ពេល​នេះ​ម្តង​ជា​ពីរ​ដង​រួច​ហើយ។ ទឹក​ដី​កម្ពុជា​ក្រោម ឬ​ដែល​បារាំង ហៅ​ថា​ដែន​ដី​កូសាំងស៊ីន ពី​បរម​បុរាណ​របស់​ខ្មែរ បាន​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ក្រោម​ការ​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​នេះ​ទៅ​អោយ​ប្រទេស​វៀតណាម ដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។

អ្នក​ដែល​បាន​ទៅ​ដល់​ដែន​ដី​សណ្ដ​កម្ពុជា​ក្រោម​នេះ ប្រាកដ​ជា​ឃើញ​ប្រត្យក្ស​ផ្ទាល់​នឹង​ភ្នែក​ថា នោះ​គឺ​ជា​ទឹក​ដី​ដ៏​សម្បូរ​រុងរឿង និង​ដ៏​មាន​ជីជាតិ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សេដ្ឋកិច្ច និង​កសិកម្ម។

តាម​ពិត ជនជាតិ​វៀតណាម បាន​នាំ​គ្នា​មក​តាំង​លំនៅ​លើ​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ​កូសាំងស៊ីន នេះ តាំង​ពី​ដើម​សតវត្ស​ទី​១៧​មក​ម្ល៉េះ។ នៅ​គ្រា​នោះ ព្រះរាជា​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​ជ័យជេដ្ឋាទី២ ឬ​ព្រះបាទ​ជ័យ​ចេស្ដា​ទី​២ មាន​ព្រះ​ជាយា​ជា​ជនជាតិ​វៀតណាម។ ម្ចាស់​ក្សត្រី​អង្គ​ចូវ ព្រះ​ជាយា​របស់​ព្រះបាទ​ព្រះបាទ​ជ័យ​ចេស្ដា​ទី​២ នេះ ជា​បុត្រី​របស់​ព្រះចៅ​យួន​អណ្ណាម។ គឺ​ទំនាក់ទំនង​រវាង​កូន​ប្រសា​ជា​ស្ដេច​ខ្មែរ និង​ឪពុក​ក្មេក​ជា​ស្ដេច​យួន​អណ្ណាម នេះ​ហើយ ដែល​បើក​ផ្លូវ​អោយ​ជនជាតិ​វៀតណាម ចូល​មក​តាំង​លំនៅ​នៅ​ដែន​ដី​កម្ពុជា​ក្រោម នេះ។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សរសេរ​ថា នៅ​គ្រិស្ដសករាជ​១៦២១ ដោយ​យក​លេស​ថា ប្រទេស​យួន មាន​ចំបាំង​ជាមួយ​ចិន គណៈ​បេសកកម្ម​ទូត​របស់​យួន​មួយ​បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មក​កម្ពុជា។ មួយ​ច្បាប់​មក​ថ្វាយ​ព្រះបាទ​ជ័យ​ចេស្ដា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ម្ចាស់​ក្សត្រី​អង្គ​ចូវ អោយ​ជួយ​ទូល​ព្រះ​ស្វាមី សុំ​ខ្ចី​ដី​ខ្លះ​នៅ​តំបន់​កម្ពុជា​ក្រោម ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈពេល ៥​ឆ្នាំ ហើយ​សន្យា​ថា​គ្រប់ ៥​ឆ្នាំ នឹង​សង​ថ្វាយ​វិញ។

ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ផង ព្រះ​ជ័យ​ចេស្ដា ក៏​ទ្រង់​យល់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ កាន់​តែ​ច្រើន​ឡើងៗ។ ម្យ៉ាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​អោយ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន ក្រុង​វ៉េ ក៏​បាន​បញ្ជូន​មេ​ទ័ព​របស់​គេ​ម្នាក់​អោយ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។

ប្រាកដ​ណាស់​ថា ក្នុង​ការ​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​អោយ​វៀតណាម ប្រទេស​បារាំង និង​រដ្ឋការ​យួន​អណ្ណាម អាច​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ណាស់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏ប៉ុន្តែ​ការ​ដែល​អាណាព្យាបាល​បារាំង សុខ​ចិត្ត​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ឆ្នាំ​១៩៤៩ អោយ​ទៅ​វៀតណាម កាន់​កាប់​នេះ មួយ​ផ្នែក​ក៏​ប្រហែល​មក​ពី​ហេតុផល​ថា ទឹក​ដី​នោះ​ត្រូវ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ចាក់​ឫស​ចាក់​គល់ តាំង​ពី​ដើម​សតវត្ស​ទី​១៧​រួច​ទៅ​ហើយ។ បារាំង ប្រហែល​ជា​ពិបាក​នឹង​លើក​ដៃ​កាត់​ទឹក​ដី​ខ្មែរ​ដែល​មាន​សុទ្ធតែ​ជនជាតិ​ខ្មែរ​រស់​នៅ​ពេញ​ស្រុក ទៅ​អោយ​វៀតណាម ទាំង​ងងើល​នោះ​បាន​ដែរ។

ដូច្នេះ តើ​កម្ពុជា គួរ​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​ពី​វិបត្តិ​នៅ​តំបន់​គ្រីមៀ នេះ?

មេ​រៀន​ដែល​គួរ​ចងចាំ​នោះ គឺ​ក្នុង​ការ​ប៉ុនប៉ង​ដណ្ដើម​យក​ទឹក​ដី ជន​ដែល​មាន​បំណង​នោះ ដំណាក់​កាល​ដំបូង​គេ​តែង​បញ្ជ្រាប​ខ្លួន​បន្តិច​ម្តងៗ​ទៅ​ក្នុង​ទឹក​ដី​នោះ រួច​ទើប​គេ​ចាប់​ផ្តើម​បង្កើត​កូន​បង្កើត​ចៅ ឬ​បបួល​គ្នា​មក​នៅ​បន្ថែម ដើម្បី​ធ្វើ​អោយ​ជនជាតិ​ខ្លួន​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ បន្ទាប់​មក គេ​ក៏​រក​វិធី​ធ្វើ​ខ្លួន​អោយ​ទៅ​ជា​អ្នក​រស់​នៅ​លើ​ទឹក​ដី​ថ្មី​ដោយ​ស្រប​ច្បាប់ ហើយ​បណ្ដេញ​ជនជាតិ​ជា​ម្ចាស់​ស្រុក​ចេញ ឬ​ក៏​ធ្វើ​អោយ​ម្ចាស់​ស្រុក​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​តិច​វិញ។ ហើយ​ទី​បំផុត គេ​វាយ​ដណ្ដើម​យក​ដោយ​កម្លាំង​បាយ ឬ​តាម​នីតិវិធី ដូចជា​នៅ​តំបន់​គ្រីមៀរ ឬ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ជាដើម។

វិធី​នេះ​ក៏​ធ្លាប់​ត្រូវ​គេ​អនុវត្ត​បាន​ដោយ​មាន​ប្រសិទ្ធភាព នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ។ នៅ​សហរដ្ឋ​អាមេរិក ជនជាតិ​ឥណ្ឌា ស្បែក​ក្រហម​ដែល​ជា​ម្ចាស់​ស្រុក ត្រូវ​ជន​បរទេស​ចំណូល​ថ្មី​ចូល​មក​រស់​នៅ រួច​ដណ្ដើម​យក​ដី​បង្កើត​ប្រទេស​ថ្មី​របស់​ខ្លួន។

នៅ​តំបន់​គ្រីមៀ ជនជាតិ​រុស្ស៊ី បាន​ត្រូវ​គេ​បញ្ជូន​អោយ​មក​តាំង​នៅ​ទី​នេះ​រាប់​សែន​នាក់ តាំង​ពី​ឆ្នាំ​១៩៤៤ ហើយ​គេ​បណ្ដេញ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ចេញ ដោយ​យក​លេស​ថា ​ពួក​ជនជាតិ​ដើម​ម្ចាស់​ស្រុក​នេះ សហការ​ជាមួយ​នឹង​ពួក​ណាហ្សី (Nazi)។ ទី​បំផុត ជនជាតិ​រុស្ស៊ី បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​ច្រើន​តែ​ម្តង។ ដោយ​មាន​សំឡេង​គាំទ្រ ៩៧​ភាគរយ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី បាន​ប្រើប្រាស់​តួលេខ​នេះ ដើម្បី​អះអាង​ថា អ្វី​ដែល​ខ្លួន​ធ្វើ គឺ​ស្រប​តាម​នីតិវិធី និង​តាម​បែប​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

Narith

ពី Phnom Penh

ខ្ញុំបារម្មណ៍ខ្លាំងណាស់ សូមជួយគ្នាថែដីខ្មែរដែលនៅសល់មួយក្ដាប់តូចនេះផង

Apr 29, 2014 05:54 AM

dyra

ពី phnom penh

pay attention to country invade cambodia, esp. vietnam

Apr 26, 2014 09:24 AM

កូនខ្មែរ

ពី ភព

នេះហើយជាគំនិតលក់ជាតិរបស់ហ៊ុន សែនដោយឱ្យយួនចូលមក
រស់នៅស្រុកខ្មែរដោយសេរី។រាស្រ្តខ្មែរត្រូវតែដកហ៊ុន សែនចេញពី
អំណាចហើយសើរើច្បាប់អន្តរប្រវេសន៏សាជាថ្មីដើម្បីរក្សាទងឹកដីខ្លួន។

Apr 25, 2014 04:02 PM

អ្នក​អាន​អនាមិក

បញ្ហាប្រទេសខ្មែរជាតិខ្មែរគឺអាក្រក់ជាងអ៊ុយក្រែនទៅទៀត ប្រសិនបើ
ខ្មែរនៅតែមិនដឹងខ្លួន ខ្មែរនៅតែយល់ច្រឡំ ខ្មែរនៅតែ
ស្រេកឃ្លានអំណាច ខ្មែរនៅតែជាអាយ៉ង ខ្មែរនៅតែ
មានជនក្បត់ជាតិ...
មកដល់ថ្ងៃនេះទឹកដីរបស់យើងបាន និង កំពុង
បាត់បង់ច្រើនណាស់...

Apr 25, 2014 01:04 PM

អ្នក​អាន​អនាមិក

DON'T WANT TO LEARN FROM IT BECAUSE EVERYBODY WANT TO BE YOURN SLAVE[INDIRECT].

Apr 25, 2014 11:02 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល