បទ​វិភាគ៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ?

ដោយ ទេព សុរ៉ាវី
2014-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ឈរ​ត្រៀម​ការពារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៤។
ប៉ូលិស​ឈរ​ត្រៀម​ការពារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៤។
Photo: RFA

ថ្មីៗ​នេះ ផែនទី​របស់​ក្រុមហ៊ុន Google ដែល​មាន​ឈ្មោះ​ថា Google Map បាន​ប្ដូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ជា​ទីលាន​សម្រាប់​វាយ (Fighting Park)។ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​វាយ​លើ​ពលរដ្ឋ​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​ទៅ​កៀក​ទីលាន​ប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​អ្នក​កាសែត​ជាតិ​អន្តរជាតិ ទៅ​យក​ព័ត៌មាន​នៅ​ក្បែរ​នោះ ក៏​ត្រូវ​ក្រុម​សន្តិសុខ​វាយ​ឲ្យ​របង​របួស​ដែរ។

លើស​ពី​នេះ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល ហើយ​បាន​ចេញ​បម្រាម​មិន​ឲ្យ​យក​ទីតាំង​នោះ​ធ្វើ​ការ​ជួប​ជុំ​តវ៉ា ឬ​កូដកម្ម​បាតុកម្ម​ផ្សេងៗ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

តើ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ មក​ពី​រដ្ឋាភិបាល​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ទៀត ឬ​ក៏​ខ្លាច​អំណាច​ពលរដ្ឋ?

មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​ឡើង។ ទីលាន​មួយ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​ជាពិសេស ការ​បង្កើត​អោយ​មាន​ទីតាំង​មួយ​សម្រាប់​អោយ​មនុស្ស​ធ្វើ​បាតុកម្ម​នោះ ប្រហែល​ជា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ងាយ​ស្រួល​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ការ​ជួប​ជុំ​បញ្ចេញ​មតិ​ដោយ​សេរី​នោះ។

ឆ្លង​តាម​ការ​ធ្វើ​បាតុកម្ម​ផ្ទួនៗ​គ្នា​កន្លង​ទៅ អាជ្ញាធរ​ពិត​ជា​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​បាន​មែន។ នៅ​ទីលាន​ប្រជាធិបតេយ្យ ពុំ​ដែល​មាន​អំពើ​ហិង្សា​បង្ហូរ​ឈាម​កើត​ឡើង​ទេ។ អំពើ​ហិង្សា​បង្ហូរ​ឈាម​ដែល​ក្រុម​ប្រដាប់​អាវុធ​បាញ់​តម្រង់​ទៅ​ក្រុម​បាតុករ​នោះ កើត​ឡើង​នៅ​ជាយ​ក្រុង​ម្ខាង​ទៀត​ឯណោះ មិន​មែន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឯ​កណ្ដាល​ក្រុង​ឯណេះ​ទេ។ តើ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មក​ពី​ពិបាក​បាញ់​មនុស្ស​នៅ​កណ្ដាល​ក្រុង​ពេក ឬ​ក៏​ជា​ការ​បិទ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា?

សាលា​រាជធានី​ភ្នំពេញ ពន្យល់​ថា នេះ​ជា​ការ​បិទ​ដើម្បី​ស៊ើប​អង្កេត​ករណី​បង្ក​ហិង្សា​មួយ កាល​ពី​ដើម​ខែ​មករា ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នៅ​ផ្លូវ​វ៉េងស្រេង ហើយ​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា វា​សម្បូរ​ហូរហៀរ​ណាស់​ទៅ​ហើយ។ បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​វិញ អ្នក​ច្បាប់​ដែល​មិន​បម្រើ​ផល​ប្រយោជន៍​រដ្ឋាភិបាល មូល​មតិ​គ្នា​ថា ការ​បិទ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ជា​អំពើ​បំពាន​រដ្ឋធម្មនុញ្ញ​ផង និង​រំលោភ​ច្បាប់​ទូទៅ​ផង។

ទី​១ រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល បាន​ចែង​ច្បាស់​អំពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​ការ​ប្រមូល​ផ្តុំ ការ​ធ្វើ​បាតុកម្ម ការ​តវ៉ា​ដោយ​សន្តិវិធី។ នៅ​ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ដែល​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី​នោះ ក៏​បាន​ចែង​ច្បាស់​ពី​សិទ្ធិ​ទាំង​នោះ​ថា ជា​សិទ្ធិ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​សិទ្ធិ​មូលដ្ឋាន​ទាំង​នោះ​ត្រូវ​តែ​ផ្តល់​ជូន​ពលរដ្ឋ។ រីឯ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ក៏​បាន​ចែង​ទៀត​ថា ការ​ធ្វើ​បាតុកម្ម ការ​ជួប​ជុំ គឺ​សម្រេច​ឲ្យ​មាន​ទីលាន​មួយ​សម្រាប់​ធ្វើ​ជា​សាធារណៈ។ ច្បាប់ និង​រដ្ឋធម្មនុញ្ញ ត្រូវ​ស្ថិត​ជា​ច្បាប់​កំពូល ហើយ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ឬ​បម្រាម​ចេញ​ពី​ស្ថាប័ន​ណា​មួយ មិន​អាច​លុប​ច្បាប់​ទាំង​នោះ​បាន​ឡើយ។

ប៉ុន្តែ ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​តាម​រយៈ​លិខិត​បម្រាម​សាលា​រាជធានី​ភ្នំពេញ​នោះ ទំនង​ជា​កំពុង​ហក់​រំលោភ​ច្បាប់។

ទិដ្ឋភាព​ផ្លូវ​ច្បាប់​ទី​២ ដែល​ត្រូវ​កត់​សម្គាល់​មួយ​ទៀត គឺ​ការ​ដាក់​ទីតាំង​ណា​មួយ​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត គឺ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ​ដែល​មាន​ឆន្ទានុសិទ្ធិ ឬ​សិទ្ធិ​សម្រេច​ចេញ​ដីកា​រក្សា​ការពារ ដោយ​ផ្អាក ឬ​ហាម​ចេញ​ចូល​តំបន់​ដែល​បង្ក​ឲ្យ​មាន​បទល្មើស។ ប៉ុន្តែ ទីលាន​ប្រជាធិបតេយ្យ​មិន​មែន​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ទេ។ កន្លែង​ប្រព្រឹត្ត​បទល្មើស​ដែល​នរណា​ក៏​ដឹង​ដែរ​ថា អាជ្ញាធរ​បាញ់​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ច្រើន​នាក់​របួស​នោះ គឺ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​មាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ពី​ទីលាន​ប្រជាធិបតេយ្យ។ ដូច្នេះ ផ្លូវ​វ៉េងស្រេង ឯណោះ​ទេ​ដែល​ត្រូវ​តែ​បិទ ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

ម្យ៉ាង​ទៀត រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​តុលាការ​មិន​បាន​ចេញ​ដីកា​រក្សា​ការពារ បិទ​ទីលាន និង​ដាក់​ទីតាំង​នេះ ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ឡើយ។ ជាក់ស្តែង គឺ​នៅ​ជុំវិញ​បរិវេណ​ទីលាន​នោះ មិន​ឃើញ​មាន​ដីកា​តុលាការ​បិទ​នៅ​ជាប់​ដើម​ឈើ ឬ​បង្គោល​ភ្លើង ទុក​សម្គាល់​ឲ្យ​មហាជន​ដឹង​ថា ជា​តំបន់​ហាម​ឃាត់។ បែរ​ជា​ខាង​សាលា​រាជធានី​ភ្នំពេញ​ឯណោះ​ទេ ឈឺ​ឆ្អាល​ឲ្យ​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា រនាំង​ដែក​ពីរ​ជាន់​យ៉ាង​រឹងមាំ និង​មាន​កង​កម្លាំង​សន្តិសុខ សមត្ថកិច្ច​ចម្រុះ​នៅ​យាម​ការពារ​របាំង​នោះ​ទាំង​យប់​ថ្ងៃ។ នេះ​បាន​ចំ​ជា​ឆ្នាំង​មិន​ក្តៅ វា​ទៅ​ក្តៅ​គម្រប​ឯណោះ។

ចំណុច​ដែល​ត្រូវ​សង្ស័យ​មួយ​ទៀត​នោះ គឺ​ខាង​សាលា​រាជធានី​ភ្នំពេញ ចេញ​បម្រាម​ហាម​មាន​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស៊ើប​អង្កេត​រក​ដាន​ពាក់ព័ន្ធ​នឹង​បទល្មើស។ ប៉ុន្តែ​សួរ​ថា តើ​ដាន​ទាំង​នោះ​នៅ​សល់​សម្រាប់​ឲ្យ​រក​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទីតាំង​នោះ តែ​បែរ​ជា​បណ្តោយ​ឲ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ និង​ឡាន​ទឹក​ជាច្រើន​គ្រឿង ធ្វើ​ដំណើរ និង​បរ​ចេញ​ចូល​ចុះ​ឡើងៗ ជួន​កម្លាំង​ទាំង​នោះ​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ជា​ទី​កន្លែង​ហ្វឹកហាត់​សម​កម្លាំង​ត្រៀម​បង្ក្រាប​បាតុកម្ម​ថែម​ទៀត។

ដូច្នេះ តើ​មាន​អ្វី​នៅ​ក្រោយ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ?

ទំនង​ជា​បញ្ហា​នយោបាយ​ឯណោះ​ទេ​នៅ​ពី​ក្រោយ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ។ ជា​បទ​ពិសោធន៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋាភិបាល​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ការ​មើល​ស្រាល​សត្រូវ។ ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា ស្មាន​ខុស ថា​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ធ្វើ​យូរៗ​អាច​នឹង​មាន​មនុស្ស​ថយ​ចុះ។ ដឹង​អី! រឹត​តែ​ធ្វើ រឹត​តែ​មាន​មនុស្ស​ចូល​រួម​ច្រើន​ឡើងៗ រហូត​ដល់​មាន​ការ​ហែ​ក្បួន​បាតុកម្ម​ចល័ត​ក្រវាត់​ពេញ​រាជធានី​ភ្នំពេញ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម មិន​ងាយ​នឹង​ទប់ស្កាត់​បាន។

ការ​បើក​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​ជួប​ជុំ​ឡើង​វិញ គឺ​ស្មើ​នឹង​ការ​ហុច​ដាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​មក​តតាំង​ជា​ចំហ​ជាមួយ​គណបក្ស​កាន់​អំណាច តាម​រយៈ​ការ​គាំទ្រ​ពី​មហាជន។ តាម​មើល​ទៅ អ្វី​ដែល​នៅ​ពី​ក្រោយ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ​ខ្លាច​នៃ​អំណាច​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

អ្វីៗ មកពី ហ៊ុន សែន ក្បត់ជាតិ ប្រគល់ដី កោះត្រល់ ទ្រព្យសម្បត្តិជាតិ ទៅអោយយួន ហើយដេញ ប្រជាពលរដ្ឋខ្មែរ ខ្លួនអែងចេញ !

May 15, 2014 12:04 PM

KONE CHEN

ពី PEKING

If Google Maps did not change the name to fighting park. You know already young man.

May 15, 2014 12:42 AM

richard

ពី Modesto, CA, USA

Great report Tep Saravi, keep up the good job.

May 14, 2014 11:43 PM

កូនខ្មែរ

ពី ភព

ខ្ញុំយល់ស្រប១០០%នៃសេច្ចក្ដីវិភាគខាងលើ។ខ្លាចតែក្រោយពីការ
បិទឃាត់ឃាំងនេះមកស្រាប់តែទីលានប្រជាធិបតេយ្យនេះក្លាយទៅជា
ទីលានសម្បទានឱ្យចិនធ្វើហាងស៊ីអ៊ីវ/សៀងឬក៏យួនធ្វើជារោងចក្រ
ចម្រាញ់នឿកម៉ាំទៅវិញ តើរាស្រ្តខ្មែរគិតយ៉ាងណាដែរ?ហើយផៃ ស៊ី
ផាននឹងបកស្រាយដូចម្ដេច?។

May 14, 2014 04:10 PM

អ្នក​អាន​អនាមិក

Hun Sen must step down before the power of people hang his family up. The whole CPP regime must eliminate from the country. The CPP is a communist that installed by the north communist Vietnam. People of Cambodia must stand up for your own right.

May 14, 2014 10:21 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល