នៅរយៈពេល៤ខែចុងក្រោយនេះ គណបក្សកាន់អំណាចបានដាក់ចេញយុទ្ធសាស្ត្របំបែករាល់ការជួបជុំទាំងអស់នៅទីកន្លែងនានា ក្នុងរាជធានីភ្នំពេញ។ យុទ្ធសាស្ត្រនេះបានផ្ដល់អំណាចដល់សាលារាជធានីភ្នំពេញ ជ្រើសរើសសន្តិសុខឯកជនរាប់សិបនាក់វាយបំបែកបាតុករ ឬសកម្មជនដែលមានបំណងបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ តើយុទ្ធសាស្ត្រនេះចំណេញដល់គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឬទេ?
យុទ្ធសាស្ត្ររារាំង បំបែករាល់ការប៉ុនប៉ងបញ្ចេញមតិនេះ ធ្វើឲ្យបក្សកាន់អំណាចឃាត់បានទាំងស្រុងនូវពាក្យថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ យ៉ាងហោចណាស់ក៏បានមួយរយៈដែរ។ យុទ្ធសាស្ត្រនេះមិនត្រឹមតែអាចធ្វើឲ្យបក្សកាន់អំណាចខាតទាំងនយោបាយក្នុងប្រទេស ខាតទាំងនយោបាយក្រៅប្រទេសប៉ុណ្ណោះទេ តែក៏អាចធ្វើអោយរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ល្បីកាន់តែខ្លាំងខាងរំលោភសិទ្ធិមនុស្សទៀតផង។
ខាតនយោបាយក្នុងប្រទេសនៅត្រង់ថា យុទ្ធសាស្ត្ររារាំងបាតុកម្ម បំបែកបាតុកម្មនេះ បានបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌដែលបណ្ដាលមកពីក្រុមសន្តិសុខឯកជនវាយក្បាលបាតុករ វាយក្បាលកម្មករ វាយសកម្មជនបក្សប្រឆាំង រហូតដល់វាយបណ្ដេញមន្ត្រីសង្គមស៊ីវិល និងវាយអ្នកកាសែតដែលឃ្លាំមើលការតវ៉ាទៀតផង។ ពេលមានការបង្ក្រាបម្តងៗ ប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាចដែលធ្លាប់តែជួយផ្សាយបន្លំឲ្យគុណសម្បត្តិទៅអាជ្ញាធររដ្ឋាភិបាលនោះ ក៏លែងសូវហ៊ានផ្សាយពន្លើសទៀតដែរ ព្រោះថា រាស្ត្រខ្មែរសព្វថ្ងៃ ក្រៅតែពីស្ដាប់ ហើយជឿដំណឹងពីប្រភពផ្សាយព័ត៌មានឯករាជ្យ ក៏ពួកគាត់មើលបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ដែរ។ បើឪម៉ែមិនបានមើល ក៏កូនចៅដែលធ្វើការរោងចក្រ ឬធ្វើគូលីគេនៅថៃ នៅកូរ៉េ ប្រាប់ឲ្យដឹងដែរ។
ទោះជាបែបណាក្តី មន្ត្រីរដ្ឋាភិបាលតែងចេញមុខការពារខ្លួន ដោយប្រកាសតាមប្រព័ន្ធផ្សាយថាបង្ក្រាបដើម្បីការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ តែរាស្ត្រខ្មែរភាគច្រើនមិនយល់ថា ច្បាប់ជាអ្វី រដ្ឋធម្មនុញ្ញជាអ្វីទេ គ្រាន់តែដឹងតាមម៉ែបង្រៀនពីតូចក្រូចឆ្មារមកថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ប៉ុណ្ណោះ។ រាស្ត្រខ្មែរតែងតែអត់ឱនឲ្យមន្ត្រីរដ្ឋាភិបាល និងបន្តសង្ឃឹមថា ពួកមន្ត្រីៗទាំងនោះនឹងកែខ្លួន បើទោះជាឃើញគ្រួសារមន្ត្រីធំៗនោះលក់កេរដូនតា កាប់ព្រៃព្រឹក្សាស្ទើរហិនហោចពីស្រុកខ្មែរក្តី។
សភាពស្ងប់ស្ងាត់របស់រាស្ត្រមិនមែនបានន័យថា ពួកគាត់បណ្ដោយឲ្យរដ្ឋាភិបាលធ្វើអីស្រេចតែចិត្តទេ។ ពលរដ្ឋខ្មែរទំនងជាមិនតិចលាននាក់ទេ ដែលកំពុងតែតវ៉ា ឬធ្វើបាតុកម្មក្នុងចិត្តរាល់ថ្ងៃប្រឆាំងនឹងអំពើអយុត្តិធម៌សង្គម អំពើពុករលួយ ដែលបង្កឡើងដោយសាច់ញាតិមន្ត្រីៗជាន់ខ្ពស់ រហូតដល់មេភូមិនោះ។
នៅមុនការបោះឆ្នោតសភា វិទ្យាស្ថាន អាយ.អ.អាយ (IRI) របស់សហរដ្ឋអាមេរិក បានស្ទង់មតិឃើញថា ពលរដ្ឋកម្ពុជា ជាង ៧០ភាគរយ យល់ថា លោក ហ៊ុន សែន ដឹកនាំប្រទេសដើរផ្លូវត្រូវ។ ការស្ទង់មតិនេះ ធ្វើឲ្យគណបក្សកាន់អំណាចសប្បាយចិត្តមិនតិចទេ។ តែដល់ពេលប្រកាសលទ្ធផលឆ្នោត បក្សកាន់អំណាចឡើងល្វីងមុខ ព្រោះតែបាត់កៅអីសភា ២២អាសនៈ និងត្រូវបក្សប្រឆាំងចោទថា បន្លំសន្លឹកឆ្នោតថែមទៀត។
រដ្ឋាភិបាលអាណត្តិទី៤ មិនបានបិទការតវ៉ាផង ធ្លាក់កៅអីសភាប៉ុណ្ណឹងហើយ ចុះទម្រាំបើបិទគ្រប់ច្រកដូចសព្វថ្ងៃនេះទៀត មិនដឹងជាយ៉ាងណាទេ? តើគណបក្សប្រជាជនកម្ពុជា មិនបារម្ភថា រាស្ត្រខ្មែរប្រើវិធីហ៊ឹមៗកេះឆ្នាំងបាយធ្លុះឬទេអី? បើចង់ដឹងថា ពលរដ្ឋគាំទ្រការប្រើហិង្សាបង្ក្រាបបាតុកម្ម ឬអត់នោះ បក្សកាន់អំណាចអាចជួលក្រុមហ៊ុនឯករាជ្យមកសិក្សាស្រាវជ្រាវក៏បានដែរ។ គណបក្សប្រជាជនកម្ពុជា មានទ័ពធំជាម្ចាស់ឆ្នោតនៅទីជនបទសម្រាប់ច្បាំងលើសមរភូមិប្រជាធិបតេយ្យ។ ប៉ុន្តែបើរាស្ត្រតាមជនបទឃើញថា បក្សនេះធ្វើអំពើបាបហើយនោះ ទំនងជាដាំចេកហើយមើលទៅ។
ចំពោះនយោបាយក្រៅប្រទេសវិញ គណបក្សកាន់អំណាចក្រសោបបានសម្ព័ន្ធមិត្តភាគច្រើនជាប្រទេសដែលនិយមខាងរឹតត្បិតសេរីភាពបញ្ចេញមតិ ប៉ុន្តែបើប្រទេសផ្ដល់ជំនួយធំៗដែលនិយមលទ្ធិប្រជាធិបតេយ្យវិញ សុទ្ធតែមិនគាំទ្រយុទ្ធសាស្ត្រខុសច្បាប់នេះឡើយ។
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងសូម្បីតែប្រទេសអូស្ត្រាលី ដែលមានបំណងពឹងរាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលជនភៀសខ្លួននោះ ក៏ជំរុញឲ្យរដ្ឋាភិបាលដកបម្រាមហាមជួបជុំចេញដែរ។ ភាគីមន្ត្រីរដ្ឋាភិបាលតែងប្រាប់ទៅបរទេសថា នេះជាការពង្រឹងសន្តិសុខផ្ទៃក្នុង និងធានាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ប៉ុន្តែភាគីបរទេសប្រហែលជាពិបាកទទួលយកពាក្យដោះសានេះណាស់។
ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺអង្គការរដ្ឋប្រមូលមតិពីគ្រប់មជ្ឈដ្ឋាន ហើយផ្តល់ឱកាសពេញលេញឲ្យពលរដ្ឋចូលរួមអភិវឌ្ឍន៍សង្គម។ ពួកគេជឿភាគច្រើនទៅលើរបាយការណ៍របស់សង្គមស៊ីវិលជាតិ អន្តរជាតិ និងសារព័ត៌មានឯករាជ្យ ហើយចំណុចនេះវាផ្ទុយនឹងរដ្ឋាភិបាលកម្ពុជា ដែលតែងទាត់ចោលរបាយការណ៍សង្គមស៊ីវិល និងរកវិធីចាប់កំហុសអ្នកកាសែតរហូតដល់ចាត់កម្លាំងវាយអ្នកកាសែតទៀតផង។
នៅកម្ពុជា ញត្តិ ឬសេចក្តីអំពាវនាវជាច្រើនបានដាក់ទៅដល់ដៃស្ថានទូតបរទេសនៅកម្ពុជា ឲ្យអន្តរាគមន៍ពីបញ្ហាផ្សេងៗ ដូចជាការរំលោភសិទ្ធិមនុស្ស តុលាការពុករលួយ ការរំលោភបំពានដីធ្លីជាដើម។ ញត្តិទាំងអស់នេះ ក៏ជាទឡ្ហីករណ៍យ៉ាងសំខាន់សម្រាប់ឲ្យប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ពិចារណាពីនយោបាយការបរទេសចំពោះរាជរដ្ឋាភិបាលកម្ពុជា។
រយៈពេល ៥អាណត្តិទៅហើយ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា មិនត្រូវបានប្រទេសក្នុងសហគមន៍អឺរ៉ុប ឬសហរដ្ឋអាមេរិកអញ្ជើញឲ្យទៅទស្សនៈជាផ្លូវរដ្ឋ ឬផ្លូវការម្ដងណាឡើយ ហើយក៏មិនមានប្រភពណាបញ្ជាក់ពីមូលហេតុនេះទេ តែជាសញ្ញាបង្ហាញថា ប្រទេសលោកសេរី ទំនងជានៅតែចាត់ទុកថា មន្ត្រីធំៗក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាជនផ្ដាច់ការដូចកាលពីជាងម្ភៃឆ្នាំមុនដដែលផងក៏មិនដឹង។
លើសពីនេះ ការបង្កើតយុទ្ធសាស្ត្របង្ក្រាបបាតុកម្ម ក៏ជាការហុចដងដាវឲ្យគណបក្សបក្សប្រឆាំងកាប់ផ្ទួនៗទៅលើរដ្ឋាភិបាល ក្នុងឆាកនយោបាយជាតិ និងលើឆាកអន្តរជាតិទៀតផង។ បក្សប្រឆាំងមិនបានធ្វើបាតុកម្មមែន តែគណបក្សនេះចំណេញខាងនយោបាយទៅវិញទេ។ រាស្ត្រខ្មែរភាគច្រើននឹងអាចចាត់ទុកថា គណបក្សសង្គ្រោះជាតិ ជាជនរងគ្រោះ ហើយតំណែងតួចិត្តអាក្រក់នឹងត្រូវប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា ដោយជៀសមិនរួច។
ទោះជាយ៉ាងណាក្តី មិនមានប្រភពណាបញ្ជាក់ថា យុទ្ធសាស្ត្របំបែកការជួបជុំ បង្កើតក្រុមសន្តិសុខឯកជនវាយបំបែកបាតុករនេះ ជាគំនិតរបស់ទីប្រឹក្សាមួយណា ឬក៏គំនិតលោកនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់នោះឡើយ។ តែយុទ្ធសាស្ត្រនេះ ប្រហែលជានឹងអាចធ្វើឲ្យគុណសម្បត្តិរបស់លោក ហ៊ុន សែន ក្នុងទឹកចិត្តរាស្ត្រ រលាយជាបណ្តើរៗ លែងស្តារដើមរួចផងក៏មិនដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។