បទ​វិភាគ៖ ផល​វិបាក​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ដីកា​កោះ​ហៅ​មេដឹកនាំ​បក្ស​ប្រឆាំង

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ចូល​ទៅ​បំភ្លឺ​ជុំវិញ​បាតុកម្ម​អហិង្សា​របស់​កម្មករ​នៅ​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៤។ ប្រសិន​បើ​តុលាការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​លោក កឹម សុខា តើ​តាម​ផ្លូវ​ច្បាប់​អាច​ទៅ​រួច​ដែរ​ឬ​ទេ?
ដោយ ជី វិតា
2014-01-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​លោក​អនុ​ប្រធាន កឹម សុខា ក្នុង​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​លោក​អនុ​ប្រធាន កឹម សុខា ក្នុង​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA

តាម​ការ​វិភាគ ឧបសគ្គ​ផ្លូវ​ច្បាប់​ប្រាកដ​ជា​កើត​មាន ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុនប៉ង​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​លោក​បង្ហាញ​ខ្លួន​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង លោក ហៀង សុភក្រ្ត នោះ។

ឧបសគ្គ​ផ្លូវ​ច្បាប់​នោះ គឺ​ដោយសារ​តំណាងរាស្ត្រ​ខ្មែរ​មាន​អភ័យឯកសិទ្ធិ ឬ​សិទ្ធិ​ពិសេស​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​មនុស្ស​ដទៃ​ទៀត​មិន​មាន។

មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា៖ តំណាងរាស្ត្រ​ខ្មែរ​មាន​អភ័យឯកសិទ្ធិ។ តំណាងរាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​​ឃុំ​ខ្លួន​ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​សោះ។ ការ​ចោទ​ប្រកាន់ ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋ​សភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ខាង​លើ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋ​សភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ជា​បន្ទាន់​ដើម្បី​សំរេច។ សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​ខាង​មុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​រដ្ឋ​សភា​ទាំង​មូល។ ក្នុង​ករណី​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋ​សភា​បាន​បញ្ចេញ​មតិ​អោយ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល

វា​ច្បាស់​ណាស់​ថា ខ្លឹមសារ​ក្នុង​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​សំដៅ​ការពារ​តំណាងរាស្ត្រ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ឡាយ​របស់​អាជ្ញាធរ ដើម្បី​ទុក​លទ្ធភាព​អោយ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​នោះ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​បុព្វហេតុ​ការពារ​ផល​ប្រយោជន៍​រាស្ត្រ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ប្រសិន​បើ​តំណាងរាស្ត្រ​រង​ការ​រំខាន​យាយី និង​មាន​ការ​ភ័យ​ខ្លាច​ហើយ​នោះ ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​រក​អ្នក​ទី​ពឹង។ ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ តំណាងរាស្ត្រ​ត្រូវ​តែ​បាន​ទទួល​ការ​គាំពារ​ដោយ​ច្បាប់ ដើម្បី​បញ្ចេញ​មតិ និង​ធ្វើ​កិច្ចការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។
សម្រាប់​លោក កឹម សុខា វិញ បញ្ហា​នៅ​ត្រង់​ថា តើ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ កំពុង​មាន​ឋានៈ​ជា​តំណាងរាស្ត្រ​ឬ​ទេ?

ដើម្បី​ចង់​អោយ​មាន​រដ្ឋ​សភា​ស្រប​ច្បាប់​មួយ​ចាប់​ផ្ដើម​ដំណើរ​ការ​បាន​ឆាប់ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​រួច​ទៅ​ហើយ​ថា រដ្ឋ​សភា​កម្ពុជា បាន​ចាប់​បដិសន្ធិ​ចេញ​ជា​រូបរាង​ពេញលេញ​ហើយ បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​ក៏​ដោយ​ចុះ។

លើស​ពី​នោះ​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣ រដ្ឋ​សភា​ក៏​បាន​ប្រកាស​សុពលភាព​ទទួល​ស្គាល់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​លោក កឹម សុខា ផង​ដែរ។

ជាក់ស្ដែង​បើ​លោក កឹម សុខា ត្រូវ​រដ្ឋ​សភា​ទទួល​ស្គាល់​ដែល​ក្នុង​ឱកាស​ទទួល​ស្គាល់​នោះ មាន​ទាំង​វត្តមាន​ព្រះមហាក្សត្រ​គង់​ជា​ព្រះរាជ​អធិបតី​ផង​រួច​ទៅ​ហើយ​នោះ មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​តំណាងរាស្ត្រ ក៏​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​លោក កឹម សុខា ផង​ដែរ។ នោះ​មាន​ន័យ​ថា តុលាការ​មិន​អាច​ចោទ​ប្រកាន់ ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​លោក កឹម សុខា សោះ​ឡើយ លុះ​ត្រា​តែ​មាន​ការ​ឆ្លង​កាត់ និង​អនុម័ត​យល់​ព្រម​ពី​មតិ​ភាគ​ច្រើន គឺ ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល។ ហើយ​សម្រាប់​នៅ​ក្នុង​នីតិកាល​ទី​៥​នេះ ការ​ប៉ុនប៉ង​ចោទ​ប្រកាន់​ណា​មួយ​របស់​តុលាការ​ទៅ​លើ​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​គណបក្ស​ប្រជាជន មិន​មាន​សំឡេង​តំណាងរាស្ត្រ​គ្រប់គ្រាន់ គឺ  ២ ភាគ ៣ នៅ​ក្នុង​រដ្ឋ​សភា​សម្រាប់​អនុម័ត​អោយ​មាន​ការ​ឃាត់​ខ្លួន ឬ​ចោទ​ប្រកាន់។

ទោះជាយ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា អាច​លើក​សេចក្ដី​សំអាង​ថា លោក កឹម សុខា មិន​ទាន់​ក្លាយ​ជា​តំណាងរាស្ត្រ​ទេ ដោយសារ​តែ​លោក​មិន​បាន​ឆ្លង​កាត់​ពិធី​សម្បថ។ បើ​ឈរ​លើ​ហេតុផល​នេះ លោក កឹម សុខា គ្មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ឡើយ។ ហើយ​នៅ​ពេល​លោក​គ្មាន​អភ័យឯកសិទ្ធិ​នោះ តុលាការ​អាច​កោះ​ហៅ​សាកសួរ ឃាត់​ខ្លួន ឬ​ចោទ​ប្រកាន់​បាន ដោយ​មិន​ចាំបាច់​ស្នើ​សុំ​សំឡេង​គាំទ្រ ២ ភាគ ៣ ពី​រដ្ឋ​សភា​ទេ។ ហេតុ​ដូច្នេះ តុលាការ​អាច​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​លោក​មក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា តាម​ការ​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​ដើម្បី​សាកសួរ​ទាក់ទង​ពី​បទ​សង្ស័យ «ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ» បន្ទាប់​ពី​បាតុកម្ម​របស់​កម្មករ​ប្រែក្លាយ​ជា​អំពើ​ហិង្សា​នៅ​ពេល​ថ្មីៗ​នេះ។

ប្រសិន​បើ​តុលាការ​ដែល​ស្ថិត​ក្រោម​គំនាប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ចង់​ចោទ​ប្រកាន់​លោក កឹម សុខា ហើយ​លើក​ហេតុផល​ថា លោក កឹម សុខា មិន​មែន​ជា​សមាជិក​រដ្ឋ​សភា ឬ​មិន​ទាន់​ជា​តំណាងរាស្ត្រ​ទេ នោះ​មាន​ន័យ​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ដែល​រដ្ឋ​សភា​បាន​ប្រកាស​ទទួល​ស្គាល់​សុពលភាព​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នោះ ក៏​មិន​មែន​ជា​តំណាងរាស្ត្រ​ដែរ។ ប្រសិន​បើ​ពិត​ដូច្នេះ​មែន គេ​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា រហូត​មក​ដល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​រដ្ឋ​សភា​នៅ​ឡើយ​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ស្ថាប័ន​រដ្ឋ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប ដែល​តំណាង​អោយ​ប្រជាជាតិ​កម្ពុជា ទាំង​មូល។

ប្រសិន​បើ​សមាជិក​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្លាយ​ជា​មិន​មែន​ជា​តំណាងរាស្ត្រ​ទេ​នោះ រដ្ឋ​សភា​បច្ចុប្បន្ន​ដែល​មាន​តំណាងរាស្ត្រ ៦៨​រូប ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ជា​រដ្ឋ​សភា​ខុស​ច្បាប់​ទាំង​ស្រុង ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​តម្រូវ​អោយ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប។

ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្វេ​គ្រោះ ឬ​ឧបសគ្គ​ផ្លូវ​ច្បាប់​ងាក​ខ្លួន​មិន​រួច។ មាន​ន័យ​ថា ចង់​ទទួល​ស្គាល់​លោក កឹម សុខា ជា​តំណាងរាស្ត្រ​ក៏​ពិបាក​មិន​ចង់​ទទួល​ស្គាល់​លោក កឹម សុខា ជា​តំណាងរាស្ត្រ​ក៏​ពិបាក។

ទោះ​ជា​យ៉ាង​ណា ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្ដោបក្ដាប់​ទាំង​ផ្នែក​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ក្នុង​ដៃ​យ៉ាង​ណែន​នោះ មិន​ដែល​រុញរា​ក្នុង​ការ​ប្ដូរ ឬ​បកស្រាយ​ច្បាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​ខ្លួន​នោះ​ឡើយ។ ដូច​នេះ ប្រសិន​បើ​ការ​ឃាត់ ឬ​ឃុំ​ខ្លួន​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​នោះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មិន​ខ្វះ​វិធី​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (30)
Share

Castro De La Monreo

ពី Paris, France

Yes, these crooks are implemented the same just one group is hired by voters still wants to bark before its saliva dried up and run ask for help from foreigners, and other group has power resources and law to make the case to indict whatever interpretative by law to be legalized.

Jan 29, 2014 09:25 AM

អ្នក​អាន​អនាមិក

បើមិនទាន់មានសភា ឬជាសភាមិនស្របច្បាប់ នោះតុលាការនៃរដ្ឋាភិបាលចាំផ្ទះរឹតមានមានសិទ្ធិចាប់កឹមសុខាដាក់គុកដដែល! មែនឬមិនមែនលោកអាស៊ីសេរី? ប្រហែលជាគិតដល់ចំណុចនេះហើយ បានជារៀងស្ងាត់បន្តិច ស្រួលខ្ញុំរត់ម៉ូតូឌុប!

Jan 25, 2014 04:27 AM

phann

ខ្ញុំគិតថាលោកពូទាំងពីរគឺបានអនុវត្តន៍តាមគោលការណ៍របស់គាត់បានច្បាស់លាស់ដែលសមនិងពាក្យថា មាសសុទ្ធមិនខ្លាចភ្លឺង តែមកដល់ពេលនេះខ្ញុំមានការបារម្មណ៍ដល់គាត់ទាំងពីរខ្លាំងណាស់ព្រោះក្រែងនឹងលោកបុរស់ខ្លាំង នឹងរកវិធីសាស្ត្រថ្មីៗទំលាក់កំហុសដល់លោកពូទាំងពីរ។ដោយក្តីបារម្មណ៍អំពីខ្ញុំ សូមផ្តាំផ្ញើរពាក្យសំដីដល់លោកពូថា សូមលោកពូថែរក្សាសុខភាពផងដើម្បីធ្វើជាជំហ៊ររបស់លទ្ធិប្រជាធិត្តេយ្យយ៉ាងពិតប្រាកដ។

Jan 15, 2014 12:07 AM

សាមកុក

ពី ប៉ោយប៉ែត

គួរតែលើកច្បាប់ដែលពន្យល់ដោយ cpp ខ្លះ និង cnrp ខ្លះ មកប្រៀបធៀបគ្នា បើយកការពន្យល់តែម្ខាងចឹង វាដូចជាគួរឱ្យអស់​សំណើចហើយ ព្រោះអ្នកនឹងជាប់ឈ្មោះថាលំអៀង RFA = Radio F*** Asia


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Jan 13, 2014 06:18 AM

Phnom Penh Boy

ពី Phnom Penh

If Mr. kim sok kha is not so is the same Mr. hun sen not too.! ?

Jan 13, 2014 04:48 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល