បទវិភាគ៖ តើលោក កឹម សុខា នឹងបោះបង់សម្ពន្ធភាពជាមួយលោក សម រង្ស៊ី ឬយ៉ាងណា?
2020.02.07

សម្ពន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី គឺជារឿងសំខាន់នៅក្នុងដំណាក់កាលនេះ។ អ្នកគាំទ្រគណបក្សប្រឆាំង រួមទាំងមេដឹកនាំគណបក្សនេះផងទទួលស្គាល់ថា បើសិនជា បែកបាក់គ្នា នឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិធ្លាក់ចុះខ្សោយឬ អាចរលាយបាត់ពីឆាកនយោបាយ ដូចដែលរបបក្រុងភ្នំពេញចង់បាន ដូច្នោះដែរ។
នៅក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ថ្វីដ្បិតតែគណបក្សប្រឆាំងត្រូវបានរបបក្រុងភ្នំពេញ រំលាយទៅហើយក្ដី សកម្មភាពគណបក្ស ឬរចនាសម្ព័ន្ធគណបក្សប្រឆាំងមិនរលាយទៅតាមសាលដីការបស់តុលាការកំពូលឡើយ។ យុទ្ធសាស្ត្រ “បំបែកបំបាក់ ដើម្បីគ្រប់គ្រង” របស់ ហ៊ុន សែន ហាក់នៅមិនទាន់បានជោគជ័យនៅឡើយ។ លោក ហ៊ុន សែន ប្រើគ្រប់ស្នៀត ដើម្បីបំបែក មេបក្សទាំងពីរ មិនឱ្យជួបគ្នាបាន។ ប្រការនេះ បានបង្កឱ្យមានការប្រេះឆាខ្លះដែរ ក្នុងចំណោមអ្នកគាំទ្រ មេដឹកនៃប្រឆាំងទាំងពីរ។
តើការប្រេះឆារវាងអ្នកគាំទ្រទាំងពីរនេះ អាចឈានទៅដល់បែកបាក់សម្ពន្ធភាពរវាងលោក សម រង្ស៊ី និង លោក កឹម សុខា ដែរឬទេនៅពេលខាងមុខ?
គណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ ឬអាចនៅតែរក្សាអ្នកគាំទ្ររបស់ខ្លួនបានច្រើន ឬយ៉ាងណា នៅក្នុងពេល នេះ គឺអាស្រ័យលើ សម្ពន្ធភាព លោក កឹម សុខា និង លោក សម រង្ស៊ី។
ដោយឈរលើជំហរនេះលោក សម រង្ស៊ី តែងអំពាវនាវម្ដងហើយម្តងទៀត ឱ្យគណបក្សសង្គ្រោះជាតិ ត្រូវតែរក្សាស្មារតីស្នេហាជាតិ និងបង្រួបបង្រួមកម្លាំងអ្នកស្នេហាជាតិ និងកម្លាំងអ្នកប្រជាធិបតេយ្យទាំងអស់។ ជាងនេះទៅទៀត ពាក្យស្លោកដដែលៗ ដែលលោកសម រង្ស៊ី តែងតែយកមករំលឹកគឺ “ កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយនោះ” គឺអាចបង្ហាញថា ជាការដាស់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយមិនត្រូវប្រកាន់និន្នាការសម រង្ស៊ី ឬនិន្នាការ កឹម សុខា ដើម្បីទប់ស្កាត់ព្យុះភ្លៀងកំពុងតែបក់បោកម្ដងៗហើយម្ដងទៀត ពីគណបក្សកាន់អំណាច នៅកំឡុងពេល លោក កឹម សុខា កំពុងតែឡើងចុះតុលាការ ហើយលោក សម រង្ស៊ី មិនទាន់អាចជួបលោក កឹម សុខា បាននេះ។ មិនខុសពីលោក សម រង្ស៊ី លោក កឹម សុខា ក៏ចាត់ទុកសម្ពន្ធភាពរវាង លោក និងលោក សម រង្ស៊ី ថា ជាកត្តានាំមកនូវជោគជ័យ និងការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។ ថ្វីដ្បិតតែពេលនេះ លោក កឹម សុខា មិនមានសេរីភាពក្នុងការនិយាយអ្វីដែលលោកចង់និយាយ នៅពេលដែលលោកមានសេរីភាព លោកតែងលើកឡើងពីភាពចាំបាច់ក្នុងការរួបរួមគ្នារវាង សម រង្ស៊ី និង កឹម សុខា៖ «គ្មានអ្វីដែលប្អូនមើលឃើញ លទ្ធផលដែលយើងទទួលបានគឺការរួបរួមគ្នា បើគ្មានការរួបរួមគ្នាទេ គឺគ្មានការងើបឈរទូទាំងប្រទេសនោះទេ បើសិនជាយើងបែកបាក់នោះ គឺយើងចាញ់មុនប្រយុទ្ធហើយ ដូច្នេះខ្ញុំសុខចិត្តលេបគ្រោះ លេបថ្ម ដើម្បីទប់ទល់និងឧបាយកលគណបក្សកាន់អំណាច»។
ប្រសាសន៍លោក កឹម សុខា ផ្ដែផ្ដាំកុំឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចាញ់ឧបាយកលរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយអ្នកគាំទ្រលោក នៅសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតឆ្នាំ២០១៣។
នរណាក៏ដឹងដែរថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្របំបែកបំបាក់តាំងពីដើមទីមកនោះគឺ “ យុទ្ធសាស្ត្របំបែកបំបាក់ ដើម្បីគ្រប់គ្រង” និង “ រំលាយ ដើម្បីជោគជ័យ” ។ យុទ្ធសាស្ត្របំបែកបំបាក់នោះ គឺ ពីដំបូង របបលោក ហ៊ុន សែន បានសើរើសំណុំរឿងចាស់ គឺករណីចោទប្រកាន់លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ តុលាការបានរើសយកមកអនុវត្តវិញ ដែលបង្ខំឱ្យលោក សម រង្ស៊ី មិនអាចវិលចូលស្រុកវិញបានកាលពីឆ្នាំ២០១៧ នៅខណៈ លោក សម រង្ស៊ី បានទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។
ការប្រើយុទ្ធសាស្ត្របំបែកលោក សម រង្ស៊ី ចេញពីលោក កឹម សុខា នៅពេលនោះ លោក ហ៊ុន សែន នៅមិនទាន់អស់ចិត្តទេ របបលោក ហ៊ុន សែន ក៏ប្រើយុទ្ធសាស្ត្របន្ទាប់មួយទៀត គឺ យុទ្ធសាស្ត្ររំលាយ ដើម្បីជោគជ័យ ។ ក្រោយពីលោក ហ៊ុន សែន ប្រកាសភ្លាម តុលាការក៏ចាប់ខ្លួនលោក កឹម សុខា ក្រោមហេតុផលថា ដើម្បីទប់ស្កាត់អង្គការចាត់តាំងនៃការធ្វើបដិវត្តពណ៌។ រីឯសភាឯកបក្សវិញ ក៏ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយយ៉ាងឆាប់រហ័សដែរ ដើម្បីឈានទៅដល់រំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៧។
យុទ្ធសាស្ត្រទាំងពីរនេះ គឺ “ បំបែកបំបាក់ ដើម្បីគ្រប់គ្រង” និង “ រំលាយ ដើម្បីជោគជ័យ” នេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅតែបន្តប្រើមកដល់បច្ចុប្បន្ន។ ជាក់ស្ដែងសកម្មជនគណបក្សប្រឆាំងដែលរត់ភៀសខ្លួន ទៅក្រៅប្រទេស និងក្រុមអ្នកគាំទ្រ រវាងក្រុមគាំទ្រ លោក សម រង្ស៊ី និង ក្រុមគាំទ្រ លោក កឹម សុខា កំពុងតែហែកហួរគ្នា និងវាយប្រហារគ្នាទៅវិញទៅមក ក្នុងនោះរួមទាំងមានកូនស្រីលោក កឹម សុខា ផង ដែលធ្វើឱ្យល្បីល្បាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកអំពីភាពមិនចុះសម្រុងគ្នារវាងក្រុមទាំងពីរ នៅខណៈដំណើររឿងក្ដីលោក កឹម សុខា កំពុងតែទៅមុខ ដែលមិនទាន់ដឹង ពេលវេលាច្បាស់លាស់ថា នឹងបញ្ចប់រឿងក្ដីនេះ នៅថ្ងៃណាផងនោះ។
"យុទ្ធសាស្ត្របំបែក ដើម្បីគ្រប់គ្រង និង រំលាយ ដើម្បីជោគជ័យ “ នៅពេលនេះវិញ គឺលោក ហ៊ុន សែន អាចនឹងខ្ចីដៃតុលាការម្ដងទៀត ដើម្បីគាបសង្កត់លោក កឹម សុខា ពោលគឺ តុលាការអាចនឹងប្រើពេលវេលាយូរខែ ដើម្បីដំណើរការរឿងក្ដីលោក កឹម សុខា។ ការធ្វើដូច្នេះ អាចថាទី១ ប្រើពេលដើម្បីចរចានិង លោក កឹម សុខាផង ឬអាចបង្ខំឱ្យទទួលយកលក្ខខណ្ឌអ្វីមួយ ជាថ្នូរនឹងការដោះលែង ដើម្បីអាចធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈអាចប្រគល់បក្សឱ្យវិញ ឬអាចឱ្យលោក កឹម សុខា បង្កើតបក្សថ្មីជាដើម។ ទី២ អាចជាការទិញពេលវេលាអូសក្រឡា ដើម្បីរំលាយសម្ពន្ធភាពរចនាសម្ព័ន្ធគណបក្សប្រឆាំងឱ្យរលាយខ្ទេចខ្ទី នៅស្របពេល អ្នកគាំទ្រ លោក សម រង្ស៊ី និងអ្នកគាំទ្រ លោក កឹម សុខា កំពុងតែវាយប្រហារគ្នាទៅវិញទៅមកជាសាធារណៈ ដែលបង្កើតមិនឱ្យមានការទុកចិត្តគ្នា ហើយលាបពណ៌គ្នាឯងទៅវិញទៅមកស្រាប់ផងនោះ។ ទី៣ អាចជាការតថ្លៃជាមួយភាគីសហភាពអឺរ៉ុបផង ដើម្បីកុំឱ្យកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA នៅពេលតុលាការកំពុងតែខិតខំ ស្វែងរកយុត្តិធម៌ជូនលោក កឹម សុខា។
លើសពីនេះទៀត អ្វីដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីផែនការ លោក ហ៊ុន សែន បំបែកបំបាក់ ដើម្បីគ្រប់គ្រង និងរំលាយ ដើម្បីជោគជ័យនេះ គឺ របបលោក ហ៊ុន សែន បានព្យាយាមទប់ស្កាត់ដំណើរការវិលត្រលប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ ការធ្វើដូច្នេះ ទំនងជា លោក ហ៊ុន សែន ព្យាយាមរាំងខ្ទប់មិនឱ្យលោក សម រង្ស៊ី ជួបលោក កឹម សុខា ផង ឬ ខ្លាចលោក សម រង្ស៊ី ធ្វើចលានា ដឹកនាំពលរដ្ឋធ្វើបាតុកម្មប្រឆាំងនិងរបបរបស់លោកផង។ លោក ហ៊ុន សែន ព្យាយាមរាំងខ្ទប់លោក សម រង្ស៊ី ក្រៅតែពីប្រើកម្លាំងប្រដាប់អាវុធ រង់ចាំទប់ស្កាត់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ លោកក៏ប្រកាសប្រើគ្រាប់កាំភ្លើងធំ (រ៉ាកែត) ចាំបាញ់កម្ទេចលោក សម រង្ស៊ី នៅឯព្រំដែនទៀតផង។
ចំពោះថ្នាក់ដឹកនាំមូលដ្ឋានវិញ ទោះជារបបឯកបក្សរំលាយបក្សប្រឆាំងបានទៅហើយក្ដី តាមរយៈសារបែកធ្លាយមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅនោះ លោក ហាក់មានផែនការសម្ងាត់ជាក់លាក់ណាស់ក្នុងការកម្ទេច និង រំលាយរចនាសម្ព័ន្ធគណបក្សប្រឆាំងនេះ។ សារបែកធ្លាយនោះ លោក ហ៊ុន សែន បានបញ្ជាទៅមន្ត្រីមូលដ្ឋានរបស់លោកថា បើសិនជាសកម្មជនបក្សប្រឆាំងណាម្នាក់ នៅតែលួចធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាននោះ គឺត្រូវតែកម្ទេចចោលជាដើម៖ «រឹតពួកអាប្រឆាំងដែលនៅសេសសល់ឱ្យរលំរលាយកាន់តែឆាប់ ហើយទប់ពួកអានៅខាងក្នុង កុំឱ្យវាធ្វើចលនាអ្វីបានទាំងអស់»។
ទោះបីជាបែបនេះក្ដី នៅក្នុងបរិបទនយោបាយនៅពេលនេះវិញ តាមមើលទៅ យុទ្ធសាស្ត្របំបែកបំបាក់របស់លោក ហ៊ុន សែន នៅតែជោគជ័យទៀត ឬយ៉ាងណានោះ គឺអាស្រ័យលើសន្លឹកបៀរមួយសន្លឹកចុងក្រោយរបស់គណបក្សប្រឆាំង។ សន្លឹកបៀរមួយសន្លឹកនោះគឺ វាសនារបស់គណបក្សសង្គ្រោះជាតិ ឋិតនៅលើដៃរបស់លោក កឹម សុខា។ បើសិនជាលោក កឹម សុខា កំដរលេងល្បែងនយោបាយលោក ហ៊ុន សែន ហើយបោះបង់លោក សម រង្ស៊ី តាមរយៈទៅដឹកនាំគណបក្សថ្មី ក្រោយពីតុលាការផ្ដន្ទាទោសហើយមានការលើកលែងទោសណាមួយ ដើម្បីមានសិទ្ធិធ្វើនយោបាយវិញ តាមរយៈការលើកលែងទោសពីព្រះមហាក្សត្រជាដើមនោះ មានន័យថា ផែនការចុងក្រោយរបស់លោក ហ៊ុន សែន នឹងជោគជ័យ។ ហើយលោក កឹម សុខា ក៏ហាក់បីដូចជាជួយលើកជើងពានឱ្យលោក ហ៊ុន សែន ទទួលបានជោគជ័យម្ដងទៀតដូច្នោះដែរ ហើយនៅពេលនោះ ពាក្យស្លោកមួយថ្មីទៀតនឹងលេចឡើងគឺ “ សម រង្ស៊ី និង កឹម សុខា ជាមនុស្សពីរផ្សេងគ្នា“។
តែទោះជាយ៉ាងណា លោក កឹម សុខា ទំនងមិនអាចលេងល្បែងនយោបាយ ដើម្បីកំដរអំណាចលោក ហ៊ុន សែន នោះបានទេ។ បើមើលពីប្រវត្តិនៃការបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោក កាលពីឆ្នាំ២០០៧វិញ។ លោក កឹម សុខា ហាក់បីដូចជាខ្ចីដៃលោក ហ៊ុន សែន ដើម្បីសម្រេចគោលបំណងរបស់លោក ដើម្បីបង្កើតគណបក្សសិទ្ធិមនុស្សបានជោគជ័យ ពិសេសគឺលោក ហ៊ុន សែន ផ្ដល់ទីតាំងស្តាតអូឡាំពិក ដើម្បីឱ្យគណបក្សសិទ្ធិមនុស្សធ្វើសមាជ ដែលមានមនុស្សចូលរួមរាប់ពាន់នាក់។ ម្យ៉ាងទៀតខ្សែអាត់សំឡេងបែកធ្លាយ នៃការសន្ទនារវាង លោក កឹម សុខា និង លោក ហ៊ុន សែន នោះ ហាក់បីដូចជា លោក ហ៊ុន សែន និង លោក កឹម សុខា ត្រូវរ៉ូវគ្នា បង្កើតគណបក្សសិទ្ធិមនុស្សឡើង ដើម្បីដើរតួ ជាគណបក្សប្រឆាំងដ៏សំខាន់ដែរនៅពេលនោះ ក៏ប៉ុន្តែនៅទីបំផុតទៅ លោក កឹម សុខា ក៏ក្រឡាស់ខ្លួនចេញពីលោក ហ៊ុន សែន។ ហើយទីបំផុត លោក កឹម សុខា នៅតែមានជំហរ និងទិសដៅច្បាស់លាស់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបែរមកចាប់ដៃលោក សម រង្ស៊ី ដើម្បីបង្កើតបានជាគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២វិញ។
ម្យ៉ាងវិញទៀត លោក កឹម សុខា ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ភាពស្ងាត់ស្ងៀមរបស់លោក ក៏អាចបញ្ជាក់ថា លោកនៅតែរក្សាជំហររឹងមាំដែរ។ លោក សុខចិត្តជាប់ពន្ធនាគារ និងជាប់ឃុំក្នុងផ្ទះរហូតដល់ថ្ងៃតុលាការយកលោកមកជំនុំជម្រះក្ដីនេះ បើសិនជាលោក កឹម សុខា ងាកចេញពីលោក សម រង្ស៊ី មែននោះ លោកក៏អាចដឹងច្បាស់ដែរថា វីរភាព និង ការលះបង់របស់លោកទាំងអម្បាលមានក៏នឹងអសារបង់ដែរ នៅខណៈ លោក សម រង្ស៊ី សឹងមួយជីវិតនយោបាយរបស់លោក តស៊ូនៅលើសង្វៀននយោបាយកម្ពុជា ប្រឆាំងអំណាចផ្ដាច់ការ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជួបព្យុះភ្លៀងជាច្រើនរាប់មិនអស់នោះ។
ទោះបីជាបែបណាក៏ដោយ មកពេលនេះ គេមិនទាន់ដឹងប្រាកដថា លោក កឹម សុខា នឹងប្រើយុទ្ធសាស្ត្រនយោបាយបែបណានៅឡើយ ហើយផ្អែកលើកាយវិការកូនស្រីរបស់លោក និងមនុស្សជំនិតនៅជុំវិញខ្លួនលោក កឹម សុខាវិញ សព្វថ្ងៃកំពុងវាយប្រហារទៅលើលោក សម រង្ស៊ី ឥតរាថយនោះ គេនឹងពិបាកសន្និដ្ឋានទៅលើសន្លឹកបៀរមួយសន្លឹករបស់លោក កឹម សុខា ដែលនឹងបើកឱ្យមហាជនបានឃើញនៅនាទីទីចុងក្រោយ ថានឹងចេញទៅជាបែបណាណាស់?។ ជាសរុបសេចក្ដីទៅ វាសនារបស់គណបក្សសង្គ្រោះជាតិ រស់អាចឡើងវិញ ឬសម្ពន្ធភាពរវាង កឹម សុខា សម រង្ស៊ី បែកបាក់ ឬមិនបែកនោះ អាស្រ័យលើសន្លឹកបៀរចុងក្រោយរបស់លោក កឹម សុខា ដែលមហាជនកំពុងតែតាមដានអ៊ុតមើលសព្វថ្ងៃនេះ ថាតើលោក កឹម សុខា នឹងសម្រេចចិត្តបែបណា?៕