តើ​របប​ភ្នំពេញ​នឹង​ដោះលែង​លោក កឹម សុខា មុន​ពេល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​​ឬ​យ៉ាងណា?

ដោយ ទីន ហ្សាការីយ៉ា
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya

ការ​ឃុំ​ខ្លួន​លោក កឹម សុខា គឺជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ដែល​សហគមន៍​ជាតិ អន្តរជាតិ​ចាប់អារម្មណ៍ និង​ទាមទារ​ឱ្យ​ដោះលែង​វិញ។ ករណី​លោក កឹម សុខា នេះ ក៏​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជាច្រើន​ទៀត ដែល​សហភាព​អឺរ៉ុប នឹង​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឱ្យ​របប​ក្រុង​ភ្នំពេញ​ទៀត​ដែរ។

ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ របស់​លោក សម រង្ស៊ី ជា​ប្រធានបទ​មួយ​ដ៏​សំខាន់ ដែល​សហគមន៍​ជាតិ អន្តរជាតិ តាមដាន​ឃ្លាំមើល​ដែរ។ តើ​លោក ហ៊ុន សែន អាច​នឹង​លេងល្បិច “​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​” ដោយ​ដោះលែង លោក កឹម សុខា ដើម្បី​បន្ធួរ​ស្ថានការណ៍​តានតឹង​ផ្នែក​នយោបាយ ដើម្បី​ផ្គាប់​ចិត្ត​សហភាព​អឺរ៉ុប តែ​លោក​នៅ​អាច សម្រេច​នូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន​កម្ទេច​កម្លាំង​បក្ស​ប្រឆាំង​ផង តាមរយៈ​ការ​បង្ក​ឱ្យ​មាន ការ​ប្រឈម​មុខ​ដាក់គ្នា​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ​កាន់តែ​ខ្លាំង ឬ​យ៉ាងណា?

របប​លោក ហ៊ុន សែន បាន​ប្រកាស​ពី​ផែនការ​ទប់ស្កាត់ ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ទៅ​កាន់​មាតុប្រទេស​វិញ​ជា​បន្តបន្ទាប់។ ការ​ប្រកាស​នេះ មិន​ត្រឹមតែ​ត្រៀម​ទប់ស្កាត់​តែ​រឿង​ចាប់ខ្លួន​តែមួយ​មុខ​នោះ​ទេ គឺ​ថែមទាំង​ប្រកាស​ត្រៀម​គ្រាប់​រ៉ុកកែត​បាញ់​ផ្លោង កម្ទេច​លោក សម រង្ស៊ី ទៀត​ផង បើសិនជា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឆ្លង​ចូល​ទឹកដី​កម្ពុជា។

មូលហេតុ​អ្វី​បានជា​លោក ហ៊ុន សែន ប្រកាស​ត្រៀម​កាំភ្លើង​ធំ ចាំ​កម្ទេច​លោក សម រង្ស៊ី នៅ​គ្រា​ដែល​លោក សម រង្ស៊ី គ្មាន​អាវុធ​នៅ​ដៃ​ផង​នោះ? ជា​ការ​ពិត​ណាស់ លោក សម រង្ស៊ី គ្មាន​អាវុធ​ណាមួយ​សម្រាប់​តដៃ​នឹង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក ហ៊ុន សែន ឡើយ។ តាម​មើល​ទៅ ការ​ព្រមាន​និង​ការប្រកាស​ប្រឆាំង​លោក សម រង្ស៊ី នេះ ទំនង​ជា​លោក ហ៊ុន សែន ភ័យខ្លាច វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក៏​ថា​បាន ពី​ព្រោះ​ថា វត្តមាន​របស់​លោក​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អាច​ប៉ះពាល់​ដល់​ដល់​គ្រឹះ​អំណាច​របស់​លោក ហ៊ុន សែន តាមរយៈ​កម្លាំង​រូបរួម​ជា​ធ្លុង​តែមួយ​រវាង កឹម សុខា សម រង្ស៊ី នោះ។

ជា​ការ​ពិត កម្លាំង​រួបរួម​រវាង លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​លេច​មុខ​ត្រដែត​ទាំង​នៅ​ឆាក​ជាតិ អន្តរជាតិ តាមរយៈ​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។ អ្នកណា​ក៏​ជឿ​រថា ដោយ​គណបក្ស​កាន់​អំណាច​មើល​ឃើញ​ពី​លទ្ធផល​នេះ ទើប​លោក ហ៊ុន សែន ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​បំបែកបំបាក់ និង​កម្ទេច​គណបក្សប្រឆាំង​ចោល ក្រោម​រូបភាព​អនុវត្ត​ច្បាប់ ដោយ​ប្រើ​សភា តុលាការ​ជា​កូន​អុក​របស់​ខ្លួន ក្នុង​ការ​កាត់សេចក្ដី និង​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​។ ជាក់ស្ដែង ដូចជា​ការ​ចោទ​គណបក្ស​ប្រឆាំង​ថា ជា​អង្គការ​ចាត់តាំង​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​អ្វី​ដែល​គួរ​ឱ្យ​ស្ញប់ស្ញែង​នោះ គឺ​បេសកកម្ម​ផ្លេកបន្ទោរ​ស្វែងរក "​យុត្តិធម៌ និង​សន្តិសុខ​សង្គម​" នោះ គឺ​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ភ្លាមៗ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង ដាក់​បម្រាម​មិន​ឱ្យ​បក្ស​ប្រឆាំង​១១៨ នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជាដើម។

រយៈពេល​ពីរ​ឆ្នាំ​មកនេះ ទោះជា​គណបក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​ទៅ​ហើយ​ក្ដី រចនាសម្ព័ន្ធ​គណបក្ស​ប្រឆាំង​មិន​រលាយ​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ​។ ទោះបីជា​របប​លោក ហ៊ុន សែន ប្រើ​គ្រប់​វិធី​ដើម្បី​រារាំង ឱ្យ​កម្លាំង​គណបក្សប្រឆាំង​ចុះ​ខ្សោយ និង​បែកបាក់ តាមរយៈ​ការ​បញ្ចុះបញ្ចូល​ឱ្យ​ចុះចូល​ផង ការ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​ផង និង​ការ​ចាប់ចង​ដាក់​ពន្ធនាគារ​ជាដើម តែ​មក​ទល់​ពេល​នេះ គណបក្សប្រឆាំង មិន​រលាយ​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ។ លោក សម រង្ស៊ី អះអាង​ថា គណបក្សប្រឆាំង​រលាយ​តែ​នៅ​លើ​ក្រដាស​ទេ តែ​រចនាសម្ព័ន្ធ​គណបក្ស​មិន​រលាយ​ឡើយ។ តាម​មើល​ទៅ លោក ហ៊ុន សែន ប្រហែល​អាច​ដឹង​ថា នឹង​មិន​ទទួល​បាន​ជោគជ័យ​លើ​ការ​បំបែកបំបាក់​កម្លាំង​បក្ស​ប្រឆាំង​ដែរ។ យុទ្ធសាស្ត្រ​បន្ទាប់ អ្វី​ដែល​លោក ហ៊ុន សែន អាច​មើល​ឃើញ ថា នឹង​មាន​ប្រសិទ្ធភាព​នោះ គឺ​មានតែ​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី ទេ ដែល​អាច​ធ្វើ​ឱ្យ​កម្លាំង​បក្ស​ប្រឆាំង​ពុះ​ហែក​ជា​ពីរ និង​ចុះ​ខ្សោយ​បាន នៅ​ខណៈ​ក្រុម កឹម សុខា និយម និង​ក្រុម សម រង្ស៊ី និយម​មួយ​ចំនួន កំពុងតែ​ជះ​ទឹក​ដាក់គ្នា​ជា​បណ្ដើរៗ​ទៅ​ហើយ​នោះ។

យុទ្ធសាស្ត្រ​បំបែកបំបាក់ កឹម សុខា ចេញពី សម រង្ស៊ី បាន​នោះ គឺ​មានតែ​ធ្វើ​យ៉ាងណា រារាំង​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​តាម​ផែនការ​កំណត់​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ។ បញ្ហា​នេះ​ហើយ​ដែល​លោក ហ៊ុន សែន ប្រើ​ស្ថាប័ន​ជាតិ​សំខាន់ៗ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​លោក សម រង្ស៊ី និង​ការប្រើប្រាស់​តុលាការ ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ស្ទើរ​តែ​រាប់​មិនអស់ ក្រោម​បទ​ចោទប្រកាន់​ជាច្រើន ក្នុង​នោះ​រួមមាន ចោទ​ពី​បទ​ក្បត់ជាតិ​ផង។ ការ​ធ្វើ​ដូច្នេះ គឺជា​ការ​បន្លាច​លោក សម រង្ស៊ី ផង និង​បំបាក់​ស្មារតី​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ផង។ ក៏ប៉ុន្តែ​ផែនការ​ទប់ស្កាត់​លោក សម រង្ស៊ី នេះ តាមមើលទៅ​របប​ក្រុងភ្នំពេញ​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ​ណាស់ ពី​ព្រោះ​ថា លោក សម រង្ស៊ី ក៏​ទំនងជា​ដឹង​ខ្លួន​ថា បើសិនជា​លោក មិន​វិល​ចូល​ស្រុក​ទៅតាម​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់​ចេញ​ឱ្យ​គេឯង​ដឹង​ជា​សាធារណៈ​ទៅ​ហើយ​ទេ គឺ​ជីវិត​នយោបាយ​របស់​លោក អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​វិច្ឆិកា​ខាងមុខនេះ ព្រោះ​ការសន្យា​របស់​លោក ក៏​ធ្លាប់​បាន​ធ្វើឡើង​ជាច្រើនលើក​រួច​ទៅ​ហើយ​នោះ។

ដោយ​លោក ហ៊ុន សែន មើល​ឃើញ​ពី​ផែនការ​ជាក់លាក់​របស់​លោក សម រង្ស៊ី ដូច្នេះ លោក ហ៊ុន សែន ទំនងជា​នឹង​អាច​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងទៀត គឺ ការ​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ នៅមុន​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខនេះ ពោល​គឺ​នៅ​មុន​ពេល លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ប្រសិនបើ​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ដោះលែង​មែន ហើយ​លោក សម រង្ស៊ី នឹង​ត្រូវ​គេ​ផាត់​ចោល ដោយ​ឈរ​លើ​ហេតុផល​ថា លោក សម រង្ស៊ី ជា​ទណ្ឌិត ឬក៏​ដោយ​ប្រការ​ណាមួយ​នោះ អ្នកគាំទ្រ​លោក សម រង្ស៊ី អាច​នឹង​អាក់អន់ស្រពន់ចិត្ត មិន​ចូលរួម​សហការ​ជាមួយ​លោក កឹម សុខា​។ បើ​រឿង​នេះ​កើតឡើង​មែន គណបក្ស​នេះ​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ។

ទោះជា​យ៉ាងណាក៏ដោយ លោក កឹម សុខា អាច​នឹង​យល់​ច្បាស់​ណាស់​នូវ​ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន។ លោក​បាន​លះបង់ និង​រង​នូវ​ការ​ឈឺចាប់​ដោយសារតែ​របប​លោក ហ៊ុន សែន ចាប់​លោក និង​សកម្មជន​ប្រឆាំង​ជាច្រើន​ទៀត​ដាក់​ពន្ធនាគារ លោក​នឹង​មិន​អនុញាត​ឱ្យ​វីរភាព​ទាំងនោះ ក្លាយទៅជា​រឿង​អាសាបង់​នោះ​ឡើយ ។ ហើយ​ការ​លះបង់​របស់​លោក កឹម សុខា រយៈពេល​ពីរ​ឆ្នាំ ទាំង​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​នេះ ទំនងជា​លោក កឹម សុខា មិន​ចង់​បែកបាក់​សម្ពន្ធភាព​ជាមួយ​លោក សម រង្ស៊ី ដែរ​ក៏​ថា​បាន។ ម្យ៉ាងទៀត​លោក កឹម សុខា ក៏​ដឹង​ដែរ​ថា ការ​បែកបាក់ រវាង​កម្លាំង​ទាំងពីរ កឹម សុខា សម រង្ស៊ី នោះ គឺ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បរាជ័យ​នៅ​លើ​សង្វៀន​នយោបាយ ដោយ​លោក​អាច​មើល​ឃើញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គំរូ​ស្រាប់ ដែល​ចុង​បញ្ចប់​លោក ហ៊ុន សែន ចេញ​មុខ​សារភាព​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បំបែកបំបាក់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​មាន​ឥទ្ធិពល​ដ៏​ខ្លាំង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ពិបាក​នឹង​ទប់ទល់​កាលពី​ជាង​២០​ឆ្នាំមុន​នោះ។

លើស​ពី​នេះ​ទៀត លោក កឹម សុខា ធ្លាប់​លើកឡើង​ដែរ​ថា អ្វីៗ​លើ​លោក​នេះ គ្មាន​អ្វី​អមត​ទេ មាន​តែ​ទឹកដី​ប្រទេសជាតិ​ទេ ដែល​អមត ហើយ​លោក​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ ទោះបី​ជា​មាន​ឧបសគ្គ​អ្វី​ក៏ដោយ​។ ម្យ៉ាងវិញទៀត ការ​ចាប់​ឃុំខ្លួន​លោក កឹម សុខា នេះ ប្រៀប​ដូចជា​វាំងនន នៃ​រឿងល្ខោន​មួយ ដែល​គេ​រូត​បិទ​មួយ​ភ្លែត ក៏​ត្រូវ​គេ​រូត​បើក​ឡើងវិញ​។ ចំណែក​ឯ​តួឯក តួអង្គ ទាំង​តួ​ចិត្តល្អ និង​តួ​ចិត្តអាក្រក់ ក៏​ចេញ​មក​សម្ដែង​រឿងល្ខោន​ដែល​លាយឡំ ទៅ​ដោយ​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដាក់គ្នា​ផង ផិត​ក្បត់​គ្នា ញុះញង់ វាយប្រហារ​ឈ្នានីស​គ្នា​ផង ហើយ​អ្នក​មើល​រឿងល្ខោន​នេះ អាច​ថា អាណិត​តួឯក​ដែល​ត្រូវ​គេ​ធ្វើបាប​នោះ នឹង​ត្រូវ​នាំគ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​តួ​ចិត្តអាក្រក់ ដើម្បី​ការពារ​តួ​ចិត្តល្អ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​តួ​ចិត្តល្អ​វិញ​ក៏​ថា​បាន។

ជា​សរុប​សេចក្ដី​ទៅ សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ចាប់ខ្លួន​លោក កឹម សុខា នេះ វា​មិន​ខុស​អី​ពី​រឿងល្ខោន​ដែល​គេ​សម្ដែង​ឱ្យ​មហាជន​ទស្សនា​នោះ​ទេ។ ល្ខោន​លេង​កាន់តែ​យូរ អ្នកមើល​កាន់​តែ​ដឹង​តួ​ណា​ចិត្តល្អ តួ​ណា​ចិត្តអាក្រក់​កាន់តែ​ច្បាស់ ហើយ​អ្នកទស្សនា​នឹង​កាន់តែ​អាណិត​តួអង្គ​ចិត្តល្អ​ថែមទៀត​។ នៅ​ទន្ទឹម​នឹង​នេះ ទាំង​លោក កឹម សុខា និង លោក សម រង្ស៊ី ក៏​ទំនងជា​ចង់​ឱ្យ​ប្រវត្តិសាស្ត្រ​កត់ត្រា​ទុក​ថា សម្ពន្ធភាព សម រង្ស៊ី កឹម សុខា មិន​អាច​បំបែក​បាន ទោះជា ជួប​ឧបសគ្គ​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​។ ហើយ ទាំង​លោក កឹម សុខា និង លោក សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​ថា សម រង្ស៊ី កឹម សុខា គឺជា​មនុស្ស​តែមួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល