បទ​វិភាគ៖ តើ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​ជា​ការ​ញុះញង់​ឬ​​បញ្ហា​ក្រពះ?

ដោយ​ សេក បណ្ឌិត
2014-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

មន្ត្រី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន តែង​តែ​លើក​យក​រឿង​ការ​តវ៉ា​របស់​កម្មករ​ក្នុង​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នោះ ថា​ជា​រឿង​នយោបាយ​ដោយ​មាន​ការ​ញុះញង់​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​ជា​ដើម។

តើ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​កន្លង​មក និង​បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បង្ក្រាប​នោះ ​ ធ្វើ​ឡើង​តាម​ការ​ញុះញង់ ឬ​ក៏​ដោយសារ​តែ​បញ្ហា​ក្រពះ​ស្រេកឃ្លាន?

បញ្ហា​បាតុកម្ម​នៅ​កម្ពុជា គឺ​ជា​រឿង​ដ៏​ពេញ​និយម​មួយ​ដែល​កំពុង​ល្បី​ល្បាយ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​ឆ្នាំ​២០១៤ នេះ។ បាតុកម្ម​នេះ​កើត​ឡើង​គ្រប់​បែប​បទ​ច្រើន​មុខ​ច្រើន​យ៉ាង រហូត​មាន​មនុស្ស​ស្លាប់ របួស ពិការ​មួយ​ជីវិត ជាប់​គុក​ច្រវាក់​ជា​ច្រើន​នាក់​ទៀត​ផង។

នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នេះ សន្ទុះ​ធ្វើ​បាតុកម្ម​មាន​ចំនួន​ច្រើន​នៅ​រោងចក្រ​ខុសៗ​គ្នា។ សំឡេង​ស្រែក​តវ៉ា​តាមរយៈ​ដើរ​ក្បួន​បាតុកម្ម​បាន​លាន់​ឮ​ទ្រហឹង​ពេញ​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ទោះបី​ជា​រដ្ឋាភិបាល​ថ្មីៗ​នេះ​បាន​ដំឡើង​ប្រាក់ខែ​គោល​បាន​មួយ​កម្រិត គឺ​ពី ៨០ ទៅ ១០០​ដុល្លារ​ទៅ​ហើយ​ក្ដី។ ក្នុង​នោះ​មាន​ទាំង​មាន​ទាំង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

រដ្ឋាភិបាល​ឯក​បក្ស​នីតិកាល​ទី​៥ នេះ តាម​មើល​ទៅ​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​ការ​ដឹក​នាំ។ ដៃ​ម្ខាង​រវល់​ដោះ​ស្រាយ​រឿង​ជម្លោះ​នយោបាយ​ជាប់​គាំង ដៃ​ម្ខាង​ទៀត​ដោះ​ស្រាយ​រឿង​បាតុកម្ម និង​ស្វែង​រក​ជំនួយ​ដើម្បី​បន្ត​និរន្តភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បន្ត​ទៀត។

បើ​មើល​ពី​សន្ទុះ​បាតុកម្ម​វិញ គឺ​មាន​ច្រើន​ក្រុម​ក្រៅ​ពី​ក្រុម​កម្មករ គឺ​នៅ​មាន​បាតុកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​រួម​មាន​ប្រេង​សាំង ដែល​ចេះ​តែ​ឡើង​ថ្លៃ​គ្មាន​ដែន​កំណត់។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី ព្រម​ទាំង​បាតុកម្ម​របស់​កម្មករ​ស្ទើរ​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ថា រដ្ឋាភិបាល​មិន​គ្រប់​ទឹក​នោះ​​ឈឺ​ក្បាល​វិល​មុខ​មិន​តិច​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ពុំ​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន ក្រៅ​ពី​ដាក់​ផែន​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា អ្នក​គាំ​ទ្រ​រហូត​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង និង​ខ្លះ​ទៀត​ត្រូវ​ជាប់​គុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដូចជា​កម្មករ​រោងចក្រ យ៉ាកជីង ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​នៅ​ផ្លូវ​វ៉េងស្រេង រួម​ទាំង​លោក វន់ ពៅ និង​តំណាង​អ្នក​ភូមិ​បឹងកក់​ជាដើម។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ចោទ​ថា ក្រុម​នេះ​ស្ថិត​នៅ​ក្រោម​ការ​ញុះញង់​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មេដឹកនាំ​សហជីពកម្មករ​មួយ​ចំនួន​ទៀត។ ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​ពាក់​ព័ន្ធ​ពី​បញ្ហា​នេះ​ដែរ ហើយ​សំណុំ​រឿង​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។

ដោយ​ឡែក​ភាគី​ពាក់​ព័ន្ធ​ម្ខាង​ទៀត​គឺ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​វិញ បាន​គាំ​ទ្រ​គំនិត​របស់​រដ្ឋាភិបាល​ដែរ ព្រម​ទាំង​បាន​បញ្ជាក់​ថា ការ​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នេះ​ ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​និយោជក។ ជាង​នេះ​ទៅ​ទៀត​សមាគម​នេះ​បាន​គំរាម​បិទ​រោងចក្រ​ទៀត​ផង​បើ​សិន​ជា​នៅ​មាន​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​ដូច្នេះ។

ចំណែក​បក្ស​សង្គ្រោះ​ជាតិ​វិញ បាន​រលាស់​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​ការ​តវ៉ា​ដោយ​ធ្វើ​បាតុកម្ម​របស់​កម្មករ​គឺ​ជា​បញ្ហា​ក្រពះ​របស់​ពួកគេ​ផ្ទាល់ មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ឡើយ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្នុង​គោល​នយោបាយ ៧​ចំណុច​របស់​បក្ស​នេះ គឺ​បាន​កំណត់​​រួច​ជា​ស្រេច​ទៅ​ហើយ​តាំង​ពី​អំឡុង​ពេល​យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​ថា ខ្លួន​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​គោល​​ដល់​កម្មករ ១៥០​ដុល្លារ នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល។

ងាក​មក​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ លើក​លែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល គឺ​តែង​តែ​បាន​រាយការណ៍​ជាច្រើន​ពី​ស្ថានភាព​លំបាក​របស់​កម្មករ​ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ បញ្ហា​សុខភាព ការ​ដួល​សន្លប់​របស់​កម្មករ​ពេល​កំពុង​ធ្វើ​ការងារ​ជាដើម​ ហើយ​បញ្ហា​នេះ​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ។

ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​ថា ប្រាក់​ខែ​តិច​ធ្វើ​ឲ្យ​ពួក​គាត់​រិះ​ថាំ​ខ្លាំង​ពេក​ក្នុង​ការ​ហូប​ចុក សម្រាក​មិន​គ្រប់​គ្រាន់ ធ្វើ​ការ​ច្រើន កម្លាំង​ចុះ​ខ្សោយ រួម​នឹង​បរិយាកាស​ក្នុង​រោងចក្រ​ខ្លះ​មាន​ខ្យល់​អាកាស​ចេញ​ចូល​មិន​គ្រប់គ្រាន់ ខ្វះ​ប្រព័ន្ធ​ពិនិត្យ​ជាតិពុល​ក្នុង​រោងចក្រ​ជាដើម។

ប្រសិន​បើ​លោក​អ្នកនាង ឬ​មន្ត្រី​រដ្ឋាភិបាល​ចង់​ឃើញ​ទិដ្ឋភាព​ទាំង​នេះ​ផ្ទាល់​នោះ​​ប្រាកដ​ជា​មិន​ពិបាក​ដូច​ឡើង​ឋាន​សួគ៌ ឬ​ឡើង​ឋាន​ព្រះចន្ទ​នោះ​ទេ​ គឺ​គ្រាន់​តែ​ចំណាយ​ពេល​ខ្លះ​ទៅ​មើល​ការ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​​នៅ​ខាងមុខ​រោងចក្រ​ និង​នៅ​តាម​ផ្ទះ​ជួល​របស់​ពួក​គេ​ក្បែរៗ​តំបន់​មាន​រោងចក្រ​នោះ​នឹង​បាន​យល់​កាន់តែ​ច្រើន​ថែម​ទៀត​អំពី​ស្ថានភាព​ជាក់ស្ដែង​របស់​កម្មករ។

កម្មករ​តែង​តែ​បែង​ចែក​ប្រាក់​ខែ​របស់​ខ្លួន​ដែល​ទទួល​បាន​ជា​មធ្យម​ពី ១០០​ដុល្លារ ទៅ​ជាង ១០០​ដុល្លារ បើ​សិន​បូក​ទាំង​ថ្លៃ​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​ផងយ៉ាង​ល្អិត​ល្អន់​បំផុត គឺ​មិន​ខុស​ពី​សុភាសិត​ខ្មែរ​មួយ​តែង​ពោល​ថា​សក់​មួយ​សរសៃ​ត្រូវ​ពុះ​ច្រៀក​ជា​ដប់​នោះ​ទេ។

តែ​ទោះ​យ៉ាងណា​ពួក​គេ​នៅ​តែ​មិន​អាច​រត់​ឲ្យ​ទាន់​នឹង​ទំនិញ​ឡើង​ថ្លៃ​គ្មាន​ថ្ងៃ​ចុះ​វិញ​សោះ​នោះ​ឡើយ។ ក្រុម​កម្មករ​បាន​បង្ហាញ​ថា ពួក​គេ​ធ្វើ​ការ​សព្វថ្ងៃ​លះ​បង់​អស់​រលីង​ហើយ​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត។

ចំណែក​ប្រាក់​ខែ​បាន​មក​គេ​គ្រាន់​តែ​បាន​ឃើញ​បាន​កាន់​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ព្រោះ​គេ​ត្រូវ​ចំណាយ​ច្រើន​មុខ​ទៅ​វិញ ជាពិសេស​ថ្លៃ​ផ្ទះ គឺ​គ្រាន់​តែ​ឮ​បើក​ប្រាក់​ខែ​ភ្លាម​ឃើញ​មុខ​ម្ចាស់​ផ្ទះនៅ​មុខ​បន្ទប់​ជួល​នោះ​តែ​ម្ដង។ ចំណាយ​លើ​ទឹក ភ្លើង ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ឆ្លៀត​ដក​លុយ​ខ្លះ​ផ្ញើ​ទៅ​ម្ដាយ ​​ទិញ​សម្លៀក​បំពាក់​ខ្លះ ពេល​មាន​បុណ្យ​ទាន​ម្តងៗ បូក​សរុប​ទៅ​មួយ​ខែៗ​បាន​ត្រឹម​តែ​មួយ​រស់​មួយ​គែៗ​ដូច​សត្វ​មាន់ ពេល​ខ្លះ​រស់​លំបាក​ជាង​មាន់​ទៅ​ទៀត។

ដល់​ពេល​មាន​ជំងឺ​ធ្ងន់​ត្រូវ​ចាក់​ថ្នាំ ឬ​សម្រាក​ពេទ្យ​ម្តងៗ​ចាំ​បាច់​ត្រូវ​ខ្ចី​លុយ​គេ​បន្ថែម ហើយ​បំណុល​នេះ​ពិបាក​នឹង​រក​ពេល​សង​វិញ​ណាស់។ ការ​ហូប​ចុក​មិន​គ្រប់​របស់​កម្មករ​នេះ ក៏​ជា​កត្តា​រួម​ផ្សំ​មួយ ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់​នៅ​កន្លែង​ធ្វើ​ការ​ជា​ញឹក​ញាប់​ដែរ។

បញ្ហា​នេះ​មុន​នឹង​ក្រុម​ប្រឹក្សា​ការងារ​ប្រជុំ​ដោះស្រាយ​វិបត្តិ​ប្រាក់​ខែ​កម្មករ រដ្ឋាភិបាល​បាន​សិក្សា​ជា​មុន​ពី​តម្រូវ​ការ​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ដែល​អាច​រស់​បាន។ ការ​សិក្សា​ដែល​មាន​សមាសភាព​ពី​ក្រសួង​ការងារ តំណាង​និយោជក និង​តំណាង​សហជីព​កម្មករ​រក​ឃើញ​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ចន្លោះ ១៥៧ ទៅ ១៧៧​ដុល្លារ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ចាយ​គ្រប់​ក្នុង​មួយ​ខែ។ អ្នក​សេដ្ឋកិច្ច​ខ្លះ​ក៏បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំងអស់​អាច​សល់​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការ​ផល​ចំណេញ និង​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

វិល​មក​រឿង​កម្មករ​វិញ ​ក្រៅ​ពី​បញ្ហា​ប្រាក់​ខែ​ចាយ​សល់​ថ្ងៃ​ក្នុង​១​ខែ​នោះ នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅ​ពេល​មាន​បាតុកម្ម​តាម​ផ្លូវ​សាធារណៈ មុខ​រោងចក្រ មន្ទីរ ក្រសួង​ពាក់​ព័ន្ធ​នានា និង​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ​ជាដើម។

ជួន​ពេល​ខ្លះ​ក្រុម​កម្មករ​មាន​ឱកាស​ស្រែក​ចេញ​អស់​ពី​បេះដូង និង​សរសេរ​អក្សរ​លើ​បដា​ធំៗ បង្ហាញ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គេ​ដូច​ជា​ករណី​រំលោភ​ច្បាប់​ការងារ រំលោភ​សិទ្ធិ សេចក្ដី​ថ្លៃថ្នូរ ពី​ថៅកែ​រោងចក្រ ការ​រើស​អើង​សហជីព ការ​បញ្ឈប់​កម្មករ​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់ និង​គ្មាន​សំណង ការ​មើល​ងាយ​លើ​កម្មករ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម។ ការ​បញ្ឈប់​តំណាង​សហជីព​មួយ​ចំនួន​នៅ​តាម​រោងចក្រ​នោះ ជា​ការ​ព្រមាន​កុំ​ឲ្យ​កម្មករ​ហ៊ាន​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​ការ​គំរាម​បែប​នេះ ខាង​និយោជក​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ ព្រោះ​កម្មករ​ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ថា ការ​ធ្វើ​បាតុកម្ម​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​អ្នកណា​ទេ ការ​ធ្វើ​បាតុកម្ម​ដើម្បី​ផល​ប្រយោជន៍​ពួក​គាត់ ហើយ​ក៏​មិន​មែន​ជា​ការ​ញុះញង់​ដែរ។

ការ​លើក​បដា ការ​ស្រែក​ប្រកូក​ប្រកាស​ជា​សាធារណៈ​ទាម​ទារ​រក​ដំណោះ​ស្រាយ​នោះ​ជូន​ទទួល​បាន​ដំណោះ​ស្រាយ​ខ្លះ​ ជូន​គ្មាន​បាន​អ្វី​ទាល់​តែ​សោះ ហើយ​ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដេញ​ចាប់ ដេញ​វាយ​តប់​រត់​ប្រផាប់​ប្រភីង​តែ​រៀងៗ​ខ្លួន។​ទំនង​ជា​បញ្ហា​លំបាក និង​គ្មាន​ដំណោះស្រាយ​បែប​នេះ​ហើយ​មើល​ទៅ​ បាន​ជា​ធ្វើ​ឲ្យ​ពួកគេ​ទ្រាំ​លែង​បាន​តទៅ​ទៀត​ ហើយ​សុខ​ចិត្ត​នាំគ្នា​ចេញ​តវ៉ា​ប្រថុយ​ស្លាប់​រស់​នឹង​គ្រាប់​កាំ​ភ្លើង និង​ការ​វាយ​ដំ​បែក​ក្បាល បាក់ជើង ចាប់​ដាក់​គុក​មិន​ស្វាង​នោះ។

ការ​កត់​សម្គាល់​ផ្សេង​ទៀត​ឃើញ​ថា បាតុកម្ម​របស់​កម្មករ​ទាម​ប្រាក់​ខែ​ឲ្យ​ស្រប​នឹង​ទំនិញ​ទីផ្សារ​នោះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៣ មក​ជា​បន្ត​បន្ទាប់​ហើយ​បញ្ហា​នេះ​វា​ក្លាយ​ជា​រឿង​ទុំ​ជោរ​មួយ ឬ​ជា​ដំបៅ​មហារីក​មួយ​នៅ​ក្នុង​សង្គម ប៉ុន្តែ​វា​ទើប​នឹង​បាន​ផ្ទុះឡើង​ខ្លាំង​ក្លា​ស្រប​ពេល​គ្នា នឹង​ការ​បោះ​ឆ្នោតជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ និង​ការ​ផ្ទុះឡើង​នៃ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទាម​ទារ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​នៅ​ឆ្នាំ​២០១៤ នេះ។

ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​តែង​តែ​ស្រែក​ចំ​ទាល​ដាក់​មេក្រូ​ថា ប្រាក់​ខែ ១០០​ដុល្លារ​នេះ​ បើ​សិន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​ ឬ​ក្រុម​គ្រួសារ​លោក​វិញ​តើ​ចាយ​គ្រប់​អត់? រស់​បាន​អត់? ការ​ស្រែក​បែប​នេះ ប្រហែល​ជា​កម្មករ​ស្ថិត​នៅ​ក្នុង​ភាព​ទាល់​ច្រក​មួយ ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​ការ​ទាម​ទារ​ឲ្យ​បាន ១៦០​ដុល្លារ​នោះ ហើយ​នេះ​ក៏​ជា​សំណួរ​ដែល​គ្មាន​ចម្លើយ​រហូត​ដល់ពេល​នេះ ហើយ​ការ​ដាក់​សំណួរ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​ផ្ទុះ​សំណើច​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។

ក្រុម​កម្មករ​តែង​តែ​លើក​ឡើង​ជា​រឿយៗ​ថា បើ​សិន​ជា​ការ​ងារ​របស់​ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃ​អាច​រស់​នៅ​ហូប​ចុក​បាន​សមរម្យ ថ្លៃថ្នូរ មាន​ការ​គោរព​សិទ្ធិ​ពួក​គេ​បាន​ត្រឹម​ត្រូវ​នោះ ពិត​ជា​ពុំ​មាន​នរណា​ម្នាក់​មក​ហាន​ចេញ​មក​ឈរ​កាន់​បដា​ហាល​ថ្ងៃ​ដូច​ត្រីងៀត ដូច​លៀស​ហាល ហើយ​ថែម​យក​ជីវិត​មក​ប្រថុយ​លលេង​ជាមួយ​នឹង​គ្រាប់​កាំភ្លើង ខែល និង​ដំបង​ឆក់​របស់​សមត្ថ​កិច្ច​នោះ​ឡើយ។

ចំណែក​ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​ដែល​គាំទ្រ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ វិញ​បាន​ពោល​បែប​ឌឺ​ទៅ​រដ្ឋាភិបាល​ថា បើ​ចិត្ត​សឿង​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដូច​ការ​ទាម​ទារ​នោះ​សាកល​មើល តើ​មាន​បាតុកម្ម​ទៀត​អត់? មាន​អ្នក​ណា​មាន​លទ្ធភាព​ក្នុង​ការ​ញុះញង់​នោះ​ទេ? ពេល​នោះ​អ្នក​គ្រប់​គ្នា​ដឹង​កាន់​តែ​ច្បាស់​ថា តើ​បញ្ហា​បាតុកម្ម​នេះ កើត​ឡើង​ដោយ​សារ​ការ​ញុះញង់ ឬ​ក៏​ជា​រឿង​បញ្ហា​ក្រពះ​របស់​អ្នក​ក្រ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Khmer

ពី Angkor

ពិតណាស់ ជារឿងក្រពះ! សួរថា​ តើពួកមន្ត្រី​ ពួកសភា ពួកកាន់អំណាចទាំងនេោះ​ រស់បានទេ
បើប្រាក់ខែដូចគាត់(កម្មករ)???

May 02, 2014 07:14 AM

អ្នក​អាន​អនាមិក

> . គឺ បញ្ហា ក្រពះ !
>. អ្នកដែលថា គេញុះញង់ គឺជាមនុស្ស ឡប់សតិ មនុស្សឆ្កួត !

May 02, 2014 03:53 AM

Mike

ពី Boston

This shows the terrible weaknesses of the government. What happens if more workers move out to work in Thailand to get higher wages? Now thousands of the poor flow into Thailand every day to work. Has anyone of the government seen those workers along the border? Problems aren't solved, but forces are used instead! How terrible and weak the government is.

May 01, 2014 08:22 PM

អ្នក​អាន​អនាមិក

Hun Sen govt doesn't give a damn about it because as head of govt,Hun Sen borrows money from foreign countries and Khmer people will pay later. It is different from US govt that relies on collecting tax from workers like you and me.

May 02, 2014 09:29 AM

អ្នក​អាន​អនាមិក

បទវិភាគនេះ គួរអោយលោក ជន​ ចាន់បុត្រ ជាអ្នកវិភាគវិញ ព្រោះលោកពូកែលើកដាក់សម្លេង។​ អ្នកស្តាប់ភាគច្រើនពេញចិត្តនឹងសម្លេងគាត់ណាស់។
ខ្ញុំសូមអភ័យទោស លោក​ សេក បណ្ឌិត ខ្ញុំអត់មានគំនិតមើលងាយលោកទេ។​

May 01, 2014 10:13 AM

គេហទំព័រ​ទាំងមូល