ក្រុមហ៊ុនកាស៊ីណូ ម៉ាកាវ ឈ្មោះ Makau Legend Development មានគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្តមួយ រួមមាន កាស៊ីណូ និងសេវាមិនមែនល្បែង ស៊ីសង ក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខ្មែរ នៅខេត្តសៀមរាប។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន លោក ឆោវ កាំហ្វៃ (Chow Kam Fai) ដោយបញ្ជាក់ថា ក្រុមហ៊ុនរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងទិញដី សម្រាប់ទីតាំងនោះ នាពេលឆាប់ៗខាងមុខ។
អនុប្រធាននាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច ដែលគ្រប់គ្រងអាជីវកម្មកាស៊ីណូ លោក រស់ ភិរុណ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១ ខែមិថុនា ថា ខាងក្រសួងនៅមិនទាន់បានទទួលការស្នើសុំ ឬចរចាណាមួយ លើគម្រោងនេះនៅឡើយទេ។
លោកអះអាងថា រដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យមានអាជីវកម្មល្បែង ឬកាស៊ីណូ នៅខេត្តសៀមរាបនោះឡើយ ក៏ប៉ុន្តែកម្ពុជាស្វាគមន៍ការវិនិយោគថ្មីលើគម្រោងនានា ក្រៅតែពីកាស៊ីណូ។
តំបន់អង្គរ ខេត្តសៀមរាប គឺជាទិសដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម ក្រោយដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។ គេហទំព័រទេសចរណ៍ Trip Advisor កាលពីសប្ដាហ៍មុន បានចាត់ថ្នាក់ប្រាសាទអង្គរវត្តជាទិសដៅទេសចរណ៍ទាក់ទាញជាងគេបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៨ ដែលជាប់ចំណាត់ថ្នាក់ល្អក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ ភ្ញៀវទេសចរបរទេស មកទស្សនាតំបន់អង្គរវត្ត មានចំនួន ២លាន ៥សែននាក់ កាលពីអំឡុងឆ្នាំ២០១៧៕
