លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក ធាន វុទ្ធី

0:00 / 0:00

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ចាប់​បុគ្គល​ឈ្មោះ ធាន វុទ្ធី ដែល​តាំង​ខ្លួន​ជា​ព្រះសិអារ្យមេត្រីយ៍ នៅ​ក្នុង​ព្រះពុទ្ធសាសនា​ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ព្រោះ​សកម្មភាព​របស់​​បុគ្គល​រូប​នេះ​បាន​បំពាន​ដល់​ព្រះពុទ្ធសាសនា​ ដែល​ជា​សាសនា​រដ្ឋ និង​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ សម្រាប់​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំណាត់​ការ​របស់​ប្រមុខ​រដ្ឋាភិបាល​​ ថា​មាន​ការ​យឺត​ពេល ហើយ​ជន​ឆ​បោក​ក៏​បាន​រត់​គេច​ខ្លួន​បាត់។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេស្ទើន នា​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ​និង​ផ្នែក​ពាក់ព័ន្ធ បន្ត​ចាត់​វិធាន​ការ​ទៅ​លើ​បុគ្គល​ឈ្មោះ ធាន វុទ្ធី ដែល​តាំង​ខ្លួន​ជា​ព្រះសិអារ្យមេត្រីយ៍ ដើរ​​បោក​ប្រាស់​ប្រជាពលរដ្ឋ និង​បង្គាប់​ឲ្យ​ព្រះសង្ឃ​ថ្វាយ​​បង្គំ​ខ្លួន​កន្លង​មក។ ប្រមុខ​ដឹក​នាំ​ចាត់​ទុក​ទង្វើ ឬ​សកម្មភាព​របស់​បុគ្គល​​ឆបោក​រូប​នេះ ថា​នាំ​ឲ្យ​អាប់ឱន​ដល់​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ធ្ងន់ធ្ងរ«ព្រះ​សង្ឃ​ទៅ​ថ្វាយ​បង្គំ​ឧបាសក អស្ចារ្យ​តែ​ម្ដង ? ព្រះ​សិរអារ្យ​មេត្រីយ៍​ចេញ​មក ចេះ​ទៅ​រួច ? ឯកឧត្តម​មិន ឃិន អើយ​តាម​មើល​ឲ្យ​ជាប់​រឿង​ហ្នឹង។ បើ​ចេះ​តែ​លែង​សេះ​ឲ្យ​រួច​ហើយ​ៗ ឯកឧត្តម​សុទ្ធ​តែ​បិទ​ក្រោល​សេះ​មុន​សេះ​ចេញ​ពី​ក្រោល​យ៉ាង​នេះ ? ប៉ុន្តែ​ល្អ​ឥឡូវ​ហ្នឹង​ត្រង់​ថា បាន​ចាប់​បិទ​ក្រោល​សេះ ហើយ​ចាប់​សេះ​បញ្ចូល​ក្រោល។ បើ​លែង​តែ​យ៉ាង​ៗ​ហ្នឹង ? »។

​បញ្ហា​ស្រដៀង​គ្នា​នេះ គឺ​មិនមែន​កើត​ឡើង​ជា​លើក​ទី​១​ទេ ដែល​ប្រទេស​កម្ពុជា មាន​បុគ្គល​តាំង​ខ្លួន​ជា​ព្រះ ឬ​ជា​អ្នក​មាន​បុណ្យ​បារមី ដើរ​ឆបោក​ប្រជាពលរដ្ឋ ចាប់​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

រឿង​អាស្រូវ​របស់​បុគ្គល ធាន វុទ្ធី បាន​កើត​ឡើង​នៅ​ក្នុង​វត្ត​ទួល​ព្រះរាជា​​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់គរ ឃុំ​ពោធិបាន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ បញ្ហា​នេះ​ក្រសួងធម្មការ និង​សាសនា ក៏​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​មាន​វិធាន​ការ​និង​នាំ​ខ្លួន​ជន​ឆ​បោក​រូប​នេះ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​លោក ផៃ ប៊ុនឈឿន អភិបាលខេត្ត​កណ្ដាល​ បាន​ដឹក​នាំ​គណៈកម្មការ​ចម្រុះ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ បាន​ចុះ​ត្រួត​ពិនិត្យ​​មហា​កុដិ​​របស់​លោក ធាន វុទ្ធី ស្នាក់​នៅ​នា​បរិវេណ​វត្ត​ទួលព្រះរាជា ដោយ​បាន​ឃើញ​​គ្រឿងអលង្ការ​ មាន​ត្បូង​គ្រប់​ប្រភេទ ​​ភ្លុក​ដំរី ឬ​ចង្កូម​ខ្លា ជាដើម ​ដាក់​តាំងនៅ​ក្នុង​ទូរ​កញ្ចក់​ជា​ច្រើន​ទូរ។ នៅ​ក្នុង​ទូ​នីមួយៗ​ក៏​មាន​ដាក់​តាំង​យ័ន្ត និង​រូប​ព្រះ​បដិមា​តូច​ធំ​ច្រើន​ប្រភេទ​ ព្រមទាំង​មាន​រូបគំនូរ​​បុគ្គល ធាន វុទ្ធី គូរ​នៅ​លើ​ជញ្ជាំង​កុដិ ​តាំង​ខ្លួន​ជា​ព្រះ មាន​រូប​ទេវតា ព្រះព្រហ្ម​ និង​ព្រះសង្ឃ​សំពះ​ហែហម គោរព​​ជា​ព្រះ​សិរអារ្យមេត្រីយ៍​ថែម​ទៀត។

វត្ត​ទួល​ព្រះរាជា​ បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩២ ដោយ ​លោក ធាន វុទ្ធី នៅ​លើ​ដី​បឹង​ធំ​ទូលាយ ​ហើយ​ថវិកា​ជា​ច្រើន​​ដែល​បាន​យក​មក​កសាង​សមិទ្ធផល​នៅ​ក្នុង​វត្ត​នេះ គឺ​បាន​មក​ពី​បរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ក្នុង និង​ក្រៅ​ប្រទេស។

​ទាក់​ទង​ករណី​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​រិះគន់ សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច ឬ​រដ្ឋាភិបាល ដែល​ទុក​បណ្ដោយ​ឲ្យ​ជន​ឆបោក ឈ្មោះ ធាន វុទ្ធី អាច​ធ្វើ​ដើរ​បោកប្រាស់​​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ​ទើប​មាន​សកម្ម​​​​ភាព​បង្ក្រាប​​យឺតយ៉ាវ​ពេល​នេះ។

ទោះ​ជា​បែប​ណា​ សមត្ថកិច្ច​ខេត្ត​កណ្ដាល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន មិន​ទាន់​បញ្ជាក់​ថា ​បុគ្គល​ឈ្មោះ ធាន វុទ្ធី ទៅ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ទីកន្លែង​ណា​នោះ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បុគ្គល​ ឆបោក​រូប​នេះ។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់​ថា​ សមត្ថកិច្ច​របស់​លោក​បាន​សហការ​​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដទៃ​ទៀត ​ស្វែង​រក​ចាប់​ខ្លួន​បុគ្គល ធាន វុទ្ធី យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​«ដំណើរការ របស់​យើង​បាន​ធ្វើ​តាំង​ពី​មុន​បន្ត​បន្ទាប់​មក គឺ​ក្រសួង​ធម្មការ ហើយ​និង​គណៈ​សង្ឃនាយក​ហ្នឹង​លោក​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​មក​រហូត​ហើយ។ ខ្ញុំ​ជឿ​ថា លោក​ក៏​អាច​ដឹង​រឿង​ហ្នឹង​ហើយៗ ម្សិលមិញ​ហ្នឹង​យើង ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ហ្នឹង​ហើយ​ៗ បាន​រៀប​ចំ​គណៈ​​​​កម្មការ ដែល​មាន​ឯកឧត្ដម​អភិបាលខេត្ត​លោក​ជា​ប្រធាន​នៅ​ទីនោះ​ស្រាប់។ អ៊ីចឹង​​ គឺ​មាន​បង្កើត​គណៈ​កម្មការ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ដែល​ច្បាប់​បាន​កំណត់។ យើង​នឹង​ស្រាវជ្រាវ​កិច្ចការ​ងារ​ហ្នឹង​ជា​បន្ត​ទៀត»។

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួងធម្មការ​ បញ្ជាក់​ថា ​កំហុស​ឆ្គង​របស់​បុគ្គលឆបោកឈ្មោះ ធាន វុទ្ធី គឺ​មិន​អា​ច​អត់​អោន​ដាច់ខាត ព្រោះ​សកម្មភាព​បុគ្គល​រូបនេះ ​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធសាសនា និង​រំលោភ​រដ្ឋធម្ម​នុញ្ញ នៃប្រទេសកម្ពុជា​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។