កម្ពុជា​រក្សា​ជំហរ​ស្នើ​ឲ្យ​ថៃ​បំភ្លឺ​រឿង​សណ្ឋាគារ​មួយ​ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ

ដោយ សុជីវី
2020-10-06
Share
សណ្ឋាគារ​ថៃ សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ
screenshot

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កំពុង​បន្ត​ជជែក និង​សិក្សា​ដើម្បី​ឲ្យ​ភាគី​ថៃ​បំភ្លឺ​ករណី​សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ បើ​ទោះ​ជា​ម្ចាស់​សណ្ឋាគារ​នេះ​បាន​ចេញ​លិខិត​សុំទោស​ក៏ដោយ។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើ​កិច្ចការ​នេះ​ដោយ​ប្រយ័ត្ន​និង​មាន​ទំនួល​ខុសត្រូវ​ច្បាស់លាស់ ដើម្បី​ធានា​ថា ក្បាច់រចនា​នៃ​ប្រាសាទ​បុរាណ​ខ្មែរ នឹង​មិន​ត្រូវ​ចម្លង​បែបនេះ​នោះ​ទេ ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​នា​ពេល​អនាគត។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា អះអាង​ថា ទោះបីជា​ម្ចាស់​សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ប្រកាស​សុំទោស​ជា​សាធារណៈ​ក៏ដោយ ក៏​មិន​ទាន់​គ្រប់គ្រាន់ និង​មិនទាន់​អាច បញ្ចប់​រឿង​បាន​ដែរ។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីវីវត្ថ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍ កាលពី​ថ្ងៃ​ទី​៥ តុលា ថា​ការប្រកាស​សុំទោស​របស់​ម្ចាស់​សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) គឺ​ជា​ផ្នែក​១​ប៉ុណ្ណោះ ប៉ុន្តែ ការសិក្សា​លម្អិត​តាម​ផ្លូវ​ច្បាប់ និង​ផ្លូវ​ការទូត​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​នៅតែ​បន្ត​ដដែល។ លោក​អះអាង​ថា បើ​កម្ពុជា​មិន​មាន​វិធានការ​ណាមួយ​ក្នុង​ពេល​ខាងមុខ​អាច​នឹង​មាន​ករណី​ដដែលៗ​បន្ត​ទៀត ហើយ​អាច​កើតឡើង​រឿង​ផ្សេង​ដែល​នឹកស្មាន​មិន​ដល់​។ ទោះ​យ៉ាងណា​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ជូន​លិខិត​របស់​ខ្លួន​ទៅកាន់​ភាគី​ថៃ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីវីវត្ថ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ការ​អះអាង​របស់​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ប្រកាស​សុំទោស​ជា​សាធារណៈ​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី៤ តុលា ក្រោយពេល​អ្នកលេង​អ៊ីនធឺណិត​នៅ​កម្ពុជា ខឹង​សម្បារ និង​ខកចិត្ត​ចំពោះ​ទង្វើ​មិន​សមរម្យ និង​យល់​ថា ជា​ការ​ប្រមាថ​អត្តសញ្ញាណ​ជាតិខ្មែរ។

ក្នុង​លិខិត​សុំទោស​នោះ សណ្ឋាគារ ឡឹ ផាល័យ ហូថែល រៀបរាប់​ថា សូម​ទទួលយក​ការ​សុំ​ទោស​អស់ពីដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ ពិតជា​សោកស្ដាយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ខកចិត្ត និង​សុំ​ធ្វើការ​បញ្ជាក់​អំពី​ចេតនា របស់​ស្ថាបនិក​នៃ​សណ្ឋាគារ ឡឹ ផាល័យ ហូថែល ដែល​បាន​ចម្លង​រចនាបថ​របស់​ប្រាសាទ​ខ្មែរ​។ សណ្ឋាគារ​នេះ បន្ត​ថា ការ​បង្កើត​សណ្ឋាគារ​នេះ​គឺ​ដោយសារ​ការ​ស្ងើចសរសើរ និង​គោរព​ចំពោះ​សិល្បៈ​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​ប៉ុណ្ណោះ​។​ទោះជា​យ៉ាងណា ភាព​អស្ចារ្យ​នៅតែ​ស្ថិត​នៅ​លើ​ប្រាសាទ​អង្គរ​វត្ដ​ពិតប្រាកដ ក្នុង​ទឹកដី​កម្ពុជា ដែល​មិន​អាច​ប្រៀបធៀប​បាន​ឡើយ។

សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) បាន​សាងសង់​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទ​បាយ័ន​។ សណ្ឋាគារ​ប្រណីត​នេះ ស្ថិត​នៅ​លើ​កោះ​ផាង៉ាន នៃ​ខេត្ត សុរ៉ាតថានី (Surat Thani) មាន​ចម្ងាយ ប្រមាណ​ជាង​៦០០​គីឡួម៉ែត្រ​ពី​ក្រុង​បាងកក។

រីឯ​ប្រធាន​សមាគម​ទេសចរណ៍​នៃ​កោះ ផាង៉ាន ឈ្មោះ វិច្ឆ័យ ឃុងមុន (Vichai Khongmun) ប្រាប់​កាសែត​បាងកក​ប៉ុស្ត៍​កាលពី​ម្សិលមិញ​ថា សណ្ឋាគារ​នេះ​សាងសង់​ក្នុង​ឆ្នាំ​២០១៤ និង​គោរព​តាម​ច្បាប់​សាងសង់​។ ប្រធាន​សមាគម​រូប​នេះ​បន្ត​ថា ដោយសារតែ​ម្ចាស់​សណ្ឋាគារ​ចាប់អារម្មណ៍​លើ​ប្រាសាទ​អង្គរវត្ត ហើយ​លោក​យល់ថា សណ្ឋាគារ​នេះ​នឹង​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ពិត​ថែម​ទៀត​ផង។

ចំណែក​ការិយាល័យ​វប្បធម៌​ថៃ នៃ​ខេត្ត​សុរ៉ាតថានី (Surat Thani) បាន​អះអាង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ដែរ​ថា បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ខឹង​សម្បារ និង​ការ​ចោទ​ប្រកាន់​ថា សណ្ឋាគារ​នេះ​ធ្វើ​មិន​សមរម្យ​ខាង​វប្បធម៌​ដែល​មាន​ទីតាំង​លើ​ឆ្នេរ ហារិន (Haad Rin beach) នៃ​ខេត្ត​មួយ​នេះ ។ ទោះ​យ៉ាងណា​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​យ៉ាងណា​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) គួរតែ​ធ្វើ​កិច្ចសន្យា​មួយ​ជាមួយ​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​បំណង​ពិតប្រាកដ​ក្នុង​ការ​ប្រើប្រាស់​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ នា​ពេល​អនាគត​កុំ​ឲ្យ​មានការ​យល់​ច្រឡំ ឬ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​បំណង​អ្វី​ផ្សេង​។ លោក​បន្ត​ថា បើ​អាច​សណ្ឋាគារ​គួរតែ​កែប្រែ​រចនាបថ​របស់​សណ្ឋាគារ​ផង​ដែរ។ លោក​បញ្ជាក់​ថា ការ​សុំ​ទោស​នៅ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​ការ​ចម្លង​ក្បាច់រចនា​របស់​ប្រាសាទ​បុរាណ​ខ្មែរ ទៅជា​សណ្ឋាគារ​សម្រាប់​ស្នាក់​អាស្រ័យ៖ «រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើការ​ជាមួយ​ប្រទេស​ថៃ ព្រោះ​អាហ្នឹង​វា​ពាក់ព័ន្ធ​និង​អត្តសញ្ញាណ​ជាតិ​មួយ​ធំ​ដែរ​បាទ​! បើ​សិន​ប្រទេស​មួយ​យក​ទៅ​ធ្វើ​បែប​ហ្នឹងហើយ​បើសិនជា​ការ​ធ្វើ​ហ្នឹង​មិន​សមរម្យ វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជាតិ។ អ៊ីចឹង រដ្ឋាភិបាល​គួរតែ​ស្វះ​ស្វែងរក​ការ​ជជែក​ជាមួយ​ដើម្បី​ឲ្យ​បញ្ឈប់​ទង្វើ​បែប​ហ្នឹង​តទៅទៀត»

សាស្ត្រាចារ្យ ផ្នែក​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ​-​អាស៊ី​អាគ្នេយ៍ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត វង់ សុធារ៉ា សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៤ តុលា ថា នៅ​ពេល​រូបរាង​អត្តសញ្ញាណ​អង្គរវត្ត ត្រូវ​គេ​យក​ទៅ​ចម្លង​ដើម្បី​គោលដៅ​ធ្វើ​ជំនួញ ដោយ​ប្រាសចាក​ពី​ខ្លឹមសារ គោល​គំនិត​ដើម​បែបនេះ «​វា​ជា​ការ​ប្រមាថ​ដល់​ព្រលឹង​ដូនតា​ខ្មែរ និង​ប្រជា​ជាតិខ្មែរ ដែល​គោរព​លើក​តម្កើង​យ៉ាង​ខ្លាំង»

ទោះជា​យ៉ាងណា កន្លង​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​ចិន និង​ប្រទេស​អេស្ប៉ាញ អាច​ផលិត​រូបចម្លាក់​ប្រាសាទ​ព្រះវិហារ និង​រូប​ប្រាសាទអង្គរវត្ត​សិប្ប​និម្មិត ឬ​ក្លែងក្លាយ ប៉ុន្តែ​តម្រូវ​ឲ្យ​ដាក់​អត្តសញ្ញាណ​ប្រាសាទ​ទាំងនោះ​ថា មក​ពី​ប្រទេស​កម្ពុជា៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។