សម្រាប់ឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ ដែលចូលឆ្នាំចំថ្ងៃអាទិត្យ តាមក្បួនតម្រា មហាសង្ក្រាន្ត គឺត្រូវវេនទេពធីតា ព្រះនាម ទុង្សា ឬធង្សៈទេវី យាងមកទទួលតំណែងបន្តពីទេវតាឆ្នាំចាស់។
តើហេតុអ្វីបានជាមានតែទេពធីតា ៧អង្គ មកផ្ទេរតំណែងគ្នា ដោយមិនឃើញមានទេវបុត្រមកចូលរួមជួយថែរក្សាមនុស្សលោកផង?
«ភ្លេងពិណពាទ្យ»
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ ឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានតំណាលពីទេពធីតាទាំង ៧អង្គនោះ គឺជាទំនៀមទម្លាប់ និងជំនឿរបស់ខ្មែរដើម ជាប់ទាក់ទងទៅនឹងរឿងព្រេងនិទាន «កបិលមហាព្រហ្ម»។
ចំណែកឯប្រការដែលគេឃើញនៅក្នុងមហាសង្ក្រាន្តសូត្រ ចែងអំពីទេពធីតាទាំង ៧អង្គ តែងប្ដូរវេនគ្នាដង្ហែសិរសា ឬក្បាល កបិលមហាព្រហ្ម ឬមកថែរក្សាមនុស្សលោកពីមួយឆ្នាំទៅមួយឆ្នាំនោះ គឺជាន័យប្រៀបធៀបមួយ ដែលអ្នកនិពន្ធអក្សរសិល្ប៍បុរាណ លោកឲ្យសារសំខាន់ទៅលើស្ត្រីភេទ។
អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជាពុទ្ធសាសនា លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ គូសបញ្ជាក់ត្រង់ប្រការនេះថា គឺអ្នកនិពន្ធដៅត្រង់អន្លើទេពធីតាទាំង ៧អង្គ ដែលព្រមទទួលបន្ទុកទ្រទ្រង់ថែរក្សាព្រះសិរសា កបិលមហាព្រហ្ម ក្នុងន័យធៀបថា ស្ត្រីជាមាតាបានទទួលភារៈទ្រទុកនូវធម៌ ៤ប្រការ សម្រាប់មនុស្សលោកជារៀងរហូតមក។
លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ៖ «...គឺចង់បញ្ជាក់ថា ទេពធីតាហ្នឹងហើយជាមាតា ជាអ្នកបីបាច់ដ៏ប្រសើរនៃមនុស្សជាតិទាំងអស់ហ្នឹង។ ដូច្នេះ បុត្រីទាំង ៧អង្គ ដែលទ្រនូវព្រះកេសាកបិលមហាព្រហ្ម មិនទម្លាក់ទៅសមុទ្រ មិនទម្លាក់ទៅផែនដី គឺសុខចិត្តថាយកព្រះកេសាហ្នឹងទៅដង្ហែជុំភ្នំព្រះសុមេរុ ហើយទៅតម្កល់ទីមួយដ៏សមគួរនោះ មានន័យថា ទេពធីតាជាមាតាព្រមទទួលយកព្រះកេសារបស់ព្រះព្រហ្ម គឺតំណាងឱ្យព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ កាលណាបើសិនជាមនុស្សបោះបង់ចោល មិនអនុវត្តន៍នូវធម៌ទាំងឡាយ ៤ប្រការទេនោះ នឹងទទួលនូវសេចក្តីវិនាសភាពអន្តរាយ...»។
រីឯបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម នោះ រួមមាន ព្រះនាង ទុង្សាទេវី ឬធង្សៈទេវី ជាបុត្រីច្បង បន្ទាប់មក គឺព្រះនាង គោរាគទេវី រាក្យៈសាទេវី មណ្ឌាទេវី កិរិណីទេវី កិមិរាទេវី និងមហោទរាទេវី ដែលជាប្អូនៗទៅតាមលំដាប់។
ទេពធីតាទាំង ៧អង្គនេះ តែងប្ដូរវេនគ្នាមកដង្ហែព្រះសិរសាកបិលមហាព្រហ្ម ជាបិតា ប្រទក្សិណភ្នំព្រះសុមេរុរាជ ជារៀងរាល់ឆ្នាំ ដោយការរក្សាសីល និងព្រហ្មវិហារធម៌ទាំងបួនប្រការ ជាប់ជាប្រចាំក្នុងជីវិត ដើម្បីសេចក្ដីសុខចម្រើនដល់មនុស្ស ទេវតា និងសព្វសត្វផងទាំងពួង។ នៅត្រង់អន្លើនេះហើយ ដែលប្រពៃណីខ្មែរចាត់ទុកពិធីផ្ទេរតំណែងរវាងទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មី គឺជាការនាំមកនូវសេចក្តីសុខ និងសិរីសួស្ដី។
«ភ្លេងពិណពាទ្យ»
ឯកសារមហាសង្ក្រាន្តសូត្រចែងថា នៅពេលដែលត្រូវវេនយាងមកដង្ហែព្រះសិរសាកបិលមហាព្រហ្ម ឬមកផ្ទេរតំណែងគ្នាក្នុងឱកាសផ្តាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីម្ដងៗ គឺទេពធីតាទាំង ៧អង្គ តែងទ្រង់ព្រះពស្ត្រ ឬគ្រឿងស្លៀកដណ្តប់ ជិះយានជំនិះ ឬព្រះទីន័ង ជាសត្វពាហនៈ និងកាន់គ្រឿងសាស្ត្រាវុធ ព្រមទាំងសោយអាហារខុសៗគ្នាទៅតាមតួអង្គនិមួយៗ។
ទាក់ទងនឹងយានជំនិះរបស់ទេពធីតាទាំង ៧អង្គ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ លោក សឹង្ហ គា ឲ្យដឹងថា គឺអ្នកនិពន្ធអក្សរសិល្ប៍ទេវកថាសម័យបុរាណ បានយកតាមឈ្មោះពពួកដួងតារា ឬផ្កាយ ដែលក្រុមហោរាសាស្ត្រនាសម័យនោះ បានព្យាករឃើញ។ ក្រៅពីនេះ គេបានយកលំនាំតាមឈ្មោះយានជំនិះរបស់ព្រះអាទិទេពធំៗ នៃលទ្ធិព្រាហ្មណ៍ រួមមានព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះឥសូរ ឬព្រះសិវៈជាដើម ដែលសុទ្ធតែមានយានជំនិះជាសត្វពាហនៈប្រចាំខ្លួនផ្សេងៗគ្នា ដូចជា សត្វគ្រុឌ សត្វក្របី និងសត្វសេះ ជាដើម។
លោក សឹង្ហ គា៖ «...អីចឹងទៅ គឺទេវតាកូនកបិលមហាព្រហ្ម ហ្នឹង អាចមានទំនាក់ទំនងអ្វីទៅនឹងពពួកអាទិទេពធំៗ ដូចជានាង ទុង្សាទេវីហ្នឹង គឺមានទំនាក់ទំនងជាមួយនឹងព្រះនារាយណ៍ ព្រះវិស្ណុ។ ប៉ុន្តែ នៅក្នុងគម្ពីរខ្មែរយើង ដែលចងក្រងកន្លងមកហ្នឹង តែងតែថា ជាក្រុមទាសាទាសីរបស់ព្រះឥន្ទ ព្រោះព្រះឥន្ទនេះ គឺមាននៅក្នុងព្រហ្មញ្ញសាសនាផង និងនៅក្នុងព្រះពុទ្ធសាសនាផង។ អីចឹង យើងអត់ទាន់វែកញែកដាច់ទេ...»។
ម្យ៉ាងវិញទៀត លោក សឹង្ហ គា បញ្ជាក់បន្ថែមថា សត្វពាហនៈទាំងនោះ គឺជាយានជំនិះផ្ទាល់របស់តួអង្គនិមួយៗ ដោយមិនមានផ្លាស់ប្ដូរគ្នាទេ ដោយហេតុថា ទេវមួយអង្គៗតែងតែមានមហិទ្ធិឫទ្ធិ ដែលកើតពីបុណ្យកុសលផ្សេងៗពីគ្នា។
ដូចជាព្រះនាង ទុង្សាទេវី ដែលត្រូវវេនយាងមកគ្រប់គ្រងមនុស្សលោកនៅក្នុងឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ គឺព្រះនាងទ្រង់គង់លើសត្វគ្រុឌជាទីន័ង ដូចគ្នានឹងយានជំនិះរបស់ព្រះនារាយណ៍ ឬព្រះវិស្ណុដែរ។ ព្រះនាងទ្រង់ព្រះពស្ត្រពណ៌ក្រហម សៀតផ្កាទទឹម បទុមរាគ ទ្រង់កាន់កងចក្រ និងស័ង្ខជាអាវុធ ហើយសោយផ្លែឧទុម្ពរ ជាអាហារ គឺប្រភេទផ្លែឈើម្យ៉ាង កាលពីសម័យបុរាណដែលចេញផ្កាមកមានរាងជាផ្លែតែម្ដង។ រីឯភត្តាហារ និងគ្រឿងសាស្ត្រាវុធរបស់ទេពធីតាទាំង ៧អង្គ វិញ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ និងវិជ្ជាហោរាសាស្ត្រ ឲ្យដឹងថា គឺជាការព្យាករ ឬជាគំនិតឆ្នៃប្រឌិតរបស់បុព្វបុរសអ្នកនិពន្ធអក្សរសិល្ប៍ នាសម័យបុរាណ ដោយលោកប្រៀបប្រដូចវត្ថុទាំងអស់នោះទៅនឹងបាតុភូតធម្មជាតិ ដែលតែងប្រែប្រួល ឬអាចនឹងកើតមានហេតុអ្វីមួយនៅក្នុងឆ្នាំថ្មី។
អ្នកសិក្សាស្រាវជ្រាវក្បួនហោរាសាស្ត្រខ្មែរ លោក អ៊ឹម បូរិន បញ្ជាក់បន្ថែមពីប្រការនេះថា គឺក្នុងន័យអប់រំដាស់តឿនក្រើនរំលឹកដល់កូនចៅ ឲ្យមានស្មារតីប្រុងប្រយ័ត្នពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគឺការបំពេញការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការងារជាប្រយោជន៍ប្រទេសជាតិ។
លោក អ៊ឹម បូរិន៖ «...បុរាណាចារ្យហ្នឹងលោកបានឆ្លងកាត់ការពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ អីចឹង ថាតើវាមានកើតហេតុអីខ្លះ។ ឧបមាថា ទេពធីតា ធង្សៈទេវីអីចឹង ធង្សៈទេវីហ្នឹង ទម្លាប់ថាយ៉ាងម៉េច ឧបមាថាមានសង្គ្រាម មានការច្បាំងគ្នា វ៉ៃគ្នា។ អីចឹង បុរាណលោកក៏កំណត់ជាស្អីមួយឲ្យកាន់ដូចជាអាវុធកងចក្រ ជាអាវុធដែលអាចសម្លាប់មនុស្ស។ ដល់អីចឹង យើងក៏អាចទស្សន៍ទាយទៅតាមលក្ខណៈនៃទេពធីតាកាន់អាវុធ ការសោយអីឡើងទៅ។ ប៉ុន្តែគ្រាន់តែថា ហោរាសាស្ត្រយើងសម័យថ្មីហ្នឹង យើងបកស្រាយវាអត់អស់។ អាហ្នឹងគ្រាន់តែជាការសន្និដ្ឋានទេ តែគ្មានឯកសារណាបញ្ជាក់ទេ...»។
ចំណែកឯគ្រឿងស្លៀកដណ្ដប់វិញនោះ ដូចជាយានជំនិះដែរ គឺទេពធីតាមួយអង្គៗ ទ្រង់ព្រះពស្ត្រពណ៌ផ្សេងៗគ្នា ដែលជាពណ៌ប្រចាំកាយ។ ដូចជាព្រះនាង ទុង្សាទេវី ដែលយាងមករក្សាលោកក្នុងឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ ព្រះនាងតែងទ្រង់ព្រះពស្ត្រពណ៌ក្រហមជាប្រចាំ។
«ភ្លេងពិណពាទ្យ»
សៀវភៅពិធី «ទ្វារទសមាស» ស្ដីពីពិធីសង្ក្រាន្តឆ្នាំថ្មី កត់ត្រាថា ចំពោះវេនដែលទេវតាថ្មីត្រូវមកទទួលភារៈរក្សាលោក គឺបើចូលឆ្នាំថ្មីប៉ះចំថ្ងៃអាទិត្យ គឺជាវេនព្រះនាង ទុង្សាទេវី ថ្ងៃច័ន្ទ ជាវេនព្រះនាង គោរាគទេវី។ រីឯព្រះនាង រាក្យៈសាទេវី គឺវេនប៉ះចំថ្ងៃអង្គារ។ ចំណែកវេនព្រះនាង មណ្ឌាទេវី គឺថ្ងៃពុធ ចំពោះថ្ងៃព្រហស្បតិ៍ គឺជាវេនព្រះនាង កិរិណីទេវី។ ថ្ងៃសុក្រ គឺវេនព្រះនាង កិមិរាទេវី ហើយព្រះនាង មហោទរាទេវី គឺត្រូវវេនចុះមកថែរក្សាលោក បើសង្ក្រាន្តឆ្នាំថ្មីចូលចំថ្ងៃសៅរ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។