អាជ្ញាធរខេត្តបាត់ដំបង បញ្ឈប់គម្រោងរុះរើស្ពានថ្មចាស់ នៅមុខសាលាខេត្ត ដែលកសាងក្នុងសម័យអាណានិគមបារាំងហើយ ដោយទុកឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នករកថវិកាជួសជុល និងថែទាំស្ពានថ្មនេះវិញ។ ហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង ចុះផ្សាយនៅថ្ងៃទី២០ ធ្នូថា រដ្ឋបាលសាលាខេត្តបាត់ដំបង មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ ដែលជាស្ពានបុរាណនៅមុខសាលាខេត្តឱ្យនៅគង់វង្ស ហើយអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអន្តរាគមន៍ ដើម្បីថែរក្សាស្ពានថ្មចាស់នេះ កុំឲ្យមានការរុះរើ។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ឲ្យអាស៊ីសេរីដឹងបន្ថែមថា អាជ្ញាធរខេត្ត គ្មានបំណងកម្ទេចស្ពានថ្មបុរាណនេះឡើយ ហើយសាធារណជន អាចភ័ន្តច្រឡំនឹងពាក្យរុះរើ។ អភិបាលខេត្តរូបនេះ អះអាងថា ពាក្យរុះរើនេះ គឺអាជ្ញាធរចង់រុះកន្លែងពុកផុយចេញ ហើយចាក់បេតុងជួសជុលកន្លែងពុកផុយនៃស្ពានឡើងវិញ មិនមែនរុះរើស្ពានចោលទេ។ ស្ពានថ្មចាស់ នៅមុខសាលាខេត្តបាត់ដំបង ត្រូវបានកសាងនៅឆ្នាំ១៩១៦ ក្នុងសម័យអាណានិគមបារាំង។ មកដល់បច្ចុប្បន្ន ស្ពាននេះមានអាយុកាល ១០៣ឆ្នាំ។ អាជ្ញាធរខេត្តបាត់ដំបង បានដាក់បម្រាមមិនឲ្យអ្នកដំណើរឆ្លងកាត់យូរមកហើយ ដោយសារស្ថានភាពទ្រុឌទ្រោម ការប្រេះស្រាំ និងភាពពុកផុយនៃស្ពាន។ លោក ងួន រតនៈ ថា រដ្ឋបាលខេត្តគ្មានជំនាញខាងជួសជុលស្ពាននេះឡើយ ដូច្នេះស្ថានការណ៍ចំពោះមុខបច្ចុប្បន្ន គឺខេត្តប្រគល់ឲ្យក្រសួងវប្បធម៌ ជាអ្នកគ្រប់គ្រង ថែទាំទាំងស្រុង។
ទន្ទឹមនឹងការរក្សាទុកស្ពានថ្មចាស់ឲ្យនៅដដែល លោក ងួន រតនៈ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងអំពាវនាវរកសប្បុរសជនក្នុងស្រុក ដើម្បីកសាងស្ពានថ្មថ្មីមួយបន្ថែមទៀត នៅអែបកៀក នឹងស្ពានថ្មចាស់ មុខសាលាខេត្តនោះ ហើយយករចនាបថដូចគ្នាបេះបិទ៕
(ស្នាមប្រេះនៅសសរស្ពាន)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។