លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះកេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ដោយ ​ម៉ៅ សុធានី
2022.10.02
លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះកេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​អំពាវនាវ​រួមគ្នា​ឲ្យ​ថែរក្សា​ប្រាសាទបុរាណ​នៅ​ទូទាំង​ប្រទេស ឲ្យ​បាន​គង់វង្ស​។​

ថ្លែង​ក្នុង​ពិធី​ផ្តល់​ដី​ជូន​ពលរដ្ឋ ជា​ថ្នូរ​ការ​រុះរើ​សំណង់​ចេញពី​តំបន់​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា​ម្សិលមិញ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប លោក ហ៊ុន សែន​ថា ប្រាសាទបុរាណ​ជាច្រើន ត្រូវ​បាន​ដូនតា​ខ្មែរ​សាងសង់​ឡើង ក្នុង​នោះ​ប្រាសាទ​មួយចំនួន ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចហើយ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក។

លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាល​កំពុង​ស្នើសុំ​ចុះបញ្ជី​ប្រាសាទ​កោះកេរ ដែល​សាងសង់​ក្នុង​សតវត្ស​ទី​១០ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត ហើយ​ប្រាសាទ​ផ្សេងៗ ក៏​កំពុង​គិតគូរ​ចុះបញ្ជី​ជា​បន្តបន្ទាប់​។ លោក​ថា អង្គការ​យូណេស្កូ ត្រូវការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ណាស់ មុននឹង​យល់ព្រម​ចុះបញ្ជី​ប្រាសាទ​របស់​កម្ពុជា ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

តំបន់​ប្រាសាទ​កោះ​កេរ បច្ចុប្បន្ន​ស្ថិត​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ គឺជា​អតីត​រាជធានី​បុរាណ​នា​សតវត្ស​ទី​១០ ក្នុង​នោះ​មាន​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​២​អង្គ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ (៩២១-៩៤១) និង​ព្រះបាទ​ហស៌វរ្ម័នទី​២ (៩៤១-៩៤៤)​។ លុះដល់​រជ្ជកាល​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន​ទី​២ (៩៤៤-៩៦៨) ព្រះអង្គ​ក៏បាន​ផ្លាស់​រាជធានី មក​ក្រុង​អង្គរ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។