យុវជន​ខ្មែរ​ក្រោម​ចោទ​ថា វៀតណាម​ព្យាយាម​បំបាត់​ប្រពៃណី​ប្រណាំង​ទូកង របស់​ខ្មែរ​ក្រោម

ដោយ វ៉ែន សុមេធ
2020.08.07
ទូក ខ្មែរកម្ពុជាក្រោម ២០១៧ ៦២២ គណៈកម្មការ និង​កីឡា​អុំទូក​របស់​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៧។
រូបភាព របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម

យុវជន​ខ្មែរ​កម្ពុជា​ក្រោម ហៅ​ការ​ប្រារព្ធ​ទិវា​អុំទូកង​ខ្មែរ ខុសរដូវ​កាលដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​វៀតណាម​នោះ​ជា​ការ​បន្សាប វប្បធម៌​ប្រពៃណី ប្រណាំង​ទូក​ង របស់​ខ្មែរ​កម្ពុជា​ក្រោម។

ក្ដី​បារម្ភ​របស់​យុវជន​ខ្មែរ​ក្រោម ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បាន​ចាត់តាំង​មហោស្រព​កីឡា នៃ​តំបន់​ដែនដី​សណ្ដរ ទន្លេ​មេគង្គ​លើក​ទី ៨ នៅ​ខត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា ត្រា វិញ (Tra Vinh) កាលពី​ថ្ងៃ​ទី​២ សីហា​កន្លង​ទៅ​នេះ។

យុវជន​ខ្មែរ​ក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ឈ្មោះ ថាច់ កឿង ថ្លែង​ថា លោក​មិន​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះ​ឡើយ ទោះជា​អាជ្ញាធរ​វៀតណាម​អះអាងថា ធ្វើឡើង​ដើម្បី​ខ្មែរ​ក៏ដោយ ព្រោះ​កម្មវិធី​នេះ​គ្មាន​រៀបចំ​តាម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ​។ ចំណែក​ពិធីករ និង​ពិធី​ការិនី​វិញ លោក​ថា សុទ្ធតែ​ជា​ជនជាតិ​វៀតណាម រីឯ​បដា​ទាំងឡាយ​ក៏​គ្មាន​អក្សរ​ខ្មែរ​នោះ​ដែរ។

យុវជន​ខ្មែរ​ក្រោម​រូប​នេះ យល់ថា​អាជ្ញាធរ​វៀតណាម​រៀបចំ​កម្មវិធី​អុំ​ទូកង​របស់​ខ្មែរ​ខុសរដូវ​កាល​ដូច្នេះ គឺ​ក្នុង​គោលបំណង បន្សាប​ប្រពៃណី​អុំទូក​របស់​ខ្មែរ​ឲ្យ​សាប​បន្តិច​ម្ដងៗ និង​ទីបំផុត ប្រពៃណី​នេះ​នឹង​ក្លាយទៅជា​របស់​វៀតណាម ឬ ក៏​ត្រូវ​សាបសូន្យ ដោយ​ខ្លួនឯង៖ «ពីព្រោះ​យើង​នៅសល់ ៤​ខែ​ទៀត នៅសល់​តែ​៤​ខែ​ទៀត គឺ​បុណ្យ​ប្រឡង​បង្គ្រប់​តែម្ដង អីចឹង​គេ​ធ្វើ​នេះ គឺ​ដើម្បី​រារាំង​ខ្មែរ​យើង​ឲ្យ​ហើយ ។ ហើយ​គេ​ផ្ដល់​ទឹកប្រាក់​ហ្នឹង​ហ្អា៎ អ្នកមាន​ជ័យ​លាភី​ហ្នឹង​គេ​ផ្ដល់​ទឹកប្រាក់​ឲ្យ​ថោក​ដើម្បី​ឲ្យ​ខ្មែរ​របស់​យើង​ហ្នឹង​បាក់​ទឹកចិត្ត គ្មាន​កម្លាំងចិត្ត​ទៅ​ប្រឡង​នៅ​ថ្ងៃ​អកអំបុក​សំពះ​ព្រះ​ខែ​ទៀត ហ្នឹង​គេ​រារាំង​ក្បាល​ខ្មែរ​យើង​ឲ្យ​ហើយ ហ្នឹង​តាមតែ​ខួរក្បាល​ខ្ញុំ​គិត ខ្ញុំ​មើល​ឃើញ​ប៉ុណ្ណឹង»

 

ប្រធាន​គណៈកម្មការ​ទូ​កង​វត្ត​ព្រែកចេក ខេត្ត​ឃ្លាំង លោក ត្រាំ ឌាង ប្រាប់​ថា លោក​មិន​ចង់​ទៅ​ចូលរួម​ប្រណាំង​ទូក ដែល​រៀបចំ​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នេះ​ទេ តែ​បើ​មិន​ទៅ​ខ្លាច​អាជ្ញាធរ​វៀតណាម ចោទ​ថា ប្រឆាំង​គេ៖ «ទោះបី​យើង​ដឹង​ហើយ ថា​បុណ្យអុំទូក​នេះ ធ្វើឡើង​វា​ខុស​ប្រពៃណី ខុសរដូវ តើ​ឲ្យ​ធ្វើ​យ៉ាង​ម៉េច រដ្ឋ​គេ​អញ្ជើញ​ឲ្យ​ទៅ តម្រូវ​ឲ្យ​ទៅ យើង​ត្រូវតែ​ទៅ បើ​យើង​អត់​ទៅ​ថ្ងៃ​ណាមួយ គេ​ដាក់ទោស​យើង ចង់​ធ្វើបាប​យើង ដាក់ទោស​យើង​ច្រើនបែប ច្រើន​យ៉ាង​ណាស់ យើង​មិន​អាច​ប៉ាន់ស្មាន​ទេ​ណា ធ្វើទុក្ខបុកម្នេញ បើ​មិន​អ៊ីចឹង វា​អញ្ជើញ​ចុះ អញ្ជើញ​យើង ខាត​ពេល​វេលា​របស់​យើង»

ព្រះចៅអធិការ​វត្ត​កាដួក ខេត្ត​ក្រមួនស ព្រះនាម កៀង សម័យ ព្រះជន្ម​៧៥ វស្សា​មាន​ថេរដីកា​ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​ប្រណាំង​ទូក​របស់​ខ្មែរ​ក្រោម​ពេលនេះ ចង់​អស់​តម្លៃ​ហើយ ព្រោះ​អាជ្ញាធរ​វៀតណាម​តែងតែ​យក​ល្បែង​ទូក​នេះ​ទៅលេង​ជា​ល្បែងភ្នាល់ និង​ល្បែង​កម្សាន្ត ក្នុង​កម្មវិធី​បុណ្យជាតិ​ធំៗ​របស់​គេ។ ចំណែក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ក្រោម ដទៃ​ទៀត​វិញ ព្រះអង្គ​ថា ក៏​កំពុង​ត្រូវ​បាន​វៀតណាម​យក​ទៅ​ប្រែ​កាឡៃ​ដែរ៖ «រាល់ថ្ងៃ​ហ្នឹង អា​របាំ អា​ចម្រៀង​ហ្នឹង បទ​ភ្លេង​អី​ហ្នឹង គេ​បំភ្លៃ​បណ្ដើរៗ ហើយ​ហ្នឹង​ណា ឥឡូវ​ហ្នឹង​អា​របាំ​គោះត្រឡោក​ហ្នឹង នៅ​តាម​ភូមិ​ស្រុក​យើង​វា​ផ្សេង ប៉ុន្តែ អា​នៅ​ទូរទស្សន៍ អា​ផ្សាយ​ទៅ​អន្តរជាតិ​អី​ហ្នឹង វា​ទៅជា​របាំ​គោះត្រឡោក របស់​ជនជាតិ​ខ្មែរ​មើល ៗ អា​របាំ​គោះត្រឡោក​ហ្នឹង​មិនមែន​កូន​ខ្មែរ​ទេ អ៊ីចឹង​វា​ធ្វើ​ខ្វាក់ខ្វើចៗ ហើយ​វា​យក​ទៅ​ផ្សាយ​នៅ​ហ្នឹង យើង​ថា​រក​ខ្មែរ​ហ្នឹង​មាន​អ្នក​ណាមួយ​ឈានមុខ​តវ៉ា​អី ដើម្បី​សុំ​បំបាត់ អា​ហ្នឹង​ចោល​ទៅ គ្មាន»

ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​នៅ​ដែនដី​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃ ១៤ កើត​ដល់​ថ្ងៃ​១​រោច​ខែកត្តិក​ជា​រៀងរាល់​ឆ្នាំ។

ឯកសារ​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ទៅដល់​កងទ័ពជើងទឹក​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពញា​តាត​ជា​ស្ដេចត្រាញ់​នៅ​ស្រុក​បាសាក់​កម្ពុជា​ក្រោម ក្នុង​សម័យ​លង្វែក រាជ​ព្រះបាទ​អង្គ​ចន្ទ​ទី​១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។