អង្គការ​សិទ្ធិ​មនុស្ស​ច្រាក់​ (CHRAC)​ ហៅ​​​សំណុំ​​​រឿង​​​លោក កឹម សុខា ថា​​ជា​ជម្លោះ​នយោបាយមិន​​គួរ​​អូស​​បន្លាយ​​ពេ​ល​​យូរ

អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) ដែល​ជា​បណ្ដុំ​អង្គការ​ជាង ២០ ​ស្ថាប័ន ហៅ​សំណុំ​រឿង​លោក កឹម សុខា ថា​ជា​ជម្លោះ​នយោបាយ មិន​គួរ​អូស​បន្លាយ​ពេល​យូរ។

អង្គការ​នេះ​បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍កាល​ពី​នៅ​ថ្ងៃ​ទី​១៩ ខែមករា ក្រោយ​សវនាការ​លោក កឹម សុខា ដោយបង្ហាញ​ទស្សនៈ​ថា ករណី​កាត់​ទោស​លោក កឹម សុខា​ និង​អ្នក​នយោបាយ​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​នយោបាយ​ដែល​ចាំបាច់​ត្រូវការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ហើយ​ចាំបាច់​ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់ កុំ​ឲ្យ​អាប់អួ បែកបាក់ និង​បាត់បង់​ផល​ប្រយោជន៍​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ អង្គការ​ដដែល​យល់​ថា តាមរយៈ​ការ​ដោះស្រាយ​ដូច​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​កាន់​តែ​បាត់បង់​នូវ​ប្រសិទ្ធភាព ទំនុក​ចិត្ត និង​កេរ្តិ៍​ឈ្មោះ​ក្នុង​ស្រទាប់​ប្រជាជាតិ​ខ្មែរ​នៅ​ក្នុង​ឆាក​អន្តរជាតិ។

អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ថា គួរ​ទទួល​ថា​តុលាការ​ជា​ថ្នាំ​ព្យាបាល​ផ្លូវ​ចិត្ត ផ្ទុយ​ទៅ​វិញ​ប្រសិន​ជា​តុលាការ​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​បក្ខ​ពួក​ទៅ​វិញ វា​គឺ​ជា​ថ្នាំ​ពុល និង​ជា​ជំងឺ​មហារីក​ផ្លូវ​ចិត្ត​នៃ​សង្គម​ខ្មែរ​ដែល​ប៉ះពាល់​ផ្លូវ​ចិត្ត​ជា​យូរ​មក​ហើយ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

សេចក្ដី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ថា សេចក្ដី​សម្រេច​នយោបាយ​ណា​មួយ​គួរ​គិតគូរ​អំពី​ផលប្រយោជន៍​ដល់​គ្រប់​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា។ មេដឹកនាំ​នយោបាយ​ណា​ក៏​ដោយ​ត្រូវ​គោរព​សំឡេង​ឆ្នោត ​មិន​ត្រូវ​ប្រើ​អំណាច​បុគ្គល ឬ​បក្ស​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ម្ចាស់​ឆ្នោត​ ព្រោះ​វា​ជា​ការ​រំលោភ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខុស​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ជា​លទ្ធផល​សព្វថ្ងៃ​នេះ មាន​ការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន​ពិសេស​ដៃគូ​អន្តរជាតិ។

អង្គការ​នេះ​សង្ឃឹម​ថា មេដឹកនាំ​នយោបាយ​គួរ​ប្រញាប់​បញ្ចប់​ការ​ចោទ​ប្រកាន់ ការ​លាប​ពណ៌​គ្នា ឲ្យ​បាន​លឿន​ ងាក​មក​រួបរួម​គ្នា ធ្វើ​នយោបាយ​ដែល​ជា​នយោបាយ​​បង្រួបបង្រួម​​ជាតិ ផ្សះផ្សា​ជាតិ​ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ។ អង្គការ​នេះ ប្រកាស​គាំទ្រ​រាល់​សេចក្ដី​សម្រេច​ណាមួយ​ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​មាន​រដ្ឋធម្មនុញ្ញ​និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។