សកម្មជន​បរិស្ថាន​ជា​កូនភ្លោះ​ពីរ​នាក់​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​នគរបាល​ឃ្លាំមើល​ដល់​ផ្ទះ

ដោយ មាន ឫទ្ធិ
2019-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន ជុំ ហួត និង ជុំ ហួរ នៅថ្ងៃដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។
យុវជន ជុំ ហួត និង ជុំ ហួរ នៅថ្ងៃដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។
RFA

សកម្មជន​បរិស្ថាន​កូនភ្លោះ​ពីរ​នាក់ លោក ជុំ ហួត និង ជុំ ហួរ ព្រួយ​បារម្ភ​ពី​ការរស់នៅ សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន ដោយសារតែ​សមត្ថកិច្ច​បាន​ឃ្លាំមើល​ដល់​បន្ទប់​ជួល ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ឃ្លាំមើល និង​តាមដាន​របស់​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ ជា​ការ​គំរាមកំហែង​សេរីភាព​ពលរដ្ឋ ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ។

សកម្មជន​បរិស្ថាន លោក ជុំ ហួត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៧ កក្កដា​ថា សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន​ស៊ីវិល និង​ឯកសារ​នគរបាល ២​នាក់ បាន​ឃ្លាំមើល​ពួកគេ​ជាប់​ជាប្រចាំ ដល់​បន្ទប់​ជួល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច រស់នៅ​ប្រចាំថ្ងៃ។ លោក​ថា សមត្ថកិច្ច​ផ្ដើម​តាមដាន​ពួកគេ គ្រប់​សកម្មភាព នៅ​គ្រា​ដែល​ពួកគេ​ចេញមុខ ដាក់​ញត្តិ​ប្រឆាំង​ក្រុមហ៊ុន ទ្រី ភាព ដែល​ស្នើ​បូម​ខ្សាច់ ស្ដារ​ទន្លេ​មេគង្គ កាលពី​ប៉ុន្មាន​ខែ​មុន​។ លោក​បន្ថែម​ថា ថ្មីៗ​នេះ នគរបាល​ម្នាក់​បាន​មក​ថតរូប​លោក នៅ​ក្នុង​បន្ទប់​ជួល​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់៖ «ដោយសារ​ទី​១ មាន​ការ​ឃ្លាំមើល​ទៀត មិន​ថា​ទៅ​ណា​មក​ណា តែង​មាន​ការ​ឃ្លាំមើល និង​តាមដាន​។ ហេតុផល​ទី​២ ដោយសារ​តែ​មាន​គម្រោងការ​មួយ​តទល់​ជាមួយ ទ្រី ភាព​។ សកម្មភាព​តទល់​ជាមួយ ទ្រី ភាព តាមដាន​ខ្លាំង​មែនទែន​។ ដូច្នេះ​ប្អូន​សម្រេចចិត្ត​ប្ដូរ​ផ្ទះ ដើម្បី​ចៀសវាង​ការ​តាមដាន»

លោក ជុំ ហួត បន្ថែម​ថា គ្រួសារ​លោក​បាន​បង្ខំចិត្ត​ផ្លាស់ប្ដូរ​បន្ទប់​ជួល ៣​ដង​មក​ហើយ នៅ​រយៈពេល ៣ខែ​ចុង​ក្រោយនេះ។ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​រក​ឃើញ​ទីតាំង​ពួកគេ​ស្នាក់នៅ និង​បាន​ដាក់​កម្លាំង​ពង្រាយ​ដល់​បន្ទប់​ជួល​ចាំ​ប្រចាំ៖ «សមត្ថកិច្ច​ចូល​មុខ​បន្ទប់ ចូល​ក្នុង​ផ្ទះ បន្ទាប់​មក​គាត់​ចេញទៅ​វិញ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​ជិះ​ខាង​ឃើញ​ដែរ ឃើញ​ជាក់ស្ដែង​។ ករណី​ពេល​ដែល​ប្អូន​មក​នៅ មាន​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​សង្កាត់​ដែរ​ មក​ពីរ​ទៅ​បី​នាក់ មក​មុខ​ផ្ទះ រហូតដល់​ប្អូន​ធ្វើ​អ្វីខ្លះ រហូតដល់​អ្នក​ជិះ​ខាង​មិន​ហ៊ាន​ជជែក​ជាមួយ​ប្អូន​។ តាមដាន​ខ្លាំង​មែនទែន តាំងពី​ប្អូន​ចេញ​ពី​ខណ្ឌ»

កាលពី​ថ្ងៃទី១០ កក្កដា សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន លោក ជុំ ហួត និង ជុំ ហួរ និង​យុវជន សួង នាគព័ន្ធ នៅ​គ្រា​ដែល​ពួកគេ​ទិញ​កម្រង​ផ្អាក​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី នៅ​ស្ដារ​ម៉ាត នៃ​ស្ថានីយ​ប្រេងសាំង​កាល​តិច ជិត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។ ក្រោយ​មក សមត្ថកិច្ច​សម្រេច​ដោះលែង​បងប្អូន​ទាំងពីរ​មកវិញ បន្ទាប់ពី​ឃុំខ្លួន ៩​ម៉ោង និង​បង្ខំ​ឱ្យ​ផ្តិត​មេដៃ អនុវត្ត​លក្ខខណ្ឌ​ចំនួន ៣ ចំណុច ទី​១ ទទួល​ចម្លើយ​សារភាព ទី​២ បញ្ជាក់​ពី​សាវតា និង​ទី ៣ ឈប់​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល។

អាស៊ីសេរី​បាន​ទាក់ទង ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​អធិប្បាយ​ពី​មូលហេតុ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​ឃ្លាំមើល​សកម្មជន​បរិស្ថាន​ពីរ​រូប​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី១៧ កក្កដា។

មន្ត្រី​នាំ​ពាក្យ​សមាគម ​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច ជា​ការ​គំរាមកំហែង​ដល់​ស្មារតី​ក្រុម​សកម្មជន​បរិស្ថាន ដែល​លះបង់​ពេលវេលា ការពារ​ផល​ប្រយោជន៍​​សង្គមជាតិ។ លោក​ថា ការ​ឃ្លាំមើល និង​តាមដាន​ក្នុង​ន័យ​គំរាមកំហែង ជា​ការ​បំពាន​ខ្លឹមសារ​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ស៊ើបអង្កេត​រកមុខ​សមត្ថកិច្ច​ទាំង​នោះ​​ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៖ «សមត្ថកិច្ច​ឬក៏​អាជ្ញាធរ​ណា ដែល​ធ្វើ​ការ​យាយី ឬក៏​គំរាមកំហែង​ទៅលើ​សក​កម្ម​ភាព​របស់ យុវជន​ទាំងពីរ​រូប​នេះ យើង​ដឹង​ហើយ វា​ជា​ការ​រំលោភបំពាន​ទៅលើ​ផ្លូវច្បាប់​របស់​កម្ពុ​ជា​។ អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថ្នាក់លើ គួរតែ​ពិនិត្យ​បញ្ហា​ទាំង​ហ្នឹង ហើយ​បើ​រក​ឃើញ​ថា សមត្ថកិច្ច​រូប​ណា ដែល​គំរាមកំហែង និង​យាយី​នេះ គួរតែ​មាន​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»

ទោះ​យ៉ាងណា សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នេះ​ប្តេជ្ថា​ថា នឹង​បន្ត​សកម្មភាព​កិច្ចការ​ឃ្លាំមើល​បរិស្ថាន​ទន្លេ​មេគង្គ និង​ចូលរួម​តវ៉ា ក្នុង​បំណង​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង យុវជន សួង នាគព័ន្ធ និង​យុវជន គង់ រ៉ៃយ៉ា ដោយ​ឥត​លក្ខខណ្ឌ បើ​ទោះ​បី​ជា​ទទួល​រង​ការ​គំរាមកំហែង​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល